ប្រធានាធិបតីបារាំងលោក Emmanuel Macron កាលពីថ្ងៃចន្ទបានប្រកាសវិធានការហិរញ្ញវត្ថុជាបន្តបន្ទាប់ដើម្បីស្វែងរកការបន្ធូរបន្ថយនៃការបះបោរ “អាវកាក់ពណ៌លឿង” ដែលបានបង្កអោយមានការតវ៉ាដោយហិង្សានៅក្នុងទីក្រុងនានាទូទាំងប្រទេស។
នៅក្នុងសុន្ទរកថាចាក់ផ្សាយតាមទូរទស្សន៍រយៈពេល១៥នាទីពីវិមាន Elysee, លោកប្រធានាធិបតីបានប្រាប់ជនរួមជាតិថា “ខ្ញុំទទួលយកការទទួលខុសត្រូវរបស់ខ្ញុំចំពោះវិបត្តិនេះ”។
អតីតធនាគារិកវិនិយោគរូបនេះបានទទួលរងការវាយប្រហារខ្លាំងជាងធម្មតានៅពេលដែលគាត់ព្យាយាមដោះស្រាយការរិះគន់អំពីរចនាប័ទ្មនៃភាពជាអ្នកដឹកនាំរបស់គាត់។
គាត់បាននិយាយថា “ខ្ញុំដឹងថា ខ្ញុំបានធ្វើអោយអ្នកខ្លះឈឺចាប់ដោយសារតែសេចក្តីថ្លែងការណ៍របស់ខ្ញុំ”។
ទោះបីជាយ៉ាងណាក៏ដោយ លោក Macron បានសង្កត់ធ្ងន់ថា ការតវ៉ាដោយប្រជាជនភាគច្រើនដែលមានប្រាក់ចំណូលទាបនៅតាមទីក្រុងតូចៗឬជនបទនៃប្រទេសបារាំងគឺដោយសារតែបញ្ហាយូរអង្វែង។
គាត់បាននិយាយថា “ទុក្ខវេទនារបស់ពួកគេមិនមែនទើបតែមានកាលពីម្សិលមិញនោះទេ។ នេះគឺជាទុក្ខវេទនាអស់រយៈពេល៤០ឆ្នាំមកហើយ”។
ក្
នុងចំណោមវិធានការដែលលោក Macron បានប្រកាសគឺការតម្លើងប្រាក់ឈ្នួលប្រចាំខែអប្បបរមា១០០អឺរ៉ូ (១១៣ដុល្លារ) គិតចាប់ពីឆ្នាំក្រោយទៅ។
ប្រាក់ឈ្នួលអប្បបរមាត្រូវបានកំណត់នៅ១,៤៩៨អឺរ៉ូក្នុងមួយខែមុនបង់ពន្ធក្នុងឆ្នាំ២០១៨និង ១,១៨៥អឺរ៉ូបន្ទាប់ពីបង់ពន្ធរួច។
រដ្ឋាភិបាលរបស់លោក Macron ធ្លាប់បានលើកឡើងថា ការដំឡើងប្រាក់ឈ្នួលអប្បបរមាណាមួយនឹងបំផ្លាញការងារជាជាងបង្កើតអោយមានការងារថ្មី។
ប៉ុន្តែការតវ៉ានៅទីក្រុងប៉ារីសនិងទីក្រុងផ្សេងៗទៀតគឺជាបញ្ហាប្រឈមដ៏ធំបំផុតសម្រាប់លោក Macron ចាប់តាំងពីគាត់ឡើងកាន់អំណាចក្នុងខែឧសភាឆ្នាំ២០១៧ជាមួយការសន្យាថានឹងធ្វើអោយសេដ្ឋកិច្ចមានភាពរស់រវើកឡើងវិញ។
បុរសវ័យ៤០ឆ្នាំរូបនេះក៏បានប្រកាសផងដែរថា លោកនឹងបន្ថយការតម្លើងពន្ធលើប្រាក់សោធននិវត្តន៍ដែលត្រូវបានណែនាំដោយរដ្ឋាភិបាលរបស់លោក។
ហើយលោកបានអំពាវនាវដល់គ្រប់អាជីវកម្មទាំងអស់ដែលអាចមានលទ្ធភាពដើម្បីផ្តល់អោយបុគ្គលិកនូវ “ប្រាក់រង្វាន់ចុងឆ្នាំ” តែមួយគត់ដែលនឹងមិនតម្រូវអោយបង់ពន្ធឡើយ៕ AFP
Source: Kampuchea Thmey Daily
0 Comments