Ad Code

លោក​យាយ​អាយុ​៧៨​ឆ្នាំ ទុកចិត្ត​ប្អូន​បង្កើត​ និង​ក្មួយ​ដូច​ឲ្យ​មក​បោក​លុយ​អស់​១០​ម៉ឺន​ដុល្លារ



សៀមរាប ​៖ ​លោកយាយ​អាយុ​៧៨​ឆ្នាំ និង​ជា ស្ត្រី​មេម៉ាយ អត់​មានកូន បាន​រៀបរាប់​ប្រាប់​អ្នកកាសែត ពី​ទុក្ខ​កង្វល់​របស់គាត់ កាលពី​ថ្ងៃទី​០១​ខែធ្នូ ឆ្នាំ​២០១៨ នេះ​ថា កាលពី​៤​ឆ្នាំមុន ឈ្មោះ​ថៃ វត្ត​លី ជា​ប្អូនស្រី​បង្កើត និង​បាន​ទុកចិត្ត​ជាងគេ ពេលនោះ​គាត់​បាន​លក់​ផ្ទះ​ពី​ភ្នំពេញ​បាន​លុយ​ចំនួន​១២​ម៉ឺន​ដុល្លារ គាត់​ចែក​ឲ្យ​ចៅ​អស់​២​ម៉ឺន​ដុល្លារ​នៅសល់​១០​ម៉ឺន​ដុល្លារ ហើយ ឈ្មោះ​ថៃ វត្ត​លី ជា​ប្អូន​បាន​លួងលោម​ឲ្យ​គាត់​ដាក់​លុយ​ទាំងអស់​ចូល​ក្នុង​កុង​ធនាគារ របស់​ថៃ វត្ត​លី ដើម្បី​ងាយស្រួល​ក្នុង​ការ​ដក​លុយ​យក​មក​ចាយវាយ ព្រោះ​គាត់​ចាស់​ហើយ​មិន​ចេះ។

ពេលនោះ​គាត់​ក៏​ត្រឡប់មក​នៅផ្ទះ​ដែល​គាត់​ឲ្យ​លុយ​ធ្វើ​ពីមុន​ស្ថិតនៅ​ភូមិ​តា​អោក ឃុំ​ឈូក ស្រុក​ប្រាសាទ​សំបូរ​ព្រៃគុហ៍ ខេត្តកំពង់ធំ ក្នុងពេល​ទៅ​រស់​នៅបាន​រយៈពេល​២​ទៅ​៣​ឆ្នាំ​។ ​គ្រានោះ​ប្អូន ឈ្មោះ​ថៃ វត្ត​លី បាន​លួងលោម ឲ្យ​គាត់​ទិញ​ដី​ធ្វើ​ផ្ទះ ​ទិញ​ម៉ូតូ​និង​ឡាន​ចំនួន​២​គ្រឿង ដាក់ឈ្មោះ​ថៃ វត្ត​លី ទាំងអស់​ហើយក៏​អស់​លុយ​នោះដែរ ពេល​គាត់​សួររក​លុយ ប្អូន​ឆ្លើយថា របស់របរ​ទាំងអស់​ជា​រប​ស់វា​(​ប្អូនស្រី​)​ គាត់​គ្មាន​នៅសល់​អី​ទេ​។​ ពេលនោះ​គាត់​ដឹងថា ប្អូន បោក គាត់​ក៏​ទៅប្តឹង​នៅ​តុលាការខេត្ត​កំពង់ធំ ។​តែ​ឈ្មោះ​ថៃ វត្ត​លី និង​កូន​ឈ្មោះ​ហ៊ាង ឡៃ​ស៊ីម ជា​គ្រូបង្រៀន​នៅ​​​សាលា​កំពង់​ឈើទាល បាននាំគ្នា​រត់គេចខ្លួន​មិន​ចូលមក​ដោះស្រាយ រយៈពេល​ជាង​១​ខែ​។

​ស្ត្រី​វ័យ​ចំណាស់​បន្តថា ឡាន​ទី​១​ម៉ាក​ហាយ​ឡែ​ន​ឌើ ឈ្មោះ​ថៃ វត្ត​ហ៍ ជា​បងស្រី​បាន​សុំ​យក​ឡាន​ទៅ​លក់​រយៈពេល​៧​ខែ ហើយ​ពេល​យក​កាត​គ្រី​ឯកសារ​ឲ្យ​អ្នកទិញ​អស់ តែ​គាត់​មិនបាន​កាត់ឈ្មោះ​ពី​ប្អូន​ទេ​។​ទើប​ឥឡូវនេះ​ឈ្មោះ​ថៃ វត្ត​លី បាន​ប្តឹង​នៅ​ក្រសួងមហាផ្ទៃ បក​មកវិញ​ថា​ឈ្មោះ ឈ្មោះ​វត្ត​ហ៍ (​បងស្រី​)​អាយុ​៧៨​ឆ្នាំ​ជា​អ្នក​លួច​ឡាន​យកទៅលក់​ទៅវិញ​។​ករណីនេះ​លោកយាយ​វត្ត​ហ៍ បាន​សំណូមពរ​ឲ្យ​សមត្ថកិច្ច​និង​ស្ថាប័ន​តុលាការ​មេត្តាជួយ​រក​យុត្តិធម៌​ឲ្យ​គាត់​ផង​។​

លោកយាយ​បន្ត​ថា បើ​ប្អូន​ចង់​ដោះស្រាយ​គ្នា ​មិនត្រូវ​រត់គេចខ្លួន​បែប​ហ្នឹង​ទេ គឺ​ត្រូវ​ចូលខ្លួន​ទៅ​តុលាការ​ខេត្ត​កំពង់ធំ ដើម្បី​ដោះស្រាយ​គ្នា​ទៅ​។​

លោកយាយ​សំណូមពរ​ឲ្យ​បងប្អូន​ណា​បាន​ឃើញ​ភិនភាគ​ជន​ខាងលើ ​មេត្តា​ផ្តល់ដំណឹង​ឲ្យ​គាត់​ដោយ​ក្តី​អនុគ្រោះ​ផង​។​ ពាក់ព័ន្ធ​ករណី​ខាងលើ​នេះដែរ ភាគី​ដែល​រង​ការចោទប្រកាន់​មិនអាច​ទាក់ទង​សុំ​ការពន្យល់​បានទេ​នៅ​រសៀល​ថ្ងៃទី​០១ ​ខែធ្នូ ឆ្នាំ​២០១៨​នេះ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu