បន្ទាយមានជ័យ ៖ បងថ្លៃ និងប្អូនថ្លៃ គ្រាន់តែទំនាស់ពាក្យសម្ដីបន្តិចបន្តួចសោះ យកដំបងវាយគ្នារបួសទាំងសងខាង និងដេកពេទ្យទាំង២នាក់ កាលពីវេលាម៉ោង៩ និង៥នាទីយប់ ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៨ នៅភូមិអូរវែងត្បូង ឃុំតាបែន ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។
នគរបាលមូលដ្ឋានស្រុកស្វាយចេកបានប្រាប់អ្នកយកព័ត៌មានឲ្យដឹងថា ជនរងគ្រោះទាំង២នាក់ ១មានឈ្មោះ ចាន់ បញ្ញា ភេទប្រុស អាយុ២៨ឆ្នាំ ជាបងថ្លៃ និងម្នាក់ទៀតមានឈ្មោះ លី សាលាភ ភេទប្រុស អាយុ៣០ឆ្នាំ ជាប្អូនថ្លៃ ទាំង២នាក់នៅផ្ទះជាមួយគ្នា នៅភូមិអូរវែងត្បូង ឃុំតាបែន ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។
នគរបាលមូលដ្ឋានបានបញ្ជាក់ឲ្យដឹងទៀតថា តាមការរៀបរាប់របស់ឈ្មោះ ចាន់ សុជាតា ត្រូវជាប្រពន្ធរបស់ឈ្មោះ លី សាលាភ បាននិយាយថា នៅមុនថ្ងៃកើតហេតុ នៅយប់ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៨នោះ ឈ្មោះ បញ្ញា ត្រូវជាបងរបស់ខ្លួន មកពីដើរលេង បានទាញទ្វារចូលដេក ប៉ុន្តែរបូតគន្លឹះទ្វារចូលមិនកើត ក៏បានវាយស័ង្កសីចូល និងបានបន្តទៅដើរលេងទៀត។ លុះដល់យប់ឈ្មោះ បញ្ញា ពេលមកពីដើរលេងបន្ត ដោយចូលផ្ទះមិនបាន ខឹងយ៉ាងខ្លាំងក៏យកម៉ែត្រឈើ ដែលមានប្រវែងប្រមាណជា១ម៉ែត្រជាង វាយស័ង្កសីទៀត បណ្តាលឲ្យខូចខាតខ្ទេច ដោយអត់ទ្រាំមិនបាននឹងប្តីរបស់ខ្លួន ទើបឈ្មោះ លី សាលាភ បានចេញពីបន្ទប់ដេក ហើយកាន់ដំបងឈើទំហំប៉ុនកដៃ ប្រវែងប្រមាណជា១ម៉ែត្រ រួចនិយាយថា អានេះថាមិនស្តាប់អញវាយវាម្ដងមើល ក្រោយពីនិយាយរួចក៏ស្ទុះទៅវាយបងរបស់ខ្លួន ឈ្មោះ បញ្ញា បែកក្បាលចំនួន២កន្លែងលើក្បាលខាងស្ដាំដេរចំនួន៧ថ្នេរ និងលើក្បាលខាងឆ្វេងចំនួន៥ថ្នេរបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកស្វាយចេក។ ពេលនោះឈ្មោះបញ្ញាបានវាយតបវិញបណ្តាលឲ្យប្តីរបស់ខ្លួនបែកលើក្បាលខាងស្ដាំ និងដាច់សរសៃដៃខាងឆ្វេង បានបញ្ជូនទៅព្យាបាលនៅពេទ្យបង្អែកកម្ពុជា ជប៉ុន ខេត្តនៅស្រុកមង្គលបូរី។
នគរបាលបានបញ្ជាក់ឲ្យដឹងទៀតថា ឈ្មោះ បញ្ញានេះ មានសតិមិនសូវល្អ ដោយសារពីមុនធ្លាប់ប្រើប្រាស់ថ្នាំញៀននៅស្រុកថៃ ហើយពេលត្រឡប់មកស្រុកវិញ ដើរតែផឹកមិនធ្វើការងារទេ។ លោកវរសេនីយ៍ឯក ជា ស្លូញ អធិការនគរបាលស្រុកស្វាយចេក បានបញ្ជាក់ថា ដោយសារករណីនេះ ជាអំពើហិង្សាដោយសហព័ទ្ធ រវាងបងថ្លៃ និងប្អូនថ្លៃ និងពុំមានការប្ដឹងផ្តល់គ្នា សមត្ថកិច្ចពុំមានការចាប់ឃាត់ខ្លួនអ្នកណានោះឡើយ៕
Source: Kampuchea Thmey Daily
0 Comments