ការប្រកួតប្រដាល់ដណ្តើមជើងឯកពានរង្វាន់TV5 Boxing Knock Out Series by K.Cement ទម្ងន់៥៧គីឡូក្រាមលើសង្វៀនTV5 ព្រែកកំពឹស នៅយប់ថ្ងៃសៅរ៍ទី០៨ ខែធ្នូ ឆ្នាំ២០១៨នេះ ជាការប្រកួតលើកទី៧ ក្នុងជម្រុះជុំទី១ ដែលមានអ្នកប្រដាល់៤រូប ដើម្បីប្រជែងយកកៅអីសម្រាប់ជុំទី២បន្តទៀត។
សម្រាប់ការប្រកួតជម្រុះលើកទី៧នេះ ប្រជុំដោយអ្នកប្រដាល់ជើងជើងចាស់និងជើងថ្មី គឺរិទ្ធ ប្រាក់ប៊ិន អ្នកប្រដាល់ក្លិបកងពលតូចលេខ៧០ នឹងជួបប្រកួតជាមួយគួន ប៊ុនហ៊ីម អ្នកប្រដាល់ក្លិបពន្លឺសាមគ្គីខេត្តបាត់ដំបង។
រវាងរិទ្ធ ប្រាក់ប៊ិន និង គួន ប៊ុនហ៊ីម នេះ ពួកគេមិនធ្លាប់ជួបគ្នាទេពីមុនមក ។ ដូច្នេះសម្រាប់ការជួបគ្នារវាងរិទ្ធ ប្រាក់ប៊ិន និង គួន ប៊ុនហ៊ីម នេះ តាមក្រុមអ្នកវិភាគប្រដាល់អះអាងនោះថា រិទ្ធ ប្រាក់ប៊ិន ទំនងជាមិនឈ្នះគួន ប៊ុនហ៊ីម នោះឡើយ ។ ព្រោះគួនប៊ុនហ៊ីម វាយបុកខ្លាំងនិងមានផ្លែល្អជាងប្រាក់ប៊ិន។ ចាំមើល តើគួន ប៊ុនហ៊ីម អាចយកឈ្នះរិទ្ធ ប្រាក់ប៊ិន បានដែរឬអត់ ? ។
ការប្រកួតក្នុងជុំទី១នេះ ប្រកួតតែបីទឹកទេ ហើយអ្នកដែលឈ្នះបានឡើង និងអ្នកដែលចាញ់ត្រូវជ្រុះធ្លាក់ត្រឹមនេះ ។
ចំពោះការប្រកួតមួយគូទៀតនោះ ជាការជួបគ្នារវាងអេលីត ប៊ុនសិទ្ធ អ្នកប្រដាល់ក្លិបឆ្មាសសែនសុខគុនខ្មែរ និង ម៉ៃ សុភ័ក្រ អ្នកប្រដាល់ក្លិបស្វាយរលំ ។ពួកគេទាំងពីរនាក់នេះ ជាអ្នកប្រដាល់ជើងថ្មីដូចគ្នា ហើយពួកគេក៏មិនធ្លាប់ដែលប៉ះគ្នាដែរកន្លងមក ។
សម្រាប់ការជួបគ្នាលើកនេះ មិនដឹងថានរណា ជាអ្នកមានសំណាងបានឡើងទៅប្រកួតបន្តទៀតនោះទេ ? តែយ៉ាងណា អេលីត ប៊ុនសិទ្ធ គេមានក្បាច់គុនល្អជាងនិងស៊ូជាង ម៉ៃ សុភ័ក្រ ។ ប៉ុន្តែអេលីត ប៊ុនសិទ្ធ ក៏មិនអាចធ្វេសប្រហែសឬមើលស្រាលម៉ៃ សុភ័ក្រ បានដែរ ព្រោះម៉ៃ សុភ័ក្រនេះ គេក៏វាយខ្លាំងនិងល្អដែរ ហើយណាមួយគេក៏មានកម្លាំងស៊ុហ្វរឹងមាំដែរ ។ និយាយរួមពីរនាក់នេះ គឺត្រូវមានការប្រយ័ត្នរៀងៗខ្លួន។
យ៉ាងណា ការប្រកួតរវាងអ្នកប្រដាល់ទាំងពីរ ទោះជាអ្នកណាឈ្នះ ក៏ឈ្នះដោយវេទនាដែរ។ ចាំមើល រវាងអេលីត ប៊ុនសិទ្ធ និង ម៉ៃ សុភ័ក្រ តើនរណានឹងខ្ទាតចេញពីការប្រកួត នេះ ? ។
ព្រឹត្តិការណ៍ប្រកួតដណ្តើមជើងឯកពានរង្វាន់TV5 Boxing Knock Out Series by K. Cementទម្ងន់៥៧គីឡូក្រាមនេះ មានអ្នកប្រដាល់ចំនួន ៣២ នាក់ចូលរួម ហើយចែកចេញជា ៤ជុំ និងមានរូបមន្តប្រកួត គឺជុំទី១ជាការប្រកួតជម្រុះក្នុងចំណោម៣២នាក់ ទុកតែ១៦នាក់ ។ ជុំទី២ ជាការជម្រុះក្នុងចំណោម១៦នាក់ ទុក៨នាក់ ហើយជុំទី៣គឺជម្រុះក្នុង៨នាក់ទុក៤នាក់ និងជុំទី៤ ជាការប្រកួតដំណាក់កាលផ្តាច់ព្រ័ត្រ គឺពាក់កណ្តាលផ្តាច់ព្រ័ត្រនិងផ្តាច់ព្រ័ត្រ ។
គួរបញ្ជាក់ថា ក្នុងការប្រកួតចម្រាញ់៦លើកកន្លងមកនេះ គេរកឃើញអ្នកប្រដាល់ខ្លាំងបានចំនួន១២រូបហើយ គឺ ឆាយ មាស ក្លិបសំរោងកោងខេត្តបាត់ដំបង, បឺត សង្ឃឹម ក្លិបរ៉ាហាប់ស្វាយប៉ាក , អេ រដ្ឋា ក្លិបអេភូថងកីឡា ,វ៉ាន់ វឿនក្លិបឃ្លាំងមឿងកីឡាខេត្តពោធិសាត់, សៀវ ង៉ុយ ក្លិបកងពលធំអន្តរាគមន៍លេខ២ , សេក គឹមសាន្ត ក្លិបអង្គរមានជ័យខេត្តសៀមរាប , ធន់ អៀងឡៃ សមាគមកីឡាប្រដាល់ក្រសួងការពារជាតិ ,យុគ យក្សផ្លែ ក្លិបបូរីរាជសីហ៍មានរិទ្ធ , សេន កុសល ក្លិបមោងឫស្សីមរតកគុនខ្មែរ ,រឿន សុខលី ក្លិបការិយាល័យទី៥ កងទ័ពជើងគោក និង ម៉ន សាម៉េត ក្លិបកងចក្ររាជសីហ៍មានរិទ្ធ ។
ចំពោះការប្រកួតជាលក្ខណះមិត្តភាពអន្តរជាតិវិញ ពុទ្ធ ឆាយរិទ្ធី អ្នកប្រដាល់ក្លិបពុទ្ធសេរីវង្សកីឡា ត្រូវគេផ្គូអោយជួបប្រកួតជាមួយអ្នកប្រដាល់ថៃ Kun Lek ។ ពីរនាក់នេះ ជួប គ្នាក្នុងប្រភេទទម្ងន់៦៧គីឡូក្រាម ។
រវាងពុទ្ធ ឆាយរិទ្ធី និង Kun Lek នេះ បើតាមលោកថៃ អ៊ូ អ្នកដឹកនាំកីឡាករមកប្រកួតអោយដឹងនោះថា អ្នកប្រដាល់ថៃរូបនេះ គេជាជើងខ្លាំងនៅស្រុកថៃ តែមិនដែលមកប្រកួតនៅស្រុកខ្មែរនោះទេ ។ លោក ថៃ អ៊ូ អះអាងថា យ៉ាងណា Kun Lek នេះ វាយល្អនិងខ្លាំង ។
ពុទ្ធ ឆាយរិទ្ធី គេក៏ល្អនិងខ្លាំងដែរ ។ ដូច្នេះ ចាំមើលរវាងពុទ្ធ ឆាយរិទ្ធីនិង Kun Lek នេះ តើនរណាជាអ្នកឈ្នះនៅក្នុងការជួបគ្នាលើកដំបូងនេះ? ៕
Source: Kampuchea Thmey Daily
0 Comments