ប្រដាល់ ៖ អ្នកប្រដាល់ ម៉ន សាម៉េត ក្លិបកងចក្ររាជសីហ៍មានរិទ្ធ បានវាយឈ្នះអ្នកប្រដាល់ ឯម សុធី ក្លិបថ្មគោលពោធិ៍សែនជ័យដោយពិន្ទុ ក្នុងការប្រកួតជម្រុះជុំដំបូង នៃការប្រកួតជម្រុះពានរង្វាន់Kn ock Out series by K.cement ទម្ងន់៥៧គីឡូក្រាម កាលពីយប់ថ្ងៃសៅរ៍ ទី០១ ខែធ្នូ ឆ្នាំ២០១៨ លើសង្វៀន TV5 ព្រែកកំពឹស។
ឯម សុធី គេវាយចាញ់ ម៉ន សាម៉េត ដាច់តែម្ដង ពោលគឺស្ទើរគ្រប់ទឹកទាំង៣ ឯម សុធី ចាញ់ប្រៀបសាម៉េត ទាំងអស់។ តែយ៉ាងណា ដោយសារ ឯម សុធី ក្នុងនាមជាអ្នកប្រដាល់ជើងខ្លាំងមួយរូប ដែរនោះ ក៏ វាយសងទៅលើ ម៉ន សាម៉េត ខ្លះៗវិញដែរ។
គួរបញ្ជាក់ថា ការប្រកួតជម្រុះក្នុងដំណាក់ទី១នេះ គឺប្រកួតបីទឹក ក្នុងមួយទឹកមាន៣នាទី សម្រាក២នាទី អ្នកដែលចាញ់ គឺត្រូវជ្រុះធ្លាក់ហាលអាវហើយ។
ដូច្នេះ ឯម សុធី គេត្រូវជ្រុះធ្លាក់ចេញពីការប្រកួតជម្រុះពានរង្វាន់ Knock Out series by K.cement ទម្ងន់៥៧គីឡូក្រាម ត្រឹមជុំទី១នេះ។ ឯ ម៉ន សាម៉េត គេនឹងត្រូវនៅបន្តការប្រកួតក្នុងជុំទី២ទៀត។
ចំពោះគូប្រកួតក្នុងព្រឹត្តិការណ៍នេះដែរ រឿន សុខលី អ្នកប្រដាល់ក្លិបការិយាល័យទី៥ កងទ័ពជើងគោក ដែលត្រូវប្រកួតជាមួយ គុជសា ចាន់រាជ ក្លិបកុសលកីឡានោះ បានឈ្នះដោយស្វ័យប្រវត្តិ ដោយសារតែ គុជសា ចាន់រាជ រក្សាទម្ងន់៥៧គីឡូក្រាមពុំបាន ពោលគឺលើសទម្ងន់ ដែលត្រូវចាញ់ដោយស្វ័យប្រវត្តិតែម្ដង។
ជាមួយនឹងការចាញ់ក្នុងពានរង្វាន់នេះហើយ គុជសា ចាន់រាជ ត្រូវប្រកួតជាលក្ខណៈមិត្តភាពជាមួយរឿន សុខលី ដដែល ប៉ុន្តែលទ្ធផល គឺមិនគិតក្នុងការប្រកួតពានរង្វាន់នោះឡើយ បានន័យថាក្នុងពានរង្វាន់គឺ រឿន សុខលី គេឈ្នះដោយស្វ័យប្រវត្តិហើយ។ ជាលទ្ធផលក្នុងការប្រកួតមិត្តភាពនេះ គុជសា ចាន់រាជ ឈ្នះរឿន សុខលី ដោយពិន្ទុ។
ពេលនេះមានអ្នកប្រដាល់១២រូបហើយ ដែលខ្ទាតចេញពីការប្រកួត ហើយក៏មាន១២រូបដែរ ដែលបានកក់កៅអីសម្រាប់ការប្រកួតជម្រុះនៅជុំទី២បន្តទៀត។
ចំពោះគូប្រកួតជាមិត្តភាពអន្តរជាតិវិញនោះ វៀត ប៊ុនឌឿន សមាគមកីឡាប្រដាល់ក្រសួងការពារជាតិ បានផ្ដួលអ្នកប្រដាល់ថៃ ផាត ខាវ(Phat Khao) ឲ្យសន្លប់នៅទឹកទី២។
ប៊ុន ឌឿន បានប្រើកណ្ដាប់ដៃវាយយ៉ាងមានប្រសិទ្ធភាព ធ្វើឲ្យអ្នកប្រដាល់រូបនេះ ត្រូវអាជ្ញាកណ្ដាលរាប់មុនពេលគេដួលសន្លប់។ កណ្ដាប់ដៃរបស់ វៀត ប៊ុនឌៀន ខ្លាំង ហើយធ្ងន់ ដាល់ចំ ផាត ខាវ តែមួយដៃប៉ុណ្ណោះ ធ្វើឲ្យអ្នកប្រដាល់ថៃរូបនេះ ដួលក្រោកលែងរួចតែម្ដង។
ការប្រកួតរវាងអ្នកប្រដាល់រួមជាតិវិញនោះ ឡុង ណងសាវ អ្នកប្រដាល់ក្លិបសាលវ័ន្ដកីឡាប្រកួតស្មើពិន្ទុជាមួយអ្នកប្រដាល់ អេ ហនុមាន ក្លិបអេភូថងកីឡា៕
Source: Kampuchea Thmey Daily
0 Comments