សៀមរាប ៖ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ប្រមាណ១០.៥០០នាក់ មកពី៧៥ប្រទេស បាននាំគ្នារត់ប្រណាំង ពាក់កណ្ដាលម៉ារ៉ាតុង នៅខាងមុខប្រាសាទអង្គរវត្ត ខេត្តសៀមរាប កាលពីព្រឹកថ្ងៃទី២ខែធ្នូ ឆ្នាំ២០១៨នេះ ដើម្បីលើកកម្ពស់សុខភាព និងដើម្បីអបអរទិវារត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុង លើកទី២៣ នៅអង្គរវត្ត ឆ្នាំ២០១៨នេះ។
ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុង អង្គរ លើកទី២៣ នៅមុខប្រាសាទអង្គរនេះ មានកីឡាករ-កីឡាការិនីជាតិ និងអន្តរជាតិសរុប១០,៥០០នាក់ចូលរួម។
ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុងអង្គរនេះ មាន៣វិញ្ញាសា ត្រូវរត់រួមមាន រត់ចម្ងាយ ២១គីឡូម៉ែត្រ, ១០គីឡូម៉ែត្រ និងរត់លក្ខណៈគ្រួសារចម្ងាយ៣គីឡូម៉ែត្រ។ គោលបំណងសំខាន់ៗ នៃការរៀបចំព្រឹត្តិការណ៍កីឡា និងទេសចរណ៍នេះ គឺដើម្បីផ្សព្វផ្សាយពីតំបន់ទេសចរណ៍ជាប្រវត្តិសាស្ត្ររបស់កម្ពុជា ហើយក៏ផ្សារភ្ជាប់នឹងការងារសង្គមផងដែរ ដោយថវិកាទទួលបានពីការរៀបចំ នឹងត្រូវបរិច្ចាគជួយដល់មន្ទីរពេទ្យកុមារ កាកបាទក្រហមកម្ពុជា កុមារកំព្រា និងជនពិការដោយគ្រាប់មីនផងដែរ។
លោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានថ្លែងថា «ឆ្នាំនេះ គណៈកម្មការរៀបចំការប្រកួតទទួលបានអ្នកចូលរួមរត់សរុបចំនួន ១០,៥០០នាក់ ដែលមានការកើន១៥% ធៀបនឹងឆ្នាំ២០១៧ ក្នុងនោះមានបរទេសចំនួន៥,២០០នាក់ មកពី៧៨ប្រទេស កើន២០% ធៀបនឹង ឆ្នាំ២០១៧ ជនជាតិអង់គ្លេស ស្ថិតក្នុងចំណាត់ថ្នាក់លេខ១, លេខ ២ អាមេរិក, លេខ៣ បារាំង, លេខ៤ ជប៉ុន, លេខ៥ អូស្ត្រាលី និងកម្ពុជាចំនួន ៥,៣០០នាក់»។
លោករដ្ឋមន្ត្រី បានថ្លែងនូវការសូមស្វាគមន៍យ៉ាងកក់ក្ដៅ ចំពោះវត្តមានដ៏ច្រើនកុះកររបស់កីឡាករ កីឡាការិនីជាតិ-អន្តរជាតិ ដែលចូលរួមក្នុងព្រឹត្តិការណ៍អន្តរជាតិនេះ ហើយឯកឧត្ដមបានស្នើកីឡាករ-ការិនីជាតិ និងអន្តរជាតិ ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ គោរពបទបញ្ជាបច្ចេកទេស ដើម្បីជៀសវាងគ្រោះថ្នាក់ជាយថាហេតុ និងសូមជួយថែរក្សាភាពស្អាត ភាពបៃតង និងចូលរួមការពារសម្បត្តិបេតិកភណ្ឌពិភពលោក នៃចក្រភពអង្គរផងដែរ។
ឯកឧត្ដមបានបញ្ជាក់ថា ការកើនឡើងចំនួនអ្នករត់ ទាំងភ្ញៀវជាតិ និងអន្តរជាតិពេលនេះ ដោយសារកម្ពុជា មានសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍន៍ទូទាំងប្រទេស ពិសេស ការគាំទ្ររបស់រាជរដ្ឋាភិបាលកម្ពុជា ទើបធ្វើឲ្យព្រឹត្តិការណ៍លក្ខណៈអន្តរជាតិធំៗ ទទួលបានការទាក់ទាញ និងការចូលរួមកាន់តែច្រើន ពីភ្ញៀវបរទេសនៅលើពិភពលោក។
ដូច្នេះឯកឧត្ដមសង្ឃឹមថា ភ្ញៀវបរទេសទាំងអស់ នឹងវិលត្រឡប់មកចូលរួមទិវារត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុងអង្គរ លើកទី២៤ ជាថ្មីទៀត នាថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៩៕
Source: Kampuchea Thmey Daily
0 Comments