ប្រដាល់ ៖ មាជ សុខរ៉ា អ្នកប្រដាល់ក្លិបតាព្រហ្មមានជ័យ បានក្លាយជាម្ចាស់ជើងឯកខ្សែក្រវាត់Wurkz រដូវកាលទី២ ទម្ងន់៦៧គីឡូក្រាម បន្ទាប់ពីបានផ្ដួលយកឈ្នះ Keng Kat អ្នកប្រដាល់ ថៃ នៅក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត្រ កាលពីល្ងាចថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៨ នៅលើសង្វៀន SEA-TVនោះ។
ព្រឹត្តិការណ៍ប្រកួតដណ្ដើមខ្សែក្រវាត់ Wurkz រដូវកាលទី២ ទម្ងន់៦៧គីឡូក្រាមនេះ បានចាប់ផ្ដើមតាំងពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៨មក ដោយប្រកួតវិលជុំជម្រុះរវាងពូលខ្មែរ៤រូប និងពូលថៃ៤រូប ជម្រុះនៅសល់២នាក់ មកជួបប្រកួតគ្នាក្នុងវគ្គផ្ដាច់ព្រ័ត្រ ដែលបានបញ្ចប់នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៨នេះ។
មាជ សុខរ៉ា អ្នកប្រដាល់ក្លិបតាព្រហ្មមានជ័យ នៅក្នុងការប្រកួតជម្រុះ៤លើក ក្នុងពូលកន្លងមក គេប្រកួតឈ្នះ២ ចាញ់២ប្រកួត។ ចំណែក Keng Kat ក្នុង៤ប្រកួតដូចគ្នា គេឈ្នះទាំង៤ប្រកួត។
Keng Kat បានវាយចាញ់ មាជ សុខរ៉ា ដោយប្រផុតប្រផើយប៉ុណ្ណោះ ដោយចាញ់២ ទល់និង៣ ពោលក្នុងចំណោមចៅក្រមទាំង៥រូប មានចៅក្រម២រូបឲ្យគេឈ្នះ ហើយចៅក្រម៣រូបទៀតឲ្យ មាជ សុខរ៉ាឈ្នះ ធ្វើឲ្យ មាជ សុខរ៉ា ឈ្នះKeng Kat មិនឯកច្ឆន្ទ។
គួរបញ្ជាក់ថា Keng Kat ធ្លាប់ឈ្នះ មាជ សុខរ៉ា ១លើកហើយ ក្នុងការជួបប្រកួតគ្នាក្នុងវគ្គជម្រុះកន្លងមក ដោយវាយ មាជ សុខរ៉ា សន្លប់ក្នុងទឹកទី២ តែមកដល់វគ្គផ្ដាច់ព្រ័ត្រនេះ អ្នកប្រដាល់ថៃរូបនេះ បែរជាវាយចាញ់ មាជ សុខរ៉ា ទៅវិញ ដែលការចាញ់នេះធ្វើឲ្យគេមិនអស់ចិត្ត។
មាជ សុខរ៉ា ក្លាយជាម្ចាស់ខ្សែក្រវាត់Wurkz រដូវកាលទី២ ទម្ងន់៦៧គីឡូក្រាម ដែលមានប្រាក់រង្វាន់២០លានរៀល ប្រហាក់ប្រហែលនឹង៥.០០០ដុល្លារ។ រីឯ Keng Kat ដែលបានចំណាត់ថ្នាក់លេខ២ នោះ បានរង្វាន់១២លានរៀល ប្រហាក់ប្រហែលនឹង៣.០០០ដុល្លារ។
ចំពោះការប្រកួតជាលក្ខណៈមិត្តភាពអន្តរជាតិវិញនោះ វ៉ាន់ វឿន អ្នកប្រដាល់ក្លិបឃ្លាំងមឿងកីឡាខេត្តពោធិ៍សាត់ បានវាយឈ្នះអ្នកប្រដាល់ថៃ Pep Sy ដែលជាអ្នកប្រដាល់ ថៃជើងចាស់ ឲ្យសន្លប់ក្នុងទឹកទី២។ វ៉ាន់ វឿន វាយឈ្នះ Pep Sy នេះ ដោយការវាយកែងមួយកែងចំសៀតផ្កាក្នុងទឹកទី១ ត្រូវអាជ្ញាកណ្ដាលរាប់ដល់៨។ ក្រោយបន្តការប្រកួតទៀត Pep Sy ត្រូវ វ៉ាន់ វឿន អុកចូលមួយជង្គង់ចំចុងឆ្អឹងជំនីខ្ចី បណ្ដាលឲ្យ Pep Sy សន្លប់ចេញក្អួត លើរេញ។
ចំណែក ការប្រកួតរវាងអ្នកប្រដាល់រួមជាតិវិញ ចេង គា អ្នកប្រដាល់ក្លិបវិបុលដារិទ្ធពោធិ៍សែនជ័យ បានវាយស្មើពិន្ទុជាមួយ ហេង វាសនា អ្នកប្រដាល់ក្លិបព្រៃទទឹងខេត្តបាត់ដំបង ខណៈ គឹម សុខហេង ក្លិបកងពលតូចទ័ពឆ័ត្រយោង៩១១ វាយចាញ់ សល់ ស្រស់ ក្លិប សាលវ័ន្តកីឡាដោយពិន្ទុ៕
Source: Kampuchea Thmey Daily
0 Comments