Ad Code

វាយ​ជនរងគ្រោះ​សន្លប់​ហើយ ពេល​ប៉ូលិស​ហៅ​មកដល់​ប៉ុស្តិ៍ ក៏​ដក​កាំភ្លើង​បាញ់​មេ​ប៉ុស្តិ៍​២​គ្រាប់​ទៀត



​ភ្នំពេញ ៖ ពិតជា​សំណាង​របស់​មេ​ប៉ុស្តិ៍​កា​កាប​២​នោះ​ណាស់​ ដោយសារតែ​ជនដៃដល់​ចិត្ត​ស្លុយ​ពេក​បន្ទាប់ពី​វាយ​ជនរងគ្រោះ​បែកក្បាល​សន្លប់​ដោយ​មិនដឹង​មូលហេតុ​ហើយ​នោះ ពេល​សមត្ថកិច្ច​ប៉ុស្តិ៍​កា​កាប​ទី​២​ ហៅ​មក​ដោះស្រាយ​គ្នា​នៅ​ប៉ុស្តិ៍ ​ស្រាប់តែ​ជនដៃដល់​ដដែល​នោះ​ដក​កាំភ្លើងខ្លី​ពី​ហោប៉ៅ​ខោ​មក​បាញ់​សំដៅ​មេ​ប៉ុស្តិ៍​ចំនួន​ពីរ​គ្រាប់ ​តែ​ហាក់ដូចជា​សំណាង​ណាស់ ​ឬ​ក៏​លោក​មេ​ប៉ុស្តិ៍​ពូកែ​ដល់​ថ្នាក់​បាញ់​មិន​ចេញ ​ក៏​មិនដឹង ​ទើប​ខ្មាន់កាំភ្លើង​ម្នាក់​នោះ ​បាញ់​មិន​ផ្ទុះ​សោះ ​ហើយ​ប៉ូលិស​ចាប់ខ្លួន​ញាត់​ទ្រុង​នៅពេលនោះ​តែម្ដង ​ដែល​ហេតុការណ៍​នេះ​បាន​កើត​ឡើង កាលពី​វេលា​ម៉ោង​ប្រមាណ ១០​យប់ ​ថ្ងៃទី​០១ ខែ​ធ្នូ ឆ្នាំ​២០១៨ ចំណុច​ផ្លូវ​បេតុង​ក្នុង ភូមិ​ក្បាលដំរី​២ សង្កាត់​កា​កាប​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ។​

ជនបង្ក​មានឈ្មោះ​ គឹម ពេជ្រ ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ មុខរបរ​រត់​តាក់ស៊ី ស្នាក់នៅ​ភូមិ​ព្រៃទា​៣ សង្កាត់​ចោមចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​បក្ខពួក​ម្នាក់ទៀត​ឈ្មោះ សួន សុភ​ក្ត្រ័ ភេទ​ប្រុស​ អាយុ​២១​ឆ្នាំ​ មុខរបរ​រត់​រ៉ឺម៉ក​កង់​បី ស្នាក់នៅ​ភូមិ​ព្រៃ​ទា​៣ សង្កាត់​ចោមចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

ចំណែក​ភាគី​ជនរងគ្រោះ​មាន ឈ្មោះ ឆន នា​វៃ ភេទ​ប្រុស​ អាយុ​៣៧​ឆ្នាំ មុខរបរ​បើកបរ​រថ​យន្ត ស្នាក់​នៅ​ភូមិ​ត្រាច​កុះ ឃុំ​ក្រាំង​លាវ ស្រុក​បាទី ខេត្ត​តាកែវ​ រង​របួស​បែក​ក្បាល​ ផ្នែក​ខាងលើ​ ចេញឈាម ខៀវ​ភ្នែក​ខាងឆ្វេង និង​ហើម​មាត់ និង​ជនរងគ្រោះ​ទី​២ ឈ្មោះ ភា ប្រុស ភេទ​ប្រុស ​អាយុ​៤៩​ឆ្នាំ ជា​នាយ​ប៉ុស្តិ៍​នគរបាល​កា​កាប​ទី​២​ ខណ្ឌ​ពោធិ៍​សែន​ជ័យ។

បើ​តាម​ការ​បញ្ជាក់​របស់​ជន​រងគ្រោះ​បានឲ្យដឹងថា​ មុនពេល​កើតហេតុ ​ខ្លួន​បាន​បើក​រថយន្ត​ទៅ​យក​ភ្ញៀវ​ចិន​នៅត្រង់​ចំណុច​កើតហេតុ ​ពេល​ទៅ​ចំណុច​នោះ​ហើយ​ បន្ទាប់ពី​ដាក់​ភ្ញៀវ​ចុះ​ក៏​​ចត​ឡាន​នៅ​ចំណុច​នោះ​ មួយសន្ទុះ ​ដើម្បី​រង់ចាំ​ម៉ូយ។ រំពេច​នោះ ​ស្រាប់តែ​ជនសង្ស័យ​ ឈ្មោះ គឹម ពេជ្រ បាន​ស្ទុះ​ដើរ​សំដៅ​ចេញមក​ស្រែក​ឡូឡា​ ពេលនោះ​ខ្លួន​ក៏​ចុះទៅ​សួរនាំ ​ស្រាប់តែ​ជនសង្ស័យ​ដាល់​ចំ​ភ្នែក​ខាងឆ្វេង​ និង​មាត់​បណ្ដាលឲ្យ​ហើម និង​ជនសង្ស័យ​ទី​២ ឈ្មោះ សួន សុ​ភ័​ក្រ ក៏បាន​រត់​ចូល​មក ដោយ​ដៃ​មាន​កាន់​ច្រវាក់​ចាក់​កិប​មេសោ​សូឡិច មក​សំពង​លើ​ក្បាល​ខ្លួន​បណ្ដាលឲ្យ​ដួល​ទៅ​លើ​ដី​សន្លប់​បាត់បង់​ស្មារតី​មួយសន្ទុះ​ធំ​។​

ប្រភព​បន្ដថា បន្ទាប់ពី​ទទួលបាន​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ កម្លាំង​សមត្ថកិច្ច​កំពុង​ល្បាត​ក្នុង​មូលដ្ឋាន បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ​ ហើយ​ហៅ​​​ភាគី​ទាំងពីរ​មក​ដោះស្រាយ​គ្នា ដោយ​ភាគី​ទាំងសងខាង សុំ​ចរចា​គ្នា​នៅ​ប៉ុស្តិ៍​កា​កាប​ទី​២។ លុះ​ពេលមកដល់​ប៉ុស្តិ៍ ភាគី​ទាំងសងខាង​កំពុងតែ​ធ្វើការ​សម្រួល​គ្នា​មិនទាន់​ដឹង​ស ខ្មៅ​ផង​ ស្រាប់តែ ​នៅវេលា​ម៉ោង​ប្រហែល​១១​និង​៣០​នាទី​យប់​ ថ្ងៃ​ដដែល ជនរងគ្រោះ មាន​អាការៈ​វិលមុខ​រក​ក្អួតចង្អោរ​ ដោយសារតែ​ត្រូវ​របួស​មុន​នេះ​ធ្ងន់​ពេក ហើយ​សមត្ថកិច្ច​បាន​អនុញ្ញាត​ឲ្យ​ជនរងគ្រោះ​ទៅពិនិត្យ​របួស​នៅ​មន្ទីរពេទ្យ​ឯកជន​សិន។

ប្រភពពី​សមត្ថកិច្ច​បាន​បន្ដថា គ្រាន់តែ​ឮ​ថា​មេ​ប៉ុស្តិ៍​ឲ្យ​ជនរងគ្រោះ​ទៅ​ព្យាបាល​សិន​ ស្រាប់តែ​ភ្លាម​នោះ ជនសង្ស័យ​ឈ្មោះ គឹម ពេជ្រ មានការ​ខឹងសម្បា​ ហើយ​ច្រឡោត​តូង និង​បាន​ដក​កាំភ្លើង​ខ្លីម៉ាក​រ៉ូឡូ​លេខ​000497-08 ចេញពី​ហោ​ប៉ាវ​ខោ ​មក​ភ្ជង់​មេ​ប៉ុស្តិ៍​ និង​បាញ់​ចំនួន​២​គ្រាប់​ តែ​មិន​ផ្ទុះ ទើប​សមត្ថកិច្ច​ធ្វើការ​អន្តរាគមន៍​ចាប់​ដកហូតយក​អាវុធ​ពី​ជនសង្ស័យ​បាន ហើយ​ធ្វើការ​ត្រួតពិនិត្យ​អាវុធ​មាន​គ្រាប់​៦​គ្រាប់ ក្នុងនោះ​មាន​ស្នាម​ញញួរ​ចុច​កិប​សម្បក​គ្រាប់​ពីរ​គ្រាប់ ​តែ​មិនទាន់​ផ្ទុះ បើ​ផ្ទុះ​វិញ​មិន​ដឹង​ថា​វាសនា​លោកនាយ​ប៉ុស្តិ៍​ទៅជា​យ៉ាងណាទេ​ គឺ​ពិតជា​សំណាង​ណាស់ ទេវតា​ពិតជា​មាន​ភ្នែក​ជួយ​មនុស្ស​ល្អ ​មិន​ឲ្យ​បញ្ហា​ដោយសារ​មនុស្ស​ចិត្តខ្មៅ​ឃោរឃៅ​ខុស​រឿង​ធ្វើ​អ្វី​បាន​ឡើយ​។

​បច្ចុប្បន្ន​ ជនសង្ស័យ​ទាំង​២​នាក់ បាន​បញ្ជូន​ឲ្យ​ផ្នែក​ជំនាញ​ព្រហ្មទណ្ឌ​ខណ្ឌ ​ដើម្បី​ឃុំខ្លួន​ជា​បណ្ដោះ​អាសន្ន​ រង់ចាំ​កសាង​ឯកសារ​បញ្ជូន​ឲ្យ​តុលាការ​ចាត់ការ​តា​នីតិវិធី ដោយឡែក​ លោក ​យឹម សារ៉ាន់​អធិការ​នគរបាល​ខណ្ឌ​ពោធិ​សែន​ជ័យ​ ពេល​សួរ​ថា​ តើ​ជនសង្ស័យ​ជា​ខ្មាន់កាំភ្លើង​ដៃ​ឆៅ​នោះ​មាន​សមាស​ភាពជា​អ្វី​ឲ្យ​ពិតប្រាកដ​ទៅ​ ទើប​គេ​ហ៊ាន​ដក​កាំភ្លើង​បាញ់​សមត្ថកិច្ច​បែបនេះ ​តែ​លោក​មិន​ឆ្លើយតប៕

 

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu