Ad Code

កម្ពុ​ជា មាន​គ្រូ​បង្វឹក​កីឡា​វាយ​សី​កម្រិត​បឋម​ សម្រាប់​បណ្ដុះបណ្ដាល​ថ្នាល​



នាពេល​ខាងមុខនេះ កម្ពុជា​នឹងមាន​គ្រូបង្វឹក​កីឡា​វាយ​សី​កម្រិត​បឋម ដែលមាន​ចំណេះ ជំនាញ​ច្បាស់លាស់ សម្រាប់​ការ​បណ្ដុះបណ្ដាល​ថ្នាល​កីឡាករ​វាយ​សី ឲ្យ​កាន់តែ​មាន​ការវិវឌ្ឍន៍​រីកចម្រើន​ថែមទៀត ស្របតាម​ការកំណត់រ​បស់​ក្រសួង​អប់រំ យុវជន​ និង​កីឡា ដែល​តម្រូវឲ្យ​សហព័ន្ធ​កីឡា​ជាតិ​នីមួយៗ ត្រូវតែមាន​លក្ខណៈសម្បត្តិ​គ្រប់គ្រាន់ ដើម្បី​ឈានឆ្ពោះ​ទៅ​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេម ​នា​ឆ្នាំ​២០២៣។​

វគ្គ​បណ្ដុះបណ្ដាល​គ្រូ​បង្វឹក​វាយ​សី​កម្រិត​បឋម បាន​ចាប់ផ្ដើម​បើក​កាលពី​ថ្ងៃទី​២៨​វិច្ឆិកា​កន្លងមក ហើយ​បានបញ្ចប់​នៅ​ល្ងាច​ថ្ងៃទី​០១ ខែ​ធ្នូ​ ឆ្នាំ​២០១៨ នៅ​ទីស្នាក់ការ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា រាជធានី​ភ្នំពេញ។

លោក​ឧត្ដមសេនីយ៍​ឯក លី កុសល ប្រធាន​សហព័ន្ធ​កីឡា​វាយ​សី​កម្ពុជា បាន​អញ្ជើញ​ចូលរួម​បិទ ​និង​ប្រគល់​វិញ្ញាបនបត្រ​បញ្ជាក់​ការសិក្សា ព្រមទាំង​ប្រគល់​សម្ភារៈ​សម្រាប់​បង្វឹក​ហាត់​ថ្នាល​មួយ​ចំនួន​ដល់​សិក្ខាកាម​ជា​គ្រូបង្វឹក​កម្រិត​បឋម​នេះ​ផងដែរ។

បើតាម​របាយការណ៍​គណៈ​គ្រប់គ្រង​វគ្គ​បាន​ឲ្យ​ដឹងថា វគ្គ​នេះ មាន​សិក្ខាកាម​ចូលរួម​ចំនួន​៣៥​រូប ដែល​ក្នុង​នោះ​មាន​មកពី​សហព័ន្ធ​កីឡា​វាយ​សី​កម្ពុជា ក្លិប​ដែលជា​សមាជិក​សហព័ន្ធ​ចំនួន​១០ សាលា​រៀន​ចំនួន​១០ និង​មកពី​មន្ទីរអប់រំ​យុវជន និង​កីឡា​រាជធានី ខេត្ត​ចំនួន​១១។ ​ឆ្លងកាត់​ការ​សិក្សា ​ទាំង​ទ្រឹស្ដី​ និង​ការអនុវត្ត​ជាក់ស្ដែង​លើ​ទីលាន​រយៈពេល​៤​ថ្ងៃ​នោះ និង​ការវាយតម្លៃ​របស់​លោក​គ្រូឧទ្ទេស​នាម​ផង​នោះ សិក្ខាកាម​ដែល​ទទួលបាន​លទ្ធផល​ល្អ​១០ % លទ្ធផល​មធ្យម​៩០% លទ្ធផល​ខ្សោយ​អត់​មាន។​

លោក Sanbenthan Sivqperuma ជា​ជនជាតិ​ម៉ាឡេស៊ី និង ជា​គ្រូ​ជំនាញ​មកពី​សហព័ន្ធ​កីឡា​វាយ​សី​ទ្វីបអាស៊ី ដែល​គ្រូឧទ្ទេស​នាម​ក្នុង​វគ្គ​នេះ បាន​អះអាងថា លោក​មាន​ទំនាក់ទំនង​ជាមួយ​សហព័ន្ធ​កីឡា​វាយ​សី​កម្ពុជា​ចំនួន​៦​ឆ្នាំ​មកហើយ។ ​សមាជិក​សហព័ន្ធ​កីឡា​វាយ​សី​អាស៊ី​មាន​៤៨​ប្រទេស​ហើយ​ពួកគេ​កំពុងតែ​អភិវឌ្ឍន៍​ខ្លាំង​យ៉ាង​លឿន។​

លោក​បញ្ជាក់ថា លោក​បង្រៀន​សិក្ខាកាម​ដែលជា​គ្រូបង្វឹក​បឋម​ពេលនេះ គឺ​ដើម្បី​ឲ្យ​យកទៅ​បណ្ដុះបណ្ដាល​ដល់​អ្នក​ក្មេងៗ​តាម​សាលារៀន ដែលជា​ថ្នាល។ លោក​មាន​ជំនឿ​ចិត្ត​ថា ពួកគេ​នឹង​ក្លាយ​​ជា​គ្រូ​ល្អ មាន​សមត្ថភាព​សម្រាប់​អ្នកជំនាន់ក្រោយ។​
លោ​ក​ឧត្ដមសេនីយ៍​ឯក លី កុសល ប្រធាន​សហព័ន្ធ​កីឡា​វាយ​សី​កម្ពុជា បាន​មានប្រសាសន៍ថា វគ្គ​នេះ​ជា​ថ្នាល​បណ្ដុះបណ្ដាល​ថ្មី​មួយទៀត ដែល​ចាប់បាន​ចាប់ផ្ដើម​ជា​លើក​ទី​៤ ដល់​គ្រូ​កីឡា​វាយ​សី​កម្ពុជា តាម​បណ្តា​ក្លិប សមាគម សាលារៀន ហើយ​ដែល​រំពឹងថា ទៅ​អនាគត​គ្រូបង្វឹក​កីឡា​វាយ​សី​កម្ពុជា នឹងមាន​ចំណេះ ជំនាញ​ច្បាស់លាស់ សម្រាប់​ការបណ្តុះបណ្តាល​ថ្នាល​កីឡាករ​វាយ​សី ឲ្យ​កាន់តែ​មាន​ការវិវឌ្ឍន៍​រីកចម្រើន​ថែមទៀត ស្របតាម​ការ​កំណត់​របស់​ក្រសួង​អប់រំ យុវជន​ និង​កីឡា ដែល​តម្រូវ​ឲ្យ​សហព័ន្ធ​កីឡា​ជាតិ​នីមួយៗ ត្រូវតែមាន​លក្ខណៈសម្បត្តិ​គ្រប់គ្រាន់ ដើម្បី​ឈាន​ឆ្ពោះ​ទៅ​ធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេម​នា​ឆ្នាំ​២០២៣​ខាងមុខ។​

សូម​បញ្ជាក់​ថា វគ្គ​គ្រូបង្វឹក​កីឡា​វាយ​សី​កម្រិត​បឋម​នេះ រៀបចំ​ដោយ​សហព័ន្ធ​កីឡា​វាយ​សី​កម្ពុជា សហការ​ជាមួយ​សហព័ន្ធ​កីឡា​វាយ​សី​អាយ​ស៊ី និង​ដោយមាន​ការជួយ​ជ្រោមជ្រែង​ឧបត្ថម្ភ​ថវិកា​ពី​ក្រសួង​អប់រំ ​យុវជន​ និង​កីឡា​ផងដែរ៕​



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu