Ad Code

ទូក​(​ង​)​វែង​ជាងគេ ​ត្រូវ​បាន​ដង្ហែ​យក​ទៅ​តាំងនៅ​បរិវេណ​ចុង​ប៉ម​ មុខ​សាលាខេត្ត​ព្រៃវែង​វិញ​ហើយ​



ភ្នំពេញ ​៖ នៅ​ព្រឹក​ព្រលឹម​ថ្ងៃ​ចន្ទ​ទី​៣ ខែ​ធ្នូ ឆ្នាំ​២០១៨​នេះ ទូកង ដែល​វែង​ជាងគេ​នោះ​ត្រូវ​បាន​ដង្ហែ​យក​ទៅ​តាំងនៅ​បរិវេណ​ចុង ប៉ម មុខ​សាលាខេត្ត​ព្រៃវែង​ ព្រមទាំង​រៀបចំ ជា​សារមន្ទីរ​សម្រាប់​ដាក់​ទូក « ង » ឯក នេះ ផង​ដែរ​។​

គួរ​បញ្ជាក់​ថា ​ទូក «​ង​» ដែល​វែង​ជាងគេ​នេះ បានបង្ហាញ​វត្តមាន​ជូន​ទស្សនា​ទាំង​ភ្ញៀវ​ជាតិ ​និង​អន្តរជាតិ​ជនរួមជាតិ​ទាំងអស់​ ដែល​មក​កម្សាន្ត​នៅ​ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក នៅមុខ​ព្រះបរម​រាជវាំង​កន្លង​ទៅ​ថ្មីៗ​នេះ​បាន​ទស្សនា ពី​រូបរាង ទូក ង ដ៏​អស្ចារ្យ និង​វែង​ជាងគេ​លើ ពិភពលោក​នៅ​លើ​ផ្ទៃ​ទន្លេ​ដោយ​ផ្ទាល់​ និង​បានបង្ហាញ​ឲ្យ​ភ្ញៀវ​ទេសចរ​អន្តរជាតិ បាន​ឃើញ បាន​ស្គាល់ និង​យល់​កាន់​តែ​ច្បាស់​អំពី​ប្រវត្តិសាស្ត្រ​ខ្មែរ​ផង​ដែរ​។​

ទូក «​ង​» ដែល​វែង​ជាងគេ​នេះ ទើបតែនឹង​ជាប់​កំណត់ត្រា​ទូក «​ង​» ដែល​វែង​ជាងគេ​លើ​ពិភពលោក កាលពី​ថ្មីៗ​កន្លងទៅនេះ ហើយ​ត្រូវបាន គណៈកម្មការ រៀបចំ ដង្ហែ យក​មក​ដាក់​តាំង​ក្នុង​រោង​ទូក ដើម្បី​បង្ហាញ​ដល់​ប្រជាពលរដ្ឋ និង​ទេសចរ​បរទេស បាន​ចូល​ទស្សនា​ផ្ទាល់ ដោយ​ឥតគិតថ្លៃ អស់​រយៈពេល ជិត​១០​ថ្ងៃ​មកហើយ នៅ​បណ្ដោយ​ផ្លូវ​ព្រះ​សុធារស ខាងកើត​ទល់មុខ​វាល​ព្រះមេរុ ជាប់​របង​ព្រះ បរមរាជវាំង ហើយ​នៅ​ព្រឹក​ព្រលឹម​ថ្ងៃ​ចន្ទ ទី​៣ ខែ​ធ្នូ ឆ្នាំ​២០១៨​នេះ ទូកង ដែល​វែង​ជាងគេ​នេះ ត្រូវបាន​ដង្ហែ​យកទៅ​កាន់​កំពង់ផែ​ថ្ម មាត់ទន្លេ ដើម្បី យក​ទៅ​តាំងនៅ​បរិវេណ​មុខ​សាលាខេត្ត ព្រៃវែង​វិញ​។​

ទូក «​ង​» ដែល​វែង​ជាងគេ​លើ​ពិភពលោក ត្រូវបាន​ដាក់តាំង​បង្ហាញជូន​សាធារណជន​បាន​ទស្សនា​ដោយ​ឥតគិតថ្លៃ​តាំងពី​ថ្ងៃទី​២៤ រហូតដល់​ថ្ងៃទី​០៣​ ខែ​ធ្នូ ឆ្នាំ​២០១៨​នេះ ដោយ​សង្កេត ឃើញ​ថា​មាន​ភ្ញៀវ​ជាតិ និង​អន្តរជាតិ ជាពិសេស​ថ្នាក់ដឹកនាំ មន្ត្រីរាជការ សិស្ស និស្សិត យុវជន យុវនារី សិល្បករ សិល្ប​ការិនី ស្ថាប័ន អង្គភាព និង​បងប្អូន ពុក​ម៉ែ អុំ​ពូ​មីង យាយ​តា​យ៉ាង​ច្រើន​កុះករ មកពី​គ្រប់ទិសទី បាន​អញ្ជើញ​ចូល​មក​ទស្សនា និង​ផ្ដិត​យក​រូបភាព​ទូក ង វែង​ជាងគេ​លើ​ពិភពលោក ទុកជា អនុស្សាវរីយ៍ ជា​រៀងរាល់ថ្ងៃ​ផង​ដែរ។​

ទាំងនេះ ​គឺជា​ការលើកទឹកចិត្ត​ដល់​គណៈកម្មការ​ផលិត ក៏ដូចជា បាន​ចូលរួម​លើក​តម្កើង​កិត្យានុភាព នូវ​ស្នាដៃ​របស់​កូន​ខ្មែរ លើ​ឆាក​អន្តរជាតិ ឲ្យ​កាន់តែច្បាស់​ថា កូន​ខ្មែរ អាច​ធ្វើ​បាន ទូកង ដ៏​អស្ចារ្យ និង​វែង​ជាងគេ​លើ ពិភពលោក (​យើង​ជឿជាក់ លើ​កម្ពុជា​)​។​

ជាមួយគ្នា​នោះដែរ​ ប្រធាន​គណៈកម្មការ កសាង​ទូកង​វែង​ជាងគេ​លើ​ពិភពលោក លោក ស សុខា បាន​បញ្ជាក់​ថា ​ទូក « ង » ដែលមាន​ប្រវែង​៨៧.៣​ម៉ែត្រ​នេះ អាច​ដាក់ ចំណុះ​ទូក បាន​២៥០​នាក់​ ឯណោះ​។​បើតាម ប្រធាន គណៈកម្មការ​ទូកង​ដែល មាន​ប្រជាពលរដ្ឋ នៅតាម បណ្ដា ខេត្ត ផ្សេងៗ បានស្នើ ​សុំ​យក ទូកង នេះ​ទៅ​តាំង បង្ហាញ​នៅក្នុង​ខេត្ត​របស់ខ្លួន ​ប៉ុន្តែ​ដោយសារ ទូក​មាន​ប្រវែង វែង អាច​ងាយ​រង​ការខូចខាត ពេល​លើក​ចុះឡើង ទើប មិនអាច​ធ្វើទៅ រួច។

​លោក ស សុខា បញ្ជាក់ថា​ ដោយមាន​ការ​សំណូមពរ​ឲ្យ​យក​ទូក​នេះ​ទៅតាម​បណ្ដា​ខេត្ត​ផ្សេងៗ ​តែ​អ្វី ជា​បញ្ហា​ គឺ​ការលើក​ចុះឡើង ​ព្រោះ​ទូក​វែង វា​អាច​ប្រេះ​ហើយ ពិបាក​ពេល​យើង​យក​ទៅ​ប្រើ​ក្នុង​ទឹក​វិញ។ តាមពិតទៅ​អ្នក​នៅ​ទី​រួម​ខេត្ត​ព្រៃវែង​មិនទាន់​បាន​ឃើញ​ទូក​នេះ​នៅឡើយ​ទេ​ ឃើញ​តែ​អ្នក​នៅ អ្នក​លឿង​ ព្រោះ​យើង​បាន​រៀបចំ​កម្មវិធី​នៅ​ទីនោះ។

សូម​ជម្រាបជូន​ថា​ នេះ​មិនមែន​លើកទីមួយ​ឡើយ ​ដែល​កម្ពុជា​បាន​បំបែក​កំណត់ត្រា​ឯតទគ្គ​កម្ម​ពិភព​លោក ព្រោះ​កន្លងមក​កម្ពុជា បាន​បំបែក​កំណត់ត្រា​ជាច្រើន​រួចមកហើយ​មានដូចជា នំអន្សម​យក្ស រាំម៉ាឌីហ្សូន និង ក្រមា​វែង មួយ​ពាន់​ម៉ែត្រ ហើយ​ឯតទគ្គ​កម្ម​ចុងក្រោយ​ដែល​កម្ពុជា​យើង​ទើប​បំបែក​បាន​នេះ​ គឺ ទូក «​ង​» ដែល​វែង​ជាងគេ​លើ​ពិភពលោក ដែល​ត្រូវបាន​ប្រសិទ្ធិនាម​ថា «​កម្ពោជិក​បុត្តា​ខេមរា​តរី​» ដែលមាន​អត្ថន័យ​ថា «​ទូកង​របស់​កូន​ខ្មែរ​រស់នៅក្នុង​ដែនដី​កម្ពុជា​» ក្រោម​ការ ផ្ដួច​ផ្ដើម គំនិត របស់​ លោក​ ស សុខា អនុប្រធាន សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និង​ជា​ប្រធាន គណៈ​កម្មការ ផលិត​ទូក ង វែង​ជាងគេ​លើ​ពិភពលោក ព្រមទាំង​ថ្នាក់ដឹកនាំ ពាក់ព័ន្ធ គ្រប់​ជាន់ថ្នាក់ និង​ដោយមាន​ការ​ជួយ​ជ្រោមជ្រែង យកចិត្តទុកដាក់ របស់​ឯកឧត្ដម ហ៊ុន ម៉ា​នី ​ប្រធាន​គណៈ​កម្មាធិការ​ទី​៧ នៃ​រដ្ឋសភា និង​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ និង​ធ្វើឡើង ដោយ​សហព័ន្ធ សហភាព យុវជន កម្ពុជា (​ស​.​ស​.​យ​.​ក​) បាន​ចំណាយ កម្លាំង មនុស្ស​ចំនួន​ជាង​១៣,០០០​នាក់ ​មាន ទាំង​ខ្មែរ និង បរទេស​ចូលរួម​ និង​ធ្វើ​ដោយ​ឧបករណ៍​ប្រើ​ដោយ​ដៃ​ទាំងស្រុង ច្រវា លាប ពណ៌ និង គូរ​រូប ទង់ជាតិ នៃ​ប្រទេស​កម្ពុជា មាន​រំលេច​អក្សរ « រួមគ្នា ដើម្បី​កម្ពុជា រុងរឿង » ធ្វើឡើង​ពី​ឈើ​ស្រឡៅ ដែលមាន​ទម្ងន់​ស្រាល។ ចំណែក​តួ​ទូក​ធ្វើ​ពី​ឈើ​គគីរ​ដែល​ធន់​នឹង​ទឹក​ ហើយ​ត្រូវ​បាន​ជាប់​ឯតទគ្គ​កម្ម​ពិភពលោក World Guinness Record ជា​ផ្លូវការ នៅ​ថ្ងៃ​ទី​១២ ខែ​វិច្ឆិកា ឆ្នាំ​២០១៨ ដោយ​មាន​ការចូលរួម​ពី​ លោក Pravin Patel អ្នក​វិនិច្ឆ័យ World Guinness Record ហើយ​ទូក​នេះ​មាន​ប្រវែង​រហូតដល់​៨៧.៣​ម៉ែត្រ​, ទទឹង​១.៩៤​ម៉ែត្រ និង​ជម្រៅ​០.៨​ម៉ែត្រ ត្រូវ​បាន​រចនា​ឡើង​ដោយ​ផ្នែក​ខាង​ក្បាលទូក ធ្វើជា​ក្បាល​នាគ និង​មាន​កន្ទុយ​ហង្ស​ប្រកបដោយ​ក្បូរ​ក្បាច់រចនា ដ៏​ល្អ​ប្រណិត​ដែល​ផ្ទុក​បាន​ចំណុះ​រហូតដល់​១៧៩​នាក់​ឯណោះ​ ដោយ​ក្នុង​នោះ​១០០​នាក់ ​មកពី​ទាហានជើងទឹក និង​៧៩​នាក់ មកពី​នគរបាល​ជើង​ទឹក​។​

គួរ​រំឭក​ទៀត​ថា បន្ទាប់ពី​បាន​បំបែក​កំណត់ត្រា​ពិភពលោក ទូក «​ង​» វែង​ជាងគេ​នៅ លើ​ពិភពលោក សម្ដេច ក្រឡាហោម ស ខេង បាន​ថ្លែង​នូវ​ការ​កោតសរសើរ​យ៉ាង​ខ្លាំង​ដល់​យុវជន​ខ្មែរ​គ្រប់​ស្រទាប់​វណ្ណៈ​ទាំងអស់ ដែល​បាន​ចូលរួម​ផ្ដួច​ផ្ដើម​គំនិត​ និង​កសាង​ទូក «​ង​» វែង​ជាងគេ​លើ​នៅ​ពិភពលោក រហូត​ឈានដល់​ការ​បំបែក​បាន​នូវ​ឯតទគ្គ​កម្ម World Guinness Record ដោយ​បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា «​ខ្ញុំ​ពិតជា​ចូលរួម​អបអរសាទរ និង​កោតសរសើរ ដល់​ក្មួយៗ​ទាំងអស់ និង​អរគុណ​ចំពោះ​អ្នកពាក់ព័ន្ធ​ទាំងអស់ ដែល​មាន​គំនិត​ផ្ដួចផ្ដើម​នេះ​ហើយ ​មាន​បង្កើត​គណៈកម្មការ​ត្រឹមត្រូវ​ណាស់ ហើយ​បើ​គ្មាន​ការ​សាមគ្គី ឆន្ទៈ ធ្វើ​មិនបាន​នោះទេ ចឹ​ង​ហើយ​បាន​គេ​ដាក់​ថា រួមគ្នា​ដើម្បី​កម្ពុជា​រុងរឿង​-​ខ្មែរ​សាមគ្គី គឺ​ខ្មែរ​ឈ្នះ ចឹ​ង​ពាក្យ​នេះ មាន​អត្ថន័យ​ជ្រាលជ្រៅ​ណាស់​»​។​

សម្ដេច​ក្រឡាហោម ស ខេង ក៏បាន​ចាត់ទុកថា ការធ្វើ​ទូក «​ង​» ដែល​វែង​ជាងគេ រហូត​បំបែក​ឯតទគ្គកម្ម​បាន​នោះ មិនមែនជា​រឿង​សាមញ្ញ​នោះ​ទេ ព្រោះ​បើ​គ្មាន​ការ​ផ្ដួចផ្ដើម​គំនិត គ្មាន​ឆន្ទៈ គ្មាន​ការ​រួបរួម​គ្នា គ្មាន​ការ​តស៊ូ អត់ទ្រាំ​ចំពោះ​ការ​លំបាក ហើយ​គ្មាន​បុព្វហេតុ​ច្បាស់លាស់​ទេ​នោះ គឺ​មិន​អាច​ធ្វើ​ទូក​នេះ​បានឡើយ​៕​



 



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu