ភ្នំពេញ ៖ បុរសក្នុងវ័យជិត៤០ឆ្នាំម្នាក់ ត្រូវបានប្រជាពលរដ្ឋព្រួតវាយទ្រមខ្លួន ខណៈពេលដែល បុរសម្នាក់នេះ ចូលលួចយកទូរស័ព្ទគេដល់ក្នុងបន្ទប់នៃមន្ទីរពេទ្យ ហើយនៅពេលម្ចាស់គេឃើញទាន់ស្រែកចោរៗ ទើបត្រូវប្រជាពលរដ្ឋ ចាប់បាន និងព្រួតគ្នាវាយ ទ្រមខ្លួនតែម្ដង ទើបប្រគល់ជូនប៉ូលិស។
ជនសង្ស័យត្រូវបានឃាត់ជាក់ស្ដែង កាលពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោងប្រហែល ២២និង៣០នាទីនៅចំណុចក្នុងមន្ទីរពេទ្យកុមារជាតិជាន់ទី២ អគារE ផ្លូវលេខ១១៨ ក្រុមទី៤២ ភូមិ១១ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ជនសង្ស័យ ឈ្មោះ ធា រ៉ា ហៅ រ៉ា ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ខោអាវ ស្នាក់នៅផ្ទះជួល ផ្លូវលំ ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
វត្ថុតាងចាប់យករួមមាន ទូរស័ព្ទដៃចំនួន០១គ្រឿង ម៉ាកសាំស៊ុងកា ឡាក់ស៊ី J-6 ពណ៌មាស ស៊ីមកាតលេខ ០16 472237 (ជារបស់ជនរងគ្រោះ)។
ជនរងគ្រោះ ឈ្មោះ ខេន សុខា ភេទប្រុស អាយុ៤២ឆ្នាំ ជន ជាតិខ្មែរ មុខរបរជាងជួសជុលម៉ាស៊ីនត្រជាក់ស្នាក់នៅផ្ទះលេខ៥ ផ្លូវបេតុង ក្រុមទី១៤ ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
មន្ត្រីប៉ូលិសខណ្ឌទួលគោកបានអោយដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះ បាននាំកូនស្រីអាយុ១១ឆ្នាំ មកសម្រាកព្យាបាលក្នុងមន្ទីរពេទ្យកុមារជាតិ ដើម្បីសម្រាកព្យាបាល ជំងឺគ្រុនឈាម
ដោយនៅពេលកើតហេតុ បានដាក់ទូរស័ព្ទសាកថ្ម នៅក្បែរគ្រែដែលខ្លួនដេកកំដរកូន ហើយរូបខ្លួនក៏បានដេកនៅក្បែរនោះដែរ នៅពេល ដែលកំពុងដេកមិនទាន់លក់ផង ស្រាប់តែឃើញជនសង្ស័យឈ្មោះ ធា រ៉ា ដើរសំដៅទៅរកទូរស័ព្ទរបស់ខ្លួន ដែលដាក់សាកថ្ម រួចហើយក៏ធ្វើសកម្មភាពលួចយកទូរស័ព្ទរបស់ជនរងគ្រោះដែលដាក់សាកថ្មបានសម្រេចរួចរត់គេចខ្លួនចេញទៅក្រៅ តែត្រូវបានជនរងគ្រោះឃើញទាន់ ក៏បានស្រែកអោយអ្នកជិតខាងនិងសន្តិសុខមន្ទីរពេទ្យជួយអន្តរាគមន៍ចាប់ឃាត់ខ្លួនបាន ជាក់ស្ដែងរួមទាំងវត្ថុតាង(ទូរស័ព្ទរបស់ជនរងគ្រោះ) នាំយកមកប្រគល់អោយ សមត្ថកិច្ចនគរបាលខណ្ឌទួលគោកចាត់ការតាមនីតិវិធីច្បាប់។
បច្ចុប្បន្នជនសង្ស័យឈ្មោះ ធា រ៉ា កំពុងឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមផ្លូវច្បាប់៕
Source: Kampuchea Thmey Daily
0 Comments