ភ្នំពេញ ៖ ករណីទុសេឆេះខ្សែភ្លើងនៅតាមបណ្តាបង្គោលភ្លើងនានា ក្នុងរាជធានីភ្នំពេញតែងតែ កើតឡើងញឹកញាប់ពេកទៅហើយ បង្កឲ្យប្រជាពលរដ្ឋព្រួយបារម្ភយ៉ាងខ្លាំង ដោយខ្លាចបំផុតរាលដាលដល់លំនៅឋានរបស់ពួកគាត់ ខណៈដែលវិធីសាស្ត្រ បង្ការ កុំឲ្យកើតមានទុសេនេះមិនទាន់មាននៅឡើយ ហើយភ្លើងឆេះផ្ទះបំផ្លាញទ្រព្យសម្បត្តិនិងអាយុជីវិតប្រជាពលរដ្ឋជាច្រើនករណីកន្លងមកភាគច្រើនគឺបណ្តាលមកពីទុសេខ្សែភ្លើងនេះតែម្តង ។
ជាក់ស្តែង មានករណីឆ្លងចរន្តអគ្គិសនីឆេះបង្គោលភ្លើងមុខផ្ទះលោកស្នងការរងក្រុងភ្នំពេញម្នាក់ផ្អើលប្រជាពលរដ្ឋនឹងសមត្ថកិច្ចខណ្ឌជ្រោយចង្វារកាលពីវេលាម៉ោង១និង៥៥នាទីរសៀល ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩ ស្ថិតតាមបណ្តោយផ្លូវម៉ាស៊ីនទឹកបង្គោលភ្លើងប្រអប់លេខ057-504Aចំណុចចិញ្ចើមផ្លូវមុខផ្ទះលេខ១៣៩Fភូមិ៣ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ។ តាមប្រភពព័ត៌មានឲ្យដឹងថា ផ្ទះខាងលើជាផ្ទះលោកចេវ ហាក់ ស្នងការរងរាជធានីភ្នំពេញ។
តាមប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានឲ្យដឹងថា ខ្សែភ្លើង ខ្សែកាប ចម្រុះបំពាក់តាមបង្គោលភ្លើងមានសភាព មិនចាញ់សំបុកពីងពាង រញ៉េរញ៉ៃ ស្រាប់តែនៅវេលាម៉ោងខាងលើ បង្គោលភ្លើហលេខ០៥៧៥០៤A ត្រង់ចំណុចខាងលើ មិនដឹងថា មូលហេតុយ៉ាងម៉េច បានជាធុំក្លិនឈ្ងៀម ហើយហុយផ្សែងខ្មួលចេញជាអណ្តាតភ្លើងឆាបឆេះ ទើបបង្កឲ្យពលរដ្ឋមានលំនៅឋានក្បែរនោះភ័យស្លន់ ខ្លាចរាលដល់ផ្ទះ ពលរដ្ឋស្រវាបានបំពង់ពន្លត់អគ្គីភ័យបានមួយមកបាញ់ តែមិនរលត់ ទើបរាយការណ៍ទៅសមត្ថកិច្ច បន្តស្នើឲ្យអគ្គិសនីបិទផ្តាច់ចរន្តភ្លើង ត្រូវបានរថយន្តពន្លត់អគ្គីភ័យ ចំនួន៤គ្រឿងប្រើបាញ់ពន្លត់អស់មួយគ្រឿងទើបភ្លើងរលត់ទៅវិញ តែសំណាងល្អមិនបណ្តាលឲ្យឆេះរាលដាលដល់ផ្ទះប្រជាពលរដ្ឋនៅក្បែរនោះឡើយ៕
Source: Kampuchea Thmey Daily
0 Comments