Ad Code

កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​ការប្រកួត​វគ្គ​ផ្តាច់​ព្រ័ត្រ​ស្តី​ពី​អភិបាលកិច្ច​និង​ការអភិវឌ្ឍ​មេគង្គ ឡាន​ឆាង​លើក​ទី​៤



ភ្នំពេញ​ ៖​ កម្ពុជា​បានធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​ការប្រកួត​វគ្គ​ផ្តាច់​ព្រ័ត្រ​ស្តីពី​អភិបាលកិច្ច​និង​ការអភិវឌ្ឍ​មេគង្គ ឡាន​ឆាង​លើក​ទី​៤​ដែល​ផ្តល់​ឱកាស​ឲ្យ​និស្សិត​មកពី​ប្រទេស​ទាំង​៦​បាន​បង្កើត​នូវ​គំនិត​ថ្មីៗ​ដើម្បី​ចូលរួម​អភិវឌ្ឍន៍​តំបន់​ទន្លេមេគង្គ​ប្រ កប​ដោយ​ចីរភាព​។

លោក ជេ​ត ជី​លី សកលវិទ្យាធិការ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​មានប្រសាសន៍ថា​ការប្រកួត​វគ្គ​ផ្តាច់​ព្រ័ត្រ​នេះ​មាន​រយៈពេល​៤​ថ្ងៃ​គឺ​ចាប់ពី​ថ្ងៃទី​២៣​ដល់​ថ្ងៃទី​២៦​ ខែមករា ​ឆ្នាំ​២០១៩​ដោយមាន​និស្សិត​ចូលរួម​ប្រកួត​ចំនួន​៦០​នាក់​មកពី​ប្រទេស​ថៃ វៀតណាម ឡាវ ចិន មី​យ៉ាន់​ម៉ា​រួមទាំង​កម្ពុជា​ចំនួន​៣​ក្រុម​ស្មើនឹង​៩​នាក់​ផងដែរ​។

ថ្លែង​ក្នុង​ពិធី​បើក​ការប្រកួត​វគ្គ​ផ្តាច់​ព្រ័ត្រ​ស្តីពី​អភិបាលកិច្ច​និង​ការ​អភិវឌ្ឍ​មេគង្គ ឡាន​ឆាង​លើក​ទី​៤​នៅ​ម​ជ្ឈ​ម​ណ្ឌល កិច្ច​សហប្រតិបត្តិការ​កម្ពុជា​កូរ៉េ​កាលពី​ព្រឹក​ថ្ងៃទី​២៣​ខែមករា លោក​បាន​បន្តថា​ ការប្រកួត​វគ្គ​ផ្តាច់​ព្រ័ត្រ​នេះ​គឺ​តម្រូវ​ឲ្យ​ក្រុមនិស្សិត​នីមួយៗ​ត្រូវ​ឡើង​ការពារ​គម្រោង​របស់​ខ្លួន​នៅ​ចំពោះមុខ​គណៈកម្មការ​ម​ក​ពី​៦​ប្រទេស​ផ្ទាល់​ដើម្បី​វាយតម្លៃ​និង​ដាក់​ពិន្ទុ​មុននឹង​សម្រេច​ជ្រើសរើស​និង​ផ្តល់​ជ័យលាភី​ដល់​ក្រុមនិស្សិត​ប្រទេស​ណាមួយ​។

​ទន្ទឹមនឹងនេះ​លោក​បាន​បន្ថែម​ទៀត​ថា ​ក្រុម​និស្សិត​ក៏​ត្រូវ​ធ្វើការ​ពិភាក្សា​ជាមួយ​ក្រុម​និស្សិត​មកពី​បណ្តា​ប្រទេស​ផ្សេងៗ​ទៀត​ផងដែរ ​ដើម្បី​ឲ្យ​គម្រោង​របស់​ខ្លួន​កាន់តែ​ទទួល​បាន​ការ​គាំទ្រ​ថែមទៀត​និង​ក្លាយជា​គម្រោង​ ដែល​មាន​ភាព​សំ ខាន់​ចំពោះ​សង្គម​ដើម្បី​ឈាន​ទៅ​ដណ្តើម​យក​ជ័យលាភី​ចំណាត់​ថ្នាក់​លេខ​១​ដល់​ចំណាត់​ថ្នាក់​លេខ​៣​។

លោក​សកលវិទ្យាធិការ​បាន​ឲ្យ​ដឹង​ថា ​«​ជា​រួម​ការប្រកួត​នេះ​បាន​ផ្តល់​ឱកាស​ឲ្យ​និស្សិត​បាន​បញ្ចេញស្នាដៃ​របស់​ខ្លួន​នៅក្នុង​កំរិត​តំបន់​និង​បង្កើន​នូវ​ការ​ទំនាក់ទំនង​ជាមួយ​និស្សិត​មកពី​តាម​បណ្តា​ប្រទេស​ផ្សេងៗ​ទៀត​ដែល​អាច​ផ្លាស់​ប្តូរ​នូវ​បទពិសោធន៍​ទាក់ទង​នឹង​គំនិត​ថ្មីៗ​ស្របទៅតាម​បច្ចេកវិទ្យា​នាពេល​បច្ចុប្បន្ន​»​។



លោក ជេ​ត ជី​លី​បាន​រំលឹក​ថា ​មុន​ចូល​ដល់​ការប្រកួត​វគ្គ​ផ្តាច់​ព្រ័ត្រ​នេះ​និស្សិត​ដែល​មាន​គ្នា​៣​នាក់​ក្នុង​មួយ​ក្រុម​នៃ​បណ្តា​ប្រទេស​នីមួយៗ​ត្រូវ​រៀបចំ​សរសេរ​គម្រោង​ទាក់ទិន​នឹង​ប្រធានបទ​ស្តីពី​អភិបាលកិច្ច​និង​ការ​អភិវឌ្ឍន៍​មេគង្គ ឡាន​ឆាង​ផ្ញើ​ទៅ​គណៈកម្មការ​ទាំង​ប្រទេស​ពិនិត្យ​និង​សម្រេច​ហើយ​ទីបំផុត​មាន​ក្រុម​និស្សិត​សាក ល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ចំនួន​៣​ក្រុម​ស្មើនឹង​៩​នាក់​បាន​ឈានចូល​មកដល់​វគ្គ​ផ្តាច់​ព្រ័ត្រ​នេះ​។

លោក​សកលវិទ្យាធិការ​សង្ឃឹមថា​ ក្រុម​និស្សិត​កម្ពុជា​នឹង​ទទួល​បាន​លទ្ធផល​ដូច​ការប្រកួត​ប្រជែង​កាលពី​ឆ្នាំ​២០១៨​កន្លងទៅ​នៅ​ប្រទេស​ឡាវ​ដោយ​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​១​លើ​ការបង្កើត​នូវ​គំនិត​ថ្មីៗ​។

ចំណែក​លោក ពិត ចំណាន រដ្ឋមន្ត្រី​ស្តីទី​ក្រសួង​អប់រំ​យុវជន​និង​កីឡា​ដែល​បាន​អញ្ជើញ​ជា​គណៈអធិបតី​នៅក្នុង​កម្មវិធី​ការប្រកួត​បាន​មានប្រសាសន៍​ ដោយ​បង្ហាញ​នូវ​ការ​គាំទ្រ​ចំពោះ​កម្មវិធី​នេះ​ព្រោះថា​ នឹង​ជួយ​ឲ្យ​យុវជន​កម្ពុជា​កាន់តែ​មាន​សមត្ថភាព​ខ្ពស់​លើ​ការស្រាវជ្រាវ​ដើម្បី​ឈាន​ទៅ​រក​ភាព​រីកចម្រើន​ពិសេស​ស្រប​ទៅ​នឹង​បដិវត្ត​ឧស្សាហកម្ម​ដំណាក់កាល​ទី​៤​ដែល​ទាមទារ​ឲ្យ​ប្រទេស​នានា​ត្រូវ​រួមសហការ​គ្នា​យ៉ាង​ជិតស្និទ្ធ​ដើម្បី​អភិវឌ្ឍន៍​តំបន់​ទន្លេមេគង្គ​ប្រកបដោយ​ចីរភាព​។

លោក​បាន​បន្ត​ទៀត​ថា វា​ជា​ការពិត​គឺជា​ការ​ហ្វឹកហាត់​មួយ​សម្រាប់​និស្សិត​នៅ​តាម​បណ្តា​ប្រទេស​នៅក្នុង​តំបន់​ទន្លេមេគង្គ​ពិសេស​និស្សិត​កម្ពុជា​ទទួល​បាន​នូវ​ឱកាស​ឈាន​ទៅ​សហការ​ជាមួយ​បណ្តា​ប្រទេស​ទាំងនោះ​ពិសេស​ប្រទេស​ចិន​ដែលជា​ប្រទេសមួយ​កំពុងតែ​មានការ​អភិវឌ្ឍ​លើ​វិស័យ​បច្ចេកវិទ្យា​កាន់តែ​រីកចម្រើន​នៅក្នុង​តំបន់​អាស៊ី​របស់​យើង​នេះ​។ អីចឹង​បានជា​ខ្ញុំ​ចាត់ទុកថា​នេះ​គឺ​ឱកាសល្អ​សម្រាប់​យុវជន​យើង​ក្នុង​ការ​ឈាន​ទៅ​របស់​ខ្លួន​ទាំង​ផ្នែក​បច្ចេកវិទ្យា​ទាំង​ផ្នែក​ការគ្រប់គ្រង​តាម​បច្ចេកវិទ្យា​នា​សម័យថ្មី​នេះ​»​។

គួរ​បញ្ជាក់​ថា​ ការប្រកួត​វគ្គ​ផ្តាច់​ព្រ័ត្រ​ស្តី​ពី​អភិបាលកិច្ច​និង​ការ​អភិវឌ្ឍ​មេគង្គ ឡាន​ឆាង​នេះ​បាន​រៀប​ចំ ដំបូង​នៅ​ប្រទេស​ចិន​ដើម្បី​បណ្តុះ​ចំណេះដឹង​ដល់​និស្សិត​នៅ​តាម​ប្រទេស​ទាំង​៦​មាន​សមត្ថភាព​ទៅលើ​ការ​ការពារ គ្រប់​គ្រង អភិបាលកិច្ច​និង​ការ​អភិវឌ្ឍ​តំបន់​ទន្លេមេគង្គ​ប្រកបដោយ​និរន្តរភាព​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu