Ad Code

លោក គង់ គាំ ថា មានតែ សម រង្ស៊ី ប៉ុណ្ណោះ ដែល​ដឹង​ពី​សំណុំរឿង​សន្ទិដ្ឋភាព​ជា​មួយ​បរទេស​របស់ កឹម សុខា ជាមួយ​បរទេស​ច្រើនជាងគេ



ភ្នំពេញ ​៖ តាម​ការកំណត់​របស់​ចៅក្រម នៅ​ព្រឹក​ថ្ងៃទី​២៣ ខែមករា ឆ្នាំ​២០១៩​នេះ លោក គង់ គាំ អតីត​ឧ​ត្ត​ម​ទីប្រឹក្សា​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ បាន​ចូល​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ធ្វើការ​បំភ្លឺ​ជុំវិញ​សំណុំរឿង​លោក កឹម សុខា តាម​ការ​កោះហៅ​របស់​ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក គី ឬ​ទ្ធី​។



នៅពេល​ចាក​ចេញពី​តុលាការ​វិញ លោក​ផ្តល់​បទសម្ភាសន៍​ដល់​អ្ន​ក​សារព័ត៌មាន​ផង​ដែរ ដែល​នៅក្នុង​កិច្ច​សម្ភាសន៍​នោះ លោក គង់ គាំ បាន​អះអាង​ថា លោក​មិន​បានដឹង​អ្វី​ច្រើន​ពី​ទំនាក់ទំនង​រវាង​លោក កឹម សុខា ដែល​ជា​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ជាមួយ​បរទេស​នោះទេ ហើយ​លោក​បញ្ជាក់​ថា មានតែ​លោក សម រង្ស៊ី ប៉ុណ្ណោះ ដែល​ដឹង​ច្រើន​អំពី​សំណុំ​រឿង​នេះ ហើយ​លោក​បាន​សម្តែង​ការ​ភ្ញាក់ផ្អើល នៅពេល​លឺ​លោក កឹម សុខា និយាយ​ពី​ទំនាក់ទំនង​ជាមួយ​បរទេស​នេះ​។ លោក គង់ គាំ ថ្លែង​យ៉ាងនេះ​ថា “​ខ្ញុំ​មក​ជា​សាក្សី ដើម្បី​បំភ្លឺ​ជុំវិញ​ករណី​ជន​ត្រូវ​ចោទ លោក កឹម សុខា ពីបទ​ស​ន្ទិ​ដ្ឋិ​ភាពជា​មួយ​បរទេស​ហ្នឹង ដូច្នេះ​នីតិវិធី​របស់​តុលាការ​ចៅក្រម​ស៊ើបសួរ​ឲ្យ​យើង​ស្បថ ហើយ​ខ្ញុំ​ស្បថ​ថា ដឹង​អី​ជំរាប​ហ្នឹង មិនបាន​បំភ្លៃ​បំផ្លើស​មួលបង្កាច់​អី​ទេ ហើយ​គិតថា មេធាវី​ដើមចោទ​គេ​ជា​អ្នក​ដាក់បន្ទុក មេធាវី​ជន​ត្រូវ​ចោទ គឺជា​អ្នក​ដោះ​បន្ទុក ខ្ញុំ​ជា​សាក្សី​មិនបាន​ដាក់បន្ទុក មិនបាន​ដក​បន្ទុក​ទេ គ្រាន់តែ​ជា​ការ​បំភ្លឺ​ដើម្បី​ចៅក្រម និង​តុលាការ​មាន​ព័ត៌មាន​គ្រប់គ្រាន់ ផ្តល់​យុត្តិធម៌​ឲ្យ​អ្នក​ដែល​ត្រូវតែ​ប៉ុណ្ណឹង​ទេ​... ហើយ​ការ​បំភ្លឺ​របស់ខ្ញុំ​គ្រាន់តែ​ជា​ជំនួយ ដើម្បី​ប្រភព​បាន​ច្រើន ឲ្យ​តុលាការ​ពិចារណា​ផ្តល់​យុត្តិធម៌​ជន​ត្រូវ​ចោទ​តែ​ប៉ុណ្ណឹង ដូច្នេះ​ខ្ញុំ​គិតថា អ្វី​លើ​លោក កឹម សុខា ខ្លួនឯង​”​។



លោក គង់ គាំ បញ្ជាក់ដែរ​ថា នៅក្នុង​ការ​សាក​សួរ​របស់​តុលាការ​នោះ “​ទី​១ បាន​សួរ​ពី​ជីវិត​នយោបាយ​របស់ខ្ញុំ ហើយ​ឥឡូវ​នេះ​ក្រោយពី​គណបក្ស​សង្គ្រោះ​ជាតិ​រំលាយ ជាប់​បម្រាម ខ្ញុំ​ជា​អ្នក​សុំ​សិទ្ធិ ហើយ​ទទួល​បាន​នីតិសម្បទា​ធ្វើ​នយោបាយ​ឡើងវិញ​មុនគេ​”​។

ដោយឡែក​ទាក់ទង​លោក កឹម សុខា តុលាការ​បាន​សួរ​ថា តើ​គណបក្ស​សិទ្ធិមនុស្ស​យ៉ាងណា ហើយ​ចូលរួម​ជាមួយ​គណបក្ស​សមរង្ស៊ី ទៅជា​គណបក្ស​សង្គ្រោះ​ជាតិ​យ៉ាងណា? ហើយ​នៅពេល​លោក​មាន​តួនាទី​ជាទី​ប្រឹក្សា​ហ្នឹង​បានដឹង​បាន​រួម​ចំណែក​ជាមួយ​ថ្នាក់ដឹកនាំ​ទាំងពីរ សម រង្ស៊ី និង កឹម សុខា អ្វីខ្លះ ? ហើយ​លោក​បាន​ឆ្លើយ​ថា “​ការពិត​ខ្ញុំ​ជាទី​ប្រឹក្សា ដូចដែល​សម រង្ស៊ី ថ្មីៗ​ចុងក្រោយ គាត់​ថា ខ្ញុំ​ចូលមក​បំភ្លឺ​នេះ មិនសូវ​ដឹង​រឿង​អី​ច្រើន​ទេ មានតែ​សម រង្ស៊ី ទេ ដែល​ដឹង​រឿង​គ្រប់យ៉ាង ប៉ុន្តែ​អ្នកដឹង​តិច មាន​ព័ត៌មាន​អ្វី​ជូន​ចៅក្រម​បាន ហើយ​អ្នកដឹង​ច្រើន ក៏​មាន​ព័ត៌មាន​អ្វី​ជូន​ចៅក្រម​បាន ដើម្បី​គោលដៅ​តែមួយគត់ គឺ​រក​យុត្តិធម៌​ឲ្យ​អ្នក​ត្រូវ​ចោទ​”​។



ជាមួយគ្នា​នោះ លោក គង់ គាំ អះអាង​ថា លោក​មានការ​ភ្ញាក់ផ្អើល ដែល​មាន​វីដេអូ សម្លេង​លោក កឹម សុខា ដែល​គាត់​ថា គាត់​បានធ្វើការ​ជាមួយ​បរទេស ដើម្បី​ធ្វើ​ឲ្យ​មានការ​ផ្លាស់​ប្តូរ​នៅ​កម្ពុជា​។ លោក​បញ្ជាក់​ថា “​ខ្ញុំ​ភ្ញាក់ផ្អើល​នឹង​ប្រសា​ស​ន៍​របស់គាត់​នៅក្នុង​វីដេអូ ហើយ​អាស្រ័យ​លើ​តុលាការ​មាន​ជំនាញ​វិនិច្ឆ័យ​លើ​បញ្ហា​ហ្នឹងហើយ​បាទ​...​ខ្ញុំ​ក៏​មិន​យល់​អស់​នៅក្នុង​វីដេអូ​ហ្នឹង​ដែល​លោក កឹម សុខា គាត់​បាន​បញ្ជាក់​ថា គាត់​មាន​ទំនាក់ទំនង​ជាមួយ​សាស្ត្រាចារ្យ​បរទេស​ណា ហើយ​មាន​ផែនការ​ម៉េច ខ្ញុំ​អត់​បានដឹង​ទេ​។ អាថ៌​កំបាំង​រវាង​លោក កឹម សុខា ជាមួយ​បរទេស ដែល​យើង​មិនអាច​ដឹង​បាន ហើយ​មូល​ហេតុដែល​តុលាការ​អញ្ជើញ​ខ្ញុំ ដោយសារ​តែ​ខ្ញុំ​ជាទី​ប្រឹក្សា​ជាន់ខ្ពស់​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​គេ​យល់ថា ខ្ញុំ​អាច​ដឹង​បញ្ហា​របស់​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ មាន​ប្រធាន សម រង្ស៊ី និង កឹម សុខា។ តែ​ខ្ញុំ​មកនេះ​គ្មាន​ឯកសារ ខ្ញុំ​ពិតជា​មិន​បានដឹង​ច្រើន ដូចដែល​លោក សម រង្ស៊ី ថា អ្វីៗ​ទាំងអស់ មានតែ​គាត់​ទេ ដែល​ដឹង​ច្រើនជាងគេ​បាទ​”​។

ឆ្លើយតប​សំណួរ​ថា តើ​លោក​បានដឹង​អ្វីខ្លះ​ពី​លោក សម រង្ស៊ី និង​លោក កឹម សុខា ? លោក គង់ គាំ អះអាង​ថា “​ខ្ញុំ​គ្រាន់តែ​បាន​ដឹង​ថា ទាំងពីរ​នាក់ គណបក្ស​សិទ្ធិមនុស្ស និង​គណបក្ស​សមរង្ស៊ី ចង់​បង្កើត​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​មាន​ថាម​ពល​ប្រជែង​ជាមួយ​គណបក្ស​គ្រប់គ្រង​អំណាច​...​ប្រាកដ​ហើយ យើង​អត់​បានដឹង​អ្វី​ពី​ការ​ទំនាក់ទំនង​ដោយ​ផ្ទាល់​ជាមួយ​បរទេស​របស់​លោក កឹម សុខា នោះទេ​។



សូម​បញ្ជាក់​ថា ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក គី ឫទ្ធី កាលពី​ថ្ងៃទី​២៦ ខែធ្នូ ឆ្នាំ​២០១៨ បាន​ចេញ​ដីកា​កោះហៅ​លោក គង់ គាំ ឲ្យ​ចូល​ឆ្លើយ​បំភ្លឺ​ក្នុងនាម​ជា​សាក្សី នៅ​ព្រឹក​ថ្ងៃទី​២៣ ខែមករា ឆ្នាំ​២០១៩ វេលា​ម៉ោង​៨ និង​៣០​នាទី នៅ​ជា​ន់ទី​៤ បន្ទប់ “​គ​” ពាក់ព័ន្ធ​នឹង​សំណុំរឿង “​ស​ន្ទិ​ដ្ឋិ​ភាពជា​មួយ​បរទេស​” របស់​លោក កឹម សុខា​។

លោក កឹម សុខា ត្រូវ​បាន​ចាប់ និង​ឃុំខ្លួន​កាលពី​ថ្ងៃទី​៣ ខែកញ្ញា ឆ្នាំ​២០១៧ ដោយ​ចោទប្រកាន់​ពីបទ​ធ្វើ​សន្ធិ​ដ្ឋិ​ភាព​ជាមួយ​បរទេស តាម​មាត្រា​៤៤៣ នៃ​ក្រមព្រហ្មទណ្ឌ​។ យោងតា​ម​ក្រមព្រហ្មទណ្ឌ​បទ​ធ្វើ​ស​ន្ទិ​ដ្ឋិ​ភាព​ជាមួយ​បរទេស គឺជា​អំពើ​ត្រូវរ៉ូវ​គ្នា​ដោយ​សម្ងាត់​ជាមួយ​រដ្ឋ​បរទេស ឬ​ភ្នាក់ងារ​បរទេស ដើម្បី​បង្កើត​ឲ្យ​មាន​អំពើ​ប្រទូស្ត​រ៉ា​យ ឬ​ឲ្យ​មាន​អំពើ​ឈ្លានពាន​ប្រឆាំងនឹង​ព្រះរាជាណាចក្រ​កម្ពុជា​។ បទល្មើស​នេះ ត្រូវ​ជាប់ពន្ធនាគារ​ពី​១៥ ឆ្នាំ​ដល់​៣០​ឆ្នាំ​។ តែ​ត្រូវ​បាន​តុលាការ​សម្រេច​ដោះលែង​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន នៅវេលា​ទៀបភ្លឺ​ឈាន​ចូល​ថ្ងៃទី​១០ ខែកញ្ញា ឆ្នាំ​២០១៨ ដោយ​ដាក់​ឲ្យ​ស្ថិតនៅក្រោម​ការត្រួតពិនិត្យ​តាមផ្លូវ​តុលាការ ដោយសារតែ​បញ្ហា​សុខភាព​របស់​លោក បន្ទាប់ពី​ឃុំខ្លួន​នៅក្នុង​ពន្ធនាគារ​ត្រពាំង​ផ្លុ​ង (​ម​៣) រយៈពេល​ជាង​១​ឆ្នាំ​។



ការ​ដោះលែង​លោក កឹម សុខា ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន ក្រោម​ការ​ត្រួតពិនិត្យ​តាមផ្លូវ​តុលាការ​នេះ បាន​ភ្ជាប់​នូវ​លក្ខខណ្ឌ​ចាំបាច់​មួយចំនួន​សម្រាប់​អតីត​មេ​បក្ស​ប្រឆាំង​នេះ ដែល​រួមមាន​ដូចជា មិន​អនុញ្ញាត​ឲ្យ​ចេញ​ក្រៅពី​ព្រំប្រទល់​នៃ​ដែនដី​ដែល​ខណ្ឌ​ដោយ​ផ្លូវ​លេខ​៣១៣ ផ្លូវ​លេខ​៣១១ និង​ផ្លូវ​លេខ​៦០៨, ត្រូវ​ឆ្លើយតប​នឹង​ការ​កោះហៅ​ពី​គ្រប់​បុគ្គល​ដែល​ចាត់តាំង​ដោយ​ចៅក្រម​ស៊ើបសួរ​, មិន​ត្រូវ​ជួប​អតីត​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ និង​បុគ្គល​ឬ​ជនបរទេស​ដែល​ពាក់ព័ន្ធ​នឹង​សំណុំរឿង និង​មិន​ត្រូវ​ជួបជុំ​ធ្វើ​សកម្មភាព​នយោបាយ​ជាដើម​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu