ភ្នំពេញ ៖ ធនាគារអភិវឌ្ឍន៍អាស៊ីដែលហៅកាត់ថាADBនឹងជួយរៀបចំប្រព័ន្ធបណ្តុះបណ្តាល វិជ្ជាជីវៈបច្ចេកទេសនៅកម្ពុជាដើម្បីឆ្លើយតបទៅនឹងការរីកចម្រើនរបស់ប្រទេសជាតិនិងពិភពលោក។
លោក ពេជ សោភ័ន រដ្ឋលេខាធិការក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈមានប្រសាសន៍ថា ចាប់ពីឆ្នាំ២០១៩នេះទៅADBនឹងជួយរៀបចំកម្មវិធីសិក្សា សង់អគារសិក្សាបន្ថែម បំពាក់សម្ភារៈរោងជាងទំនើប បណ្តុះបណ្តាលបន្ថែមដល់គ្រូនិងអ្នកដឹកនាំឲ្យមានសមត្ថភាពខ្ពស់ដើម្បីឲ្យស្របទៅតាមបច្ចេកវិទ្យាឌីជីថលនិងបដិវត្តឧស្សាហកម្មបួនចុចសូន្យដែលផ្តោតសំខាន់លើការប្រើបច្ចេកវិទ្យាអ៊ីនធើណេត។
ថ្លែងក្រោយជំនួបសម្តែងការគួរសមជាមួយលោកស្រី Suniya Durrani Jamal នាយកធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជាកាលពីព្រឹកថ្ងៃទី៣១មករានៅទីស្តីការក្រសួង លោក បានបន្តថាការជួយរៀបចំប្រព័ន្ធបណ្តុះបណ្តាលរបស់ADBនេះគឺធ្វើឡើងតាមរយៈគម្រោងផែនការយុទ្ធសាស្ត្រ៥ឆ្នាំដែលនឹងចាប់ផ្តើមអនុវត្តនៅឆ្នាំ២០១៩ដល់ឆ្នាំ២០២៣ខាងមុខនេះដើម្បីអភិវឌ្ឍន៍វិស័យបណ្តុះបណ្តាលវិជ្ជាជីវៈបច្ចេកទេសនៅកម្ពុជាឲ្យកាន់តែប្រសើរឡើងថែមទៀត ។
លោកបានបន្ថែមថា គម្រោងថ្មីនេះនឹងជួយដល់វិទ្យាស្ថានបណ្តុះបណ្តាលវិជ្ជាជីវៈបច្ចេកទេសចំនួន៥ដែលមាននៅរាជធានីភ្នំពេញនិងនៅតាមបណ្តាខេត្តដើម្បីឲ្យវិទ្យាស្ថានទាំងនោះបណ្តុះបណ្តាលជំនាញផ្សេងៗដល់សិស្សនិស្សិតឲ្យកាន់តែមានសមត្ថភាពខ្ពស់ថែមទៀតក្នុងការចូលរួមប្រកួតប្រជែងជាមួយយុវជនផ្សេងៗទៀតនៅក្នុងតំបន់។
ជាមួយគ្នានេះដែរ លោកបានបន្ថែមទៀតថា នៅឆ្នាំ២០១៩នេះ ក្រសួងនឹងធ្វើកំណែទំរង់វិស័យអប់រំបណ្តុះបណ្តាលវិជ្ជាជីវៈបច្ចេកទេសនេះដោយផ្តោតសំខាន់ទៅលើកត្តាហេដ្ឋារចនាសម្ព័ន្ធ យន្តការនិងបុគ្គលនៃអង្គភាពបណ្តុះបណ្តាលនីមួយៗដើម្បីបង្កើនប្រសិទ្ធភាពនិងផលិតភាពការងារនៅក្នុងវិស័យនេះឲ្យកាន់តែប្រសើរឡើងថែមទៀត។
ទន្ទឹមនឹងនេះក្រសួងក៏នឹងធ្វើទំនើបកម្មផងដែរទៅលើកម្មវិធីសិក្សា ការពង្រឹងគុណភាពគ្រូនិងថ្នាក់ដឹកនាំនៅតាមអង្គភាពបណ្តុះបណ្តាលនានាដើម្បីស្របទៅតាមការវិវត្តន៍នៃបដិវត្តឧស្សាហកម្មជំនាន់ទី៤ដែលផ្តោតសំខាន់ទៅលើការប្រើបច្ចេកវិទ្យាអ៊ីនធើណេត។
គួរបញ្ជាក់ថា ធនាគារអភិវឌ្ឍន៍អាស៊ីបានជួយបណ្តុះបណ្តាលវិជ្ជាជីវៈបច្ចេកទេសដល់យុវជនកម្ពុជាលើកទី១តាំងពីឆ្នាំ២០១១ដល់ឆ្នាំ២០១៥ លើកទី២ចាប់ពីឆ្នាំ២០១៦ដល់ឆ្នាំ២០២១ដោយផ្តោតទៅលើសិស្សនៅកំរិតថ្នាក់ទី៩នូវជំ នាញខ្លីៗកំរិតមូលដ្ឋានដូចជាជំនាញជួសជុលរថយន្ត អគ្គិសនី សំណង់និងបច្ចេកវិទ្យាកុំព្យូទ័រដើម្បីឲ្យសិស្សមានលទ្ធភាពក្នុងការស្វែងរកការងារធ្វើនៅក្នុងសង្គមបង្កើនប្រាក់ចំណូលលើកស្ទួយដល់សេដ្ឋកិច្ចគ្រួសារកាន់តែប្រសើរឡើងថែមទៀត៕
Source: Kampuchea Thmey Daily
0 Comments