សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (ស.ប.ក) បានបញ្ជាក់ថ្មីៗថានឹងរៀបចំកម្មវិធីប្រកួតបាល់ទាត់មិត្តភាពអន្តរជាតិមួយរវាងក្រុម Cambodia All Stars ជាមួយក្រុមបាល់ទាត់ Muangthong United សមាជិកក្នុងពានរង្វាន់លីគកំពូលប្រទេសថៃ ខណៈក្រុមទាំង២ធ្លាប់បានជួបគ្នា២លើកហើយកាលពីឆ្នាំ២០១៧ កន្លងទៅ។
ក្រុម Cambodia All Stars លើកនេះដឹកនាំដោយលោក ភា សុភត្រា គ្រូបង្វឹករបស់ក្រុមក្រសួងការពារជាតិ ខណៈថ្នាក់ដឹកនាំក្រុមផ្សេងទៀតមានលោក ឈូក ពិសិដ្ឋ តែងតាំងជាអ្នកចាត់ការទូទៅ លោក អ៊ុំ សាវង្ស គ្រូជំនួយ លោក ហោ សុខហេង គ្រូជំនួយ លោក យឿម សារ៉ាន់ គ្រូជំនួយ លោក ស៊ឹម ម៉េងហៃ គ្រប់គ្រងសម្ភារៈ និងលោក នី លក្ខណា គ្រប់គ្រងសម្ភារៈ។
ក្រុម Cambodia All Stars លើកនេះត្រូវបានលោក ភា សុភត្រា ជ្រើសរើសកីឡាករដាក់បញ្ជីបញ្ជូនទៅកាន់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា រួចមកហើយដោយក្នុងនោះរង់ចាំតែថ្ងៃប្រកាសផ្លូវការតែប៉ុណ្ណោះ។ ចំណែកគម្រោងនៃថ្ងៃប្រមូលផ្តុំគឺនឹងចាប់ផ្តើមពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៩ តទៅ ខណៈក្រុមនេះត្រៀមប្រកួតមិត្តភាពកម្តៅសាច់ដុំ ជាមួយក្រុម African All Stars (បណ្តុំកីឡាករមកពីទ្វីបអាហ្វ្រិកដែលប្រកបអាជីពបាល់ទាត់នៅកម្ពុជា)នៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៩ ខាងមុខ។
ក្រុម Cambodia All Stars គឺជាការប្រមូលផ្ដុំកីឡាករល្អៗនៅក្នុងលីគកំពូលកម្ពុជា ទាំងកីឡាករខ្មែរនិងបរទេស ខណៈក្រុមនេះធ្លាប់បានប្រកួតមិត្តភាព៥លើករួចមកហើយ។ លោក ប្រាក់ សុវណ្ណារ៉ា និង លោក ទេព ឡុងរចនា ក៏ធ្លាប់មានបទពិសោធន៍ដឹកនាំក្រុមមួយនេះដែរខណៈចុងក្រោយលោក Leonardo Vitorino គឺជាគ្រូបង្វឹកម្តង។ ក្រុម Cambodia All Stars ត្រូវបានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បង្កើតឡើងនៅចុងឆ្នាំ២០១៥ មកម្ល៉េះ។
សម្រាប់លើកនេះលោក ភា សុភត្រា ជ្រើសរើសប្រធានក្រុមចំនួន២នាក់ សម្រាប់ដឹកនាំក្រុមលើទីលាន គឺមានកីឡាករក្លឹបព្រះខ័នរាជស្វាយរៀង សឿយ វិសាល និងកីឡាករក្លឹបណាហ្គាវើល គួច សុកុម្ភៈ។ ហេតុផលដែលលោកសម្រេចចិត្តរើសប្រធានក្រុមដល់ទៅ២នោះគឺ «ឥឡូវនេះសម្រាប់ប្រធានក្រុមគឺមាន ២នាក់ ដោយសារការរៀបចំ និងរបៀបនៃការលេង យើងមានការផ្លាស់ប្ដូរដោយសេរី។ អញ្ចឹងខ្ញុំប្រហែលជាចែកជា ២ក្រុម ដោយមានប្រធានក្រុមទី១ និងប្រធានក្រុមទី២ ក្នុងនោះមាន សឿយ វិសាល និង គួច សុកុម្ភៈ ហើយ ខ្ញុំនឹងធ្វើការរៀបចំ ការប្រកួតវគ្គទី១ និងវគ្គទី២ អ្នកជាប្រធានក្រុម»។ លោកថា ការជ្រើសរើសពួកគេ ព្រោះអ្នកទាំងពីរ មានបទពិសោធន៍ច្រើន និងមានភាពជាគំរូដ៏ល្អ សម្រាប់យុវជនជំនាន់ក្រោយ។
តាមគម្រោងក្រុម Muangthong United របស់ថៃនឹងប្រកួតជាមួយក្រុម Cambodia All Stars នៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៩ ខាងមុខ។ គោលដៅនៃការប្រកួតរវាងក្រុម Muangthong United និងក្រុម Cambodia All Stars កាលពីលើកទី១គឺដើម្បីដកស្រង់បទពិសោធន៍ រវាងក្រុមទាំង២ក៏ដូចជារឹតចំណងមិត្តភាពរវាងប្រទេសទាំង ជាពិសេសគឺដើម្បីប្រមូលថវិកាសម្រាប់សកម្មភាពពង្រឹងសមត្ថភាពកីឡាករបាល់ទាត់វ័យក្មេងកម្ពុជានៅទូទាំង ២៥រាជធានី-ខេត្តនានាក្នុងព្រះរាជាណាចក្រកម្ពុជា ក្នុងការត្រៀមខ្លួនឆ្ពោះទៅកាន់ការប្រកួតស៊ីហ្គេមឆ្នាំ២០២៣ ដែលកម្ពុជាគ្រោងធ្វើម្ចាស់ផ្ទះ៕
Source: Kampuchea Thmey Daily
0 Comments