Ad Code

ជ័យជម្នះ ៧​មករា បាន​សង្គ្រោះ​អាយុជីវិត​ប្រជាជន ដែល​នៅ​សេសសល់​ពី​ការ​កាប់សម្លាប់ ហើយ​នាំមក​នូវ​សិទ្ធិ​សេរីភាព​គ្រប់យ៉ាង និង​បាន​ធ្វើ​ឲ្យ​ជាតិ​ទាំងមូល​រស់​ឡើងវិញ



សៀមរាប​ ៖ ថ្លែង​នៅក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​អគារ​អនុស្សាវរីយ៍ ទីបញ្ជាការ​រណសិរ្ស​៤៧៩ កងទ័ព​ស្ម័គ្រចិត្ត​វៀតណាម​នៅ​កម្ពុជា នៅ​ខេត្តសៀមរាប កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី៣១ ខែមករា ឆ្នាំ​២០១៩ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក បាន​លើក​ឡើង​ថា ជ័យជម្នះ ៧​មករា បាន​សង្គ្រោះ​អាយុជីវិត​ប្រជាជន ដែល​នៅ​សេសសល់​ពី​ការ​កាប់សម្លាប់​បាន​ទាន់​ពេល​វេលា ហើយ​នាំមក​នូវ​សិទ្ធិ​សេរីភាព​គ្រប់យ៉ាង និង​បាន​ធ្វើ​ឲ្យ​ជាតិ​ទាំងមូល​រស់​ឡើងវិញ​។



​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត លើក​ឡើង​ថា ទោះបី​ពេលវេលា​បាន​កន្លង​ផុត​ទៅ​ជាច្រើន​ទសវត្ស​ហើយក៏​ដោយ ក៏​យើង​ទាំងអស់​គ្នា​នៅតែ​ចងចាំ​ជានិច្ច​នូវ​មហា​សោកនាដកម្ម ដែល​បណ្តាល​មក​ពី​ឧក្រិដ្ឋកម្ម​ប្រល័យពូជសាសន៍​របស់​ពួក​ឃាតករ​អាវ​ខ្មៅ ដែល​បាន​ធ្វើ​ឲ្យ​កម្ពុជា​ក្លាយជា​វាល​ពិឃាដ​ពោរពេញ​ដោយ​ឈាម និង​ទឹកភ្នែក​របស់​ប្រជាជន​។ ប្រជាជន​កម្ពុជា​រាប់​លាន​នាក់ ត្រូវ​បាន​សម្លាប់​រង្គាល​យ៉ាង​អាណោចអាធម៌ ព្រម​ជា​មួយ​នោះ រចនាសម្ព័ន្ធ​សង្គមជាតិ​ទាំងមូល​ត្រូវ​បំផ្លាញ​ខ្ទេចខ្ទី​ដល់​ឫសគល់​។ ស្ថិត​ក្នុង​កាលៈទេសៈ​នៃ​មហន្តរាយ​នេះ កម្លាំង​អ្នក​ស្នេហា​ជាតិ ដែល​នៅសល់​ពី​ការ​កាប់សម្លាប់​នៃ​របប ប៉ុល ពត បាន​ក្រោកឈរ​តស៊ូ​ប្រកបដោយ​វីរភាព ប្រឆាំង​តបត​នឹង​របប​នេះ ហើយ​បានរួម​គ្នា​បង្កើត​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា នៅ​ថ្ងៃ​២​ធ្នូ ឆ្នាំ​១៩៧៨ ដើម្បី​ដឹកនាំ​ប្រជាជន​ធ្វើការ​តស៊ូ​រំដោះប្រទេស​ជាតិ​ពីរ​បប​ដ៏​កាច​សាហាវ​នេះ​។



តាម​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត កងទ័ព​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា ដែលមាន​ការគាំទ្រ​ពី​ប្រជាជន​កម្ពុជា​នៅ​ទូទាំង​ប្រទេស និង​ទទួលបាន​ការ​ជួយឧបត្ថម្ភ​ដ៏​ធំធេង ទាន់ពេលវេលា និង​មាន​ប្រសិទ្ធភាព​ពី​សំណាក់​កងទ័ព​ស្ម័គ្រចិត្ត​វៀតណាម ក៏ដូចជា​ពី​កម្លាំង​ស្នេហា​សន្តិភាព និង​យុត្តិធម៌​នានា​នៅលើ​ពិភពលោក បាន​វាយ​ផ្តួលរំលំ​របប​ប្រល័យពូជសាសន៍ ទទួលបាន​ជ័យជម្នះ​ដ៏​ត្រចះត្រចង់ នៅ​ថ្ងៃ​៧ មករា ឆ្នាំ​១៩៧៩​។ ជ័យជម្នះ ៧​មករា បាន​សង្គ្រោះ​អាយុជីវិត​ប្រជាជន​ដែល​នៅ​សេសសល់​ពី​ការ​កាប់សម្លាប់​បាន​ទាន់​ពេល​វេលា បាន​នាំមក​ជូន​ប្រជាជន​វិញ​នូវ​សិទ្ធិ​សេរីភាព​គ្រប់យ៉ាង និង​បានធ្វើ​ឲ្យ​ជាតិ​ទាំងមូល​រស់​ឡើងវិញ​។



លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត បញ្ជាក់​ថា ក្រោយ​ថ្ងៃ​រំដោះ ស្ថានភាព​សន្តិសុខ​ជាតិ​ត្រូវ​បន្ត​ប្រឈម នឹង​ការ​គំរាមកំហែង​នៃ​ការប៉ុនប៉ង​វិលត្រឡប់​មកវិញ​នៃ​របប​ប្រល័យពូជសាសន៍ ដែល​នេះ​ជា​ដំណាក់កាល​មួយទៀត ដ៏​សែន​លំបាក​ជាទីបំផុត ដែល​ដៃ​ម្ខាង​ខិតខំ​ស្តារ​សេដ្ឋកិច្ច​សង្គម និង​ជីវភាព​រស់នៅ​របស់​ប្រជាជន​ឡើងវិញ ពី​លេខ​សូន្យ និង​ពី​បាតដៃ​ទទេ ហើយ​ដៃ​ម្ខាង​ទៀត​ត្រូវ​ប្រយុទ្ធ​ទប់ស្កាត់​មិន​ឲ្យ​របប ប៉ុល ពត វិល​មកវិញ​បាន​។ ប្រសិនបើ​ពេលនោះ​យើង​មិនអាច​រាំង​ស្កាត់​បាន​នូវ​ការវិល​ត្រឡប់មកវិញ​នៃ​របប​ប្រល័យពូជសាសន៍​ទេនោះ យើង​ពិតជា​ពុំ​អាចមាន​ជីវិត និង​មាន​អ្វីៗ​មកដល់​ថ្ងៃនេះ​បានឡើយ​។

ដូច្នេះ​ការ​ជួប​ជុំ​នា​ថ្ងៃនេះ រួម​ជាមួយនឹង​ការ​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​អគារ​អនុស្សាវរីយ៍​ទីបញ្ជាការ​រណសិរ្ស​៤៧៩ កងទ័ព​ស្ម័គ្រចិត្ត​វៀតណាម​នៅ​កម្ពុជា គឺជា​ព្រឹត្តិការណ៍​មួយ​ដ៏​មាន​អត្ថន័យ​ដ៏​ជ្រាលជ្រៅ​បំផុត ដើម្បី​ជាការ​រំឭក​ដឹងគុណ​ចំពោះ​គុណូបការៈ​ដ៏​ឧត្តុង្គឧត្តម និង​ពលិកម្ម​ដ៏​ធំធេង​របស់​វីរ​កម្មាភិបាល យុទ្ធជន យុទ្ធ​នារី នៃ​រណសិរ្ស​៤៧៩ ដែល​បាន​បូជា​សាច់​ស្រស់ ឈាម​ស្រស់​ក្នុងការ​ប្រយុទ្ធ​ការពារ​ជាតិ និង​ប្រជាជន​កម្ពុជា​ឲ្យ​រស់​ឡើងវិញ​ក្នុង​សេចក្តី​សុខសាន្ត​។



ជាមួយគ្នា​នោះ លោក​បាន​ថ្លែងអំណរគុណ​ចំពោះ​បញ្ជាការដ្ឋាន​យោធភូមិភាគ​ទី​៧ នៃ​កងទ័ព​ប្រជាជន​វៀតណាម ដែល​បាន​ជួយឧបត្ថម្ភ​ថវិកា​ក្នុងការ​ជួសជុល​ឡើងវិញ​នូវ​សំណង់​ជា​ប្រវត្តិសាស្ត្រ​ទាំងអស់នេះ ដែលជា​ការចូលរួម​ប្រកបដោយ​អត្ថន័យ និង​មនោសញ្ចេតនា​ស្មោះស្ម័គ្រ​ជាមួយ​ប្រជាជន និង​កងទ័ព​កម្ពុជា ដើម្បី​រំឭក​ឡើងវិញ​នូវ​អនុស្សាវរីយ៍​នៃ​វីរភាព​ដ៏​អង់អាច​ក្លាហាន និង​ពលិកម្ម​ដ៏​ធំធេង ក្នុង​បុព្វហេតុ​នៃ​ការ​រស់រានមានជីវិត​ឡើងវិញ​របស់​ជាតិ និង​ប្រជាជន​កម្ពុជា​។ ស្នាដៃ​ដ៏​ធំធេង​នេះ ត្រូវ​បាន​កត់ត្រា​ទុកជា​រៀងរហូត​នៅក្នុង​ការ​ចងចាំ​របស់​ប្រជាជន​កម្ពុជា​គ្រប់ៗ​រូប គ្រប់ៗ​ជំនាន់ ដែល​ស្រឡាញ់​សន្តិភាព សេរីភាព និង​យុត្តិធម៌​។

ទន្ទឹម​នោះ លោក ហ៊ុន ម៉ា​ណែ​ត ក៏បាន​អបអរសាទរ និង​វាយតម្លៃ​ខ្ពស់ ចំពោះ​ទំនាក់ទំនង​មិត្តភាព សាមគ្គីភាព កិច្ច​សហប្រតិបត្តិការ​ល្អ និង​ស្មារតី​ជួយ​គ្នា​ទៅវិញទៅមក រវាង​បញ្ជាការដ្ឋាន​យោធភូមិភាគ​ទី​៤ នៃ​កងយោធពល​ខេមរភូមិន្ទ និង​បញ្ជាការដ្ឋាន​យោធភូមិភាគ​ទី​៧ នៃ​កងទ័ព​ប្រជាជន​វៀតណាម តាំងពីដើម​រៀងមក ដែលជា​ការ​ចូលរួមចំណែក​យ៉ាងសំខាន់​ក្នុង​ការ​ធ្វើ​ឲ្យ​ទំនាក់ទំនង​មិត្ត​ភាពជា​ប្រពៃណី​នៃ​កងទ័ព និង​ប្រជាជន​ទាំងពីរ​កាន់តែ​ជិតស្និទ្ធ រឹងមាំ ប្រកបដោយ​ការយោគយល់ និង​ការជឿទុកចិត្ត​គ្នា​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu