កាលពីថ្ងៃពុធ ក្រុមបាតុករគណបក្សប្រឆាំងរាប់ពាន់នាក់ដែលដឹកនាំដោយប្រធានាធិបតីស្តីទីប្រកាសដោយខ្លួនឯងរបស់ប្រទេសវេណេហ្ស៊ូអេឡាលោក Juan Guaido បានអំពាវនាវឲ្យកងកម្លាំងប្រដាប់អាវុធបោះបង់ចោលលោកប្រធានាធិបតី Nicolas Maduro និងអនុញ្ញាតឲ្យមានជំនួយមនុស្សធម៌ចូលមកក្នុងប្រទេសដែលរងគ្រោះដោយវិបត្តិមួយនេះ។
មនុស្សម្នាបាននាំគ្នាចេញមកតាមដងផ្លូវក្នុងរដ្ឋធានី Caracas និងនៅទីក្រុងជាច្រើនទៀតដោយពួកគេបានគោះឆ្នាំង ផ្លុំកញ្ចែនិងត្រែហើយកាន់បដា។
លោក Guaido បាននិយាយនៅក្នុងសារមួយទៅកាន់យោធាចេញពីសាកលវិទ្យាល័យក្នុងទីក្រុង Caracas ថា “កុំបាញ់មនុស្សដែលក៏កំពុងទាមទារសម្រាប់គ្រួសាររបស់អ្នកផងដែរ”។
គាត់ក៏បានសរសេរផងដែរនៅក្នុងអត្ថបទវិចារណកថារបស់កាសែត New York Times ដែលបានចេញផ្សាយកាលពីថ្ងៃពុធថា ការគាំទ្ររបស់យោធាគឺជាគន្លឹះនៃកិច្ចខិតខំប្រឹងប្រែងដើម្បីទម្លាក់លោក Maduro។ គាត់និយាយថា កិច្ចប្រជុំសម្ងាត់ត្រូវបានធ្វើឡើងជាមួយសមាជិកនៃកងកម្លាំងសន្តិសុខ។
លោក Guaido បានសរសេរថា “ការដកការគាំទ្ររបស់យោធាពីលោក Maduro គឺមានសារៈសំខាន់ខ្លាំងណាស់ក្នុងការធ្វើឲ្យមានការផ្លាស់ប្តូរនៅក្នុងរដ្ឋាភិបាលហើយយោធាភាគច្រើនដែលកំពុងបម្រើការបានយល់ស្របថា ការធ្វើដំណើររបស់ប្រទេសនេះនាពេលថ្មីៗនេះគឺមិនអាចទ្រទ្រង់បានទេ”។
ប្រធានសភាជាតិវ័យ៣៥ឆ្នាំរូបនេះកំពុងព្យាយាមបង្ខំឲ្យលោក Maduro វ័យ៥៦ឆ្នាំចុះចេញពីតំណែងដូច្នេះគាត់អាចបង្កើតរដ្ឋាភិបាលអន្តរកាលមួយនិងរៀបចំការបោះឆ្នោតប្រធានាធិបតីថ្មី។
លោក Guaido ទទួលបានការគាំទ្រយ៉ាងឆាប់រហ័សពីសហរដ្ឋអាមេរិកនិងបណ្ដាប្រទេសអាមេរិកឡាទីន។ ប្រទេសអឺរ៉ុបធំៗចំនួនប្រាំមួយបានប្រាប់លោក Maduro ឲ្យរៀបចំការបោះឆ្នោតទាំងនេះនៅចុងសប្តាហ៍នេះបើមិនដូច្នោះទេពួកគេក៏នឹងទទួលស្គាល់លោក Guaido ផងដែរ។
ប្រធានាធិបតីអាមេរិកលោក Donald Trump បានបង្ហោះ Twitter បន្ទាប់ពីនិយាយជាមួយលោក Guaido ថា “នៅថ្ងៃនេះ មានការតវ៉ាធំៗនៅទូទាំងប្រទេសវេណេហ្ស៊ូអេឡាប្រឆាំងលោក Maduro ។ ការប្រយុទ្ធដើម្បីសេរីភាពបានចាប់ផ្តើមហើយ!”។
មនុស្សរាប់លាននាក់បានជាប់ក្នុងភាពក្រីក្រនៅប្រទេសវេណេហ្ស៊ូអេឡាខណៈពេលដែលមនុស្សចំនួន២.៣លាននាក់បានភៀសខ្លួនចេញពីប្រទេសដែលជាហេតុបង្កឲ្យមានវិបត្តិចំណាកស្រុកនៅតំបន់អាមេរិកខាងត្បូង។
ការតវ៉ាកាលពីថ្ងៃពុធគឺជាការធ្វើកូដកម្មរយៈពេល២ម៉ោងដែលមានគោលបំណងទាមទារឲ្យកងកម្លាំងប្រដាប់អាវុធមកនៅខាងប្រជាជនបន្ទាប់ពីការប៉ះទង្គិចបង្ហូរឈាមក្រោយបាតុកម្មកាលពីសប្ដាហ៍មុនបានធ្វើឲ្យមនុស្សជាង៤០នាក់ស្លាប់និង៨៥០នាក់ត្រូវជាប់ពន្ធនាគារ៕ AFP
Source: Kampuchea Thmey Daily
0 Comments