ប្រមុខប៉ូលិសជាតិបាននិយាយនៅថ្ងៃចន្ទថា សកម្មប្រយុទ្ធ Abu Sayyaf ជាន់ខ្ពស់ម្នាក់និងសមាជិកក្រុមសកម្មប្រយុទ្ធ៤នាក់ ដែលគេជឿថា នៅពីក្រោយការបំផ្ទុះគ្រាប់បែកសម្លាប់មនុស្សក្នុងព្រះវិហារកាតូលិកមួយនៅភាគខាងត្បូងប្រទេសហ្វីលីពីន បានចូលប្រគល់ខ្លួនដល់អាជ្ញាធរកាលពីចុងសប្តាហ៍។
លោក Osama Albayalde បាននិយាយថា លោក Kammah Pae ដែលអាជ្ញាធរជឿថាបានជួយដល់ប្តីប្រពន្ធឥណ្ឌូនេស៊ីមួយគូក្នុងការវាយប្រហារអត្តឃាតកាលពីថ្ងៃទី២៧ខែមករាបានប្រគល់ខ្លួនដល់កងកម្លាំងរដ្ឋាភិបាល។
លោក Albayalde បានប្រាប់សន្និសីទសារព័ត៌មានមួយថា “គាត់ត្រូវបានគេបង្ខំឲ្យប្រគល់ខ្លួន។ គាត់ប្រហែលជាមិនចង់ស្លាប់ក្នុងអំឡុងពេលនៃការវាយលុករបស់យោធានោះទេ”។
ទាហានហ្វីលីពីនបានសម្លាប់សកម្មប្រយុទ្ធ Abu Sayyaf សង្ស័យចំនួន៣នាក់នៅក្នុងការផ្ទុះអាវុធមួយកាលពីថ្ងៃសៅរ៍នៅទីប្រជុំជន Patikul ក្នុងខេត្ត Sulu ខណៈកងទ័ពកំពុងតាមចាប់អ្នកដែលនៅពីក្រោយការវាយប្រហារលើព្រះវិហារកាតូលិក។
លោក Albayalde បាននិយាយថា លោក Kammah បានបដិសេធការចូលរួមនៅក្នុងការបំផ្ទុះគ្រាប់បែកភ្លោះលើព្រះវិហារខេត្ត Jolo ដែលបានសម្លាប់មនុស្សចំនួន២៣នាក់រួមទាំងជនស៊ីវិលនិងទាហានផងដែរប៉ុន្តែការអះអាងរបស់សាក្សីជាច្រើនបានបង្ហាញថា លោកបានអមដំណើរគូស្វាមីភរិយាឥណ្ឌូនេស៊ីនោះ។
លោក Albayalde បានបន្ថែមថា កងកម្លាំងសន្តិសុខក៏បានរកឃើញឧបករណ៍ផ្ទុះកែច្នៃ (IED) និងធាតុផ្សុំនានាពីផ្ទះរបស់គាត់ផងដែរ។ លោក Albayalde បន្តថា ជនសង្ស័យទាំង៥នាក់នឹងប្រឈមមុខនឹងការចោទប្រកាន់ឃាតកម្មច្រើនករណីក្នុងចំណោមការចោទប្រកាន់ផ្សេងទៀត។
គួរបញ្ជាក់ថា ក្រុម Abu Sayyaf គឺជាអង្គការសកម្មប្រយុទ្ធមួយដែលល្បីឈ្មោះដោយសារការចាប់ជំរិតនិងបក្ខពួកជ្រុលនិយមហើយបានសន្យារក្សាភក្ដីភាពចំពោះក្រុមរដ្ឋឥស្លាម៕ REUTERS
[caption id="attachment_1021598" align="alignnone" width="700"]
Source: Kampuchea Thmey Daily
0 Comments