ភ្នំពេញ ៖ មនុស្សពីរនាក់ ក្នុងនោះអ្នកចែកចាយម្នាក់និងម្នាក់ទៀតជាអ្នកប្រើប្រាស់ត្រូវបានសមត្ថកិច្ចនគរបាលខណ្ឌពោធិ៍សែនជ័យសហការជាមួយកម្លាំងប៉ុស្ដិ៍ចោមចៅ៣ចុះចាប់ខ្លួនបានភ្លាមៗបន្ទាប់ពីធ្វើការស្រាវជ្រាវមួយរយៈមកនិងដកហូតបានថ្នាំញៀនចំនួន២៩កញ្ចប់ជាវត្ថុតាងកាលពីវេលាម៉ោង ១២និង១៥នាទីថ្ងៃត្រង់ ទី១៩ ខែកុម្ភៈ ឆ្នាំ២០១៩ នៅចំណុចបន្ទប់ជួលរបស់ជនសង្ស័យ ស្ថិតនៅភូមិព្រៃព្រីងខាងជើង២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។
ជនសង្ស័យទី១ ឈ្មោះ អៀង នុត ភេទប្រុស អាយុ២១ឆ្នាំមុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិព្រៃព្រីងជើង២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ទី២ឈ្មោះផែង ភីន ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។
មុនពេលឈានដល់ការចាប់ខ្លួន បន្ទាប់ពីទទួលបានដំណឹងពីប្រជាពលរដ្ឋក្នុងមូលដ្ឋានថា ជនសង្ស័យទាំងពីរមានលក្ខណៈគួរឲ្យសង្ស័យ ព្រោះគ្មានមុខរបរអីច្បាស់លាស់សោះ តែបែរជាមានលុយកាក់ចាយវាយផឹកស៊ីគួរសម បន្ទាប់ពីធ្វើការស៊ើបអង្កេតតាមដានរួចមកទើបឈានដល់ការ ចុះបង្ក្រាបជាក់ស្តែងដោយឃាត់ខ្លួនបានជនសង្ស័យបានតែម្ដង។ ការចុះចាប់ខ្លួនសមត្ថកិច្ចឆែកឆេរដកហូតបានថ្នាំក្រាម សថ្លាចំនួន២៩កញ្ចប់តូច ក្នុងនោះមានវេចខ្ចប់ជាមួយសន្លឹកឆ្នោតកោស ១០កញ្ចប់ និង១កញ្ចប់ធំ សរុប២៩កញ្ចប់។
បច្ចុប្បន្នជនសង្ស័យកំពុងសួរនាំនិងឃុំខ្លួនជាបណ្ដោះអាសន្ននៅ អធិការដ្ឋាននគរបាលខណ្ឌដើម្បីរង់ចាំបញ្ជូនខ្លួនឡើងតុលាការចាត់ការទៅតាមច្បាប់៕
Source: Kampuchea Thmey Daily
0 Comments