Ad Code

អគ្គលេខាធិការ ​៖ ឆ្នាំ​២០១៩ នេះ គ​.​ជ​.​ប ត្រូវ​អនុវត្ត​ភារកិច្ច​សំខាន់ៗ​ចំនួន​៣​ព្រម​គ្នា



ភ្នំពេញ​ ៖ ក្នុង​ឆ្នាំ​២០១៩​នេះ យោង​តាម​ច្បាប់បោះឆ្នោត និង​តាម​ការចាំបាច់ គណៈកម្មាធិការ​ជាតិ រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) ត្រូវ​អនុវត្ត​ភារកិច្ច​សំខាន់ៗ​ចំនួន​៣​ព្រម​គ្នា នេះ​បើ​តាម​ប្រសាសន៍​របស់​លោក ទេព នីថា អគ្គលេខាធិការ គ​.​ជ​.​ប នៅក្នុង​ពិធី​បិទ​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការ​ស្រង់​ស្ថិតិ​ប្រជាពលរដ្ឋ​ប៉ាន់ស្មាន និង​ការ​ចុះឈ្មោះ​បោះឆ្នោត ឆ្នាំ​២០១៩ ការ​ចុះឈ្មោះ​បោះឆ្នោត ការចុះបញ្ជី​គណបក្ស​នយោបាយ​ឈរឈ្មោះ​បោះឆ្នោត និង​បញ្ជី​បេក្ខជន​ឈរឈ្មោះ សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី ក្រុមប្រឹក្សា​ខេត្ត ក្រុមប្រឹក្សា​ក្រុង ក្រុមប្រឹក្សា​ស្រុក ក្រុមប្រឹក្សា​ខណ្ឌ អាណត្តិ​ទី​៣ កាលពី​ព្រឹក​ថ្ងៃទី​១៩ ខែកុម្ភៈ ឆ្នាំ​២០១៩​។



លោក ទេព នីថា បាន​មានប្រសាសន៍ថា ការងារ​សំខាន់ៗ​ទាំង​៣​នោះ​រួមមាន ទី​១- ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ការ​ចុះឈ្មោះ​បោះឆ្នោត ឆ្នាំ​២០១៩ ទី​២- ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី ក្រុមប្រឹក្សា​ខេត្ត ក្រុមប្រឹក្សា​ក្រុង ក្រុមប្រឹក្សា ស្រុក ក្រុមប្រឹក្សា​ខណ្ឌ អាណត្តិ​ទី​៣ ទី​៣- ការប្រឡងប្រជែង​ជ្រើសរើស​សមាជិក​លេខាធិកា​រដ្ឋា​ន​នៃ​រាជធានី ខេត្ត​។



ការងារ​ទាំង ៣ ខាងលើ​នេះ​ត្រូវ​បាន គ​.​ជ​.​ប ត្រៀម​ទាំង​ក្របខណ្ឌ​ច្បាប់ និង​ផែន​ការដែល ត្រូវធ្វើ​ព្រម​គ្នា​តាំងពី​ចុងឆ្នាំ​២០១៨​។ ការងារ​នេះ​ចាប់ផ្តើម​ពី​ខែកុម្ភៈ ហើយ​ត្រូវ​បញ្ចប់​ជា​បន្តបន្ទាប់ ទៅតាម​ប្រតិទិន​កំណត់​។



នៅក្នុង​ពិធី​បិទ​វគ្គ​បណ្តុះបណ្តាល​នោះដែរ លោក​បាន​ណែនាំ​ដល់​សិក្ខាកាម​ថា ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា ជាការ​បោះឆ្នោត​អ​សកល ហើយ​អ្នកបោះឆ្នោត គឺជា​សមាជិក​ក្រុម​ប្រឹក្សាឃុំ សង្កាត់ ក្នុង​តំណែង សម្រាប់​ការ​ចុះ (​ស្រង់​) ឈ្មោះ​បោះឆ្នោត ពុំមាន​ការ​លំបាក​ទេ តែ​ត្រូវ​យកចិត្តទុកដាក់​ក្នុង​ការ​ផ្ទៀងផ្ទាត់​ទិន្នន័យ​អ្នកបោះឆ្នោត ឲ្យ​បាន​ត្រឹមត្រូវ រវាង​បញ្ជី​បោះឆ្នោត និង​ឯកសារ​បញ្ជាក់​អត្តសញ្ញាណ​ផ្លូវការ ដែល​ត្រូវ ប្រើ​សម្រាប់​បោះឆ្នោត និង​សំខាន់​ទៀត​ក្នុងករណី​មានការ​ផ្លាស់​ប្តូរ​សមាជិក កបឃ​.​ស ព្រោះ​ពេលវេលា​មានកំណត់​។ ជាមួយគ្នា​នោះ ត្រូវ​រៀបចំ​ផែនការ ប្រតិទិន​ឲ្យ​បាន​ត្រឹមត្រូវ​ទាន់​ពេល​វេលា និង​មាន​ប្រសិទ្ធភាព​សម្រាប់ ការ​បណ្តុះបណ្តាល​បន្ត​ក្នុង​រាជធានី ខេត្ត ហើយ​ត្រូវ​កំណត់​ភារកិច្ច​ច្បាស់លាស់​រវាង គ​ធ​.​ខ​ប លគ​ធ​.​ខ​ប និង លធ​.​ខ​ប ហើយ​ត្រូវ​ពង្រឹង​កិច្ចសហការ​តាម​តួនាទី​ជាមួយ​ភាគី​ពាក់ព័ន្ធ ជាពិសេស​ជាមួយ​អាជ្ញា​ធរមាន សមត្ថកិច្ច​លើ​សេវា​គាំទ្រ និង​ការងារ​សន្តិសុខ​។



សូម​បញ្ជាក់​ថា សិក្ខាកាម​ចូលរួម​ក្នុង​វគ្គ​បណ្តុះបណ្តាល​ខាងលើ​សរុប​មាន​ចំនួន​១៣២​នាក់ ក្នុង​នោះ​ស្ត្រី​១៧​នាក់ មន្ត្រី​បោះឆ្នោត​មកពី​២៥ រាជធានី ខេត្ត ចំនួន​៩៨​នាក់ ស្ត្រី​១០​នាក់​។ តំណាង​គណបក្ស​នយោបាយ​ចំនួន ១៥​នាក់ មកពី​គណបក្ស​ចំនួន​១២ គឺ​គណបក្ស ប្រជាជន​កម្ពុជា ខ្មែរ​រួបរួម​ជាតិ សញ្ជាតិ​កម្ពុជា សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ ប្រជាធិបតេយ្យ​មូលដ្ឋាន សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ យុវជន​កម្ពុជា ធម្មាធិបតេយ្យ ឆន្ទៈ​ខ្មែរ មាតុភូមិ​យើង ខ្មែរ​តែមួយ និង​គណបក្ស​នគរ​ប្រជាធិបតេយ្យ​។ តំណាង​ក្រសួងមហាផ្ទៃ​ចំនួន ៣​នាក់​។



តំណាង​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ចំនួន ១៦​នាក់ ស្ត្រី៧​នាក់ មកពី សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ចំនួន១៦ គឺ​សមាគម​ស្ត្រី​សម្រាប់​អភិវឌ្ឍន៍ សិទ្ធិមនុស្ស ឧស្សាហកម្ម​កសិកម្ម អង្គការ​សេវា​ប្រជាធិបតេយ្យ អង្គការ​សុខភាព ផ្លូវចិត្ត​បែប​បុរាណ និង​សម័យ សមាគម​អរុណ​រៈ សមាគម​ជ័យលាភី​បញ្ញាជន​កម្ពុជា សហភាព​សហព័ន្ធ​យុវជន​កម្ពុជា U.Y.F.C អង្គការ​សម្ព័ន្ធ​ស្ត្រី​ខ្មែរ​ការពារ​សិទ្ធិមនុស្ស ដើម្បី​អភិវឌ្ឍន៍ អង្គការ NICFEC សមាគម កូ ភី អេ សមាគម​អ្នកលក់​ឱសថ​កម្ពុជា សមាគម​សហគមន៍​ទេសចរណ៍ សមាគមយុវជន​សេដ្ឋកិច្ច​រាជធានី​ភ្នំពេញ សមាគម សម្ព័ន្ធ​យុវជន​មូល្លី​ម​កម្ពុជា អង្គការ​សហគមន៍​គ្រួសារ​អភិវឌ្ឍន៍​កសិកម្ម សមាគមនារី ដើម្បី​សន្តិភាព​និង​អភិវឌ្ឍន៍ និង​សមាគម​គ្រឹះស្ថាន​ឧ​ត្ត​ម​សិក្សា​កម្ពុជា​៕




Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu