ក្រុមកម្ពុជា រកបានជ័យជម្នះលើកដំបូងរបស់ខ្លួនក្នុងប្រកួតបើកឆាកពានរង្វាន់ជើងឯកតំបន់អាស៊ាន AFF U22 Championshipនៅឆ្នាំ ២០១៩ ដែលកម្ពុជា ទទួលធ្វើជាម្ចាស់ផ្ទះក្នុងរាជធានីភ្នំពេញ ពោលគឺក្រោយយកឈ្នះលើក្រុមម៉ាឡេស៊ី ដោយលទ្ធផល ១ទល់០ នៅល្ងាចថ្ងៃច័ន្ទ សប្ដាហ៍នេះខណៈគ្រូបង្វឹករបស់ក្រុមទាំង២លើកឡើងខុសគ្នាក្រោយចប់ការប្រកួត។
នៅក្នុងសន្និសីទសារព័ត៌មានក្រោយចប់ការប្រកួតលោកOng Kim Swee គ្រូបង្វឹករបស់ក្រុមម៉ាឡេស៊ី បានប្រាប់អ្នកសារព័ត៌មានថា «ពិតណាស់ មិនល្អឡើយសម្រាប់លទ្ធផល ហើយយើងលេងមិនបានល្អទាល់តែសោះ តែយ៉ាងណាមិញអបអរសាទរដល់កម្ពុជា ពួកគេធ្វើបានយ៉ាងល្អ និងធ្វើឲ្យក្រុមរបស់យើងមានការលំបាក ហើយយើងក៏បានគិតអំពីការសម្រេចចិត្តមួយចំនួនរបស់អាជ្ញាកណ្ដាល ប៉ុន្តែយើងអាចធ្វើអ្វីបាន? យើងត្រូវតែប្រឹងបន្តទៀតសម្រាប់ប្រកួតក្រោយ»។
ងាកមកមើលលោក Felix Dalmas គ្រូបង្វឹករបស់ក្រុមកម្ពុជា វិញបានបង្ហាញពីទស្សនៈរបស់ខ្លួនក្រោយកូនក្រុមរកបានជ័យជម្នះថា «យើងបង្កើតឱកាសជាច្រើន ហើយម៉ាឡេស៊ី ក៏បង្កើតឱកាសជាច្រើនដូចគ្នា ពួកគេពិតជាក្រុមដែលខ្លាំង ហើយជារួមក្រុមខ្ញុំឈ្នះ ១ទល់០ ខ្ញុំសប្បាយចិត្តដែលយើងអាចរក្សាសំណាញទីមិនឲ្យរបូត ហើយយើងធ្វើការយ៉ាងធ្ងន់ទាំងតំបន់ប្រយុទ្ធ និងតំបន់ការពារ។ ជាការពិតម៉ាឡេស៊ី ព្យាយាមរកគ្រាប់បាល់ត្រលប់មកវិញ ហើយយើងគ្រប់គ្រងបានទាំងអស់។ ដូច្នេះខ្ញុំមានអារម្មណ៍ថា យើងពិតជាធ្វើបានយ៉ាងល្អ»។
សូមបញ្ជាក់ថា ពានរង្វាន់ AFF U22 Championship មានក្រុមចំនួន៨ចូលរួមដោយក្នុងនោះពូល Aមាន វៀតណាម ថៃ ទីម័រខាងកើត និងហ្វីលីពិន ខណៈឯក្នុងពូល B វិញមានឥណ្ឌូណេស៊ី ម៉ាឡេស៊ី មីយ៉ាន់ម៉ា និងម្ចាស់ផ្ទះកម្ពុជា។ ការប្រកួតធ្វើឡើងពីថ្ងៃទី១៧ ខែកុម្ភៈ ដល់ថ្ងៃទី២ ខែមីនា ឆ្នាំ២០១៩ ក្នុងរាជធានីភ្នំពេញ។ សម្រាប់ប្រកួតក្នុងពូល B គឺត្រូវប្រកួតនៅថ្ងៃពុធ ទី២០ ខែកុម្ភៈ ឆ្នាំ២០១៩ ដោយក្រុមឥណ្ឌូណេស៊ី ប៉ះម៉ាឡេស៊ី នៅម៉ោង៣និង៣០នាទីរសៀល ហើយកម្ពុជា ទទួលមីយ៉ាន់ម៉ា នៅម៉ោង៦និង៣០នាទីល្ងាច លើទីលានពហុកីឡដ្ឋានជាតិ។ ចំណែកចំណាត់ថ្នាក់បណ្តោះអាសន្ន ក្រោយប្រកួតបានម្នាក់១ប្រកួត ក្រុមកម្ពុជា ឈរកំពូលតារាងមាន៣ពិន្ទុ ហើយក្រុមមីយ៉ាន់ម៉ា ឈរលេខ២ និងឥណ្ឌូណេស៊ី ឈរលេខ៣ មាន១ពិន្ទុដូចគ្នានិងក្រុមម៉ាឡេស៊ី ឈរលេខ៤បាតតារាងតាមពិតទៅពានរង្វាន់ប្រភេទយុវជន U22 នេះត្រូវបាន AFF សហការគ្នាបង្កើតឡើងវិញ នៅឆ្នាំ២០១៩ ខាងមុខ ក្រោយពីខកខានជាយូរមកហើយ ពោលគឺតាំងពីឆ្នាំ ២០០៥ មកម្ល៉េះ។ គណៈកម្មការក៏បានកំណត់ដែលថា ក្រុមខ្លាំងជាងគេចំនួន៤ក្រុម នៃពានរង្វាន់ AFF U22នេះ នឹងទទួលបានកៅអីឡើងទៅលេងក្នុងវគ្គជម្រុះពានបាល់ទាត់យុវជនក្រោមអាយុ២៣ឆ្នាំ (U23) ប្រចាំទ្វីបអាស៊ី (AFC U-23) ផងដែរ៕
Source: Kampuchea Thmey Daily
0 Comments