Ad Code

លោក​Maduro ច្រាន​ចោល​ឱសានវាទ​របស់​អឺរ៉ុប ​ស្ដីពី​ការបោះឆ្នោត



កាលពី​ថ្ងៃអាទិត្យ ប្រធានាធិបតី​វេ​ណេ​ហ្ស៊ូ​អេ​ឡា​លោក Nicolas Maduro បាន​ច្រានចោល​ឱសានវាទ​របស់​បណ្តា​ប្រទេស​អឺរ៉ុប​ ដែល​​​អំពាវនាវ​ឲ្យ​មានការ​បោះឆ្នោត​ជាបន្ទាន់​មួយ​ បន្ទាប់ពី​មេដឹកនាំ​គណបក្សប្រឆាំង​លោក Juan Guaido បានប្រកាស​ខ្លួនឯង​ថា​ជា​មេដឹកនាំ​ស្របច្បាប់​របស់​ប្រទេស​អាមេរិក​ឡាទីន​មួយ​នេះ​។​

រដ្ឋ​សហភាព​អឺរ៉ុប​ចំនួន​ប្រាំពីរ​បានកំណត់​យក​ថ្ងៃអាទិត្យ​ដើម្បី​ឲ្យ​លោក Maduro អំពាវនាវ​ឲ្យ​មានការ​បោះឆ្នោត​ប្រធានាធិបតី​បើ​មិន​ដូច្នោះ​ទេ​ពួកគេ​នឹង​ទទួលស្គាល់​ប្រធានសភា​វ័យ​៣៥​ឆ្នាំ​រូបនេះ​ជា​ប្រធានាធិបតី​បណ្តោះអាសន្ន​។​

យ៉ាងណាក៏ដោយ លោក Maduro បាន​និយាយ​នៅក្នុង​បទសម្ភាសន៍​មួយ​ជាមួយ​ស្ថានីយទូរទស្សន៍​អេ​ស្ប៉ា​ញ Sexta ថា លោក​មិន​រង​សម្ពាធ​ពី​អ្នក​ដែល​អំពាវនាវ​ឲ្យ​លោក​ចុះចេញ​នោះទេ​។​

លោក Maduro បាន​និយាយ​ក្នុង​បទសម្ភាសន៍​នៅ​ទីក្រុង Caracas ថា “​ហេតុអ្វី​បានជា​សហភាព​អឺរ៉ុប​ត្រូវតែ​ប្រាប់​ប្រទេសមួយ​នៅក្នុង​ពិភពលោក​ដែលមាន​ការបោះឆ្នោត​រួចទៅហើយ​ថា ខ្លួន​ត្រូវតែ​ធ្វើការ​បោះឆ្នោត​ប្រធានាធិបតី​ម្តងទៀត​ដោយសារតែ​ពួកគេ​មិនត្រូវ​បានឈ្នះ​ដោយ​សម្ព័ន្ធមិត្ត​ស្តាំនិយម​របស់​ពួកគេ​នោះ​?”​។​

លោក Maduro បាន​និយាយថា “​ពួកគេ​កំពុង​ដាក់​សម្ពាធ​លើ​យើង​ជាមួយ​ឱសានវាទ​ដើម្បី​បង្ខំ​ឲ្យ​យើង​ស្ថិតក្នុង​ស្ថានភាព​ប្រឈមមុខគ្នា​មួយ​”​។​

ទោះបីជា​យ៉ាងណាក៏ដោយ លោក​បាន​គាំទ្រ​ផែនការ​សម្រាប់​កិច្ចប្រជុំ​មួយ​របស់​ប្រទេស​អាមេរិក​ឡាទីន​មួយ​នេះ​ជាមួយ​សហភាព​អឺរ៉ុប​នៅក្នុង​កិច្ចប្រជុំ “​ក្រុម​ទំនាក់ទំនង​” ក្នុង​ទីក្រុង Montevideo នៅ​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​ក្រោយ​ព្រោះ​វា​អាច​នាំ​ឲ្យ​មានការ​សន្ទនា​មួយ​ក្នុងចំណោម​ពលរដ្ឋ​វេ​ណេ​ហ្ស៊ូ​អេ​ឡា​ដើម្បី​ដោះស្រាយ​បញ្ហា​របស់​យើង​។​

ហើយ​គាត់​បាន​អំពាវនាវ​ឲ្យ​លោក Guaido ជួបពិភាក្សា​ទល់មុខ​គ្នា​ជាមួយ​គាត់​ប៉ុន្តែ​ត្រូវបាន​លោក Guaido បដិសេធ​រួចទៅហើយ​។​

គួរបញ្ជាក់​ជាថ្មី​ថា លោក Guaido បាន​បង្ក​ភាព​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​នៅលើ​ពិភពលោក​កាលពី​ថ្ងៃទី​២៣​ខែមករា​នៅពេលដែល​គាត់​បានប្រកាស​ខ្លួនឯង​ជា​ប្រធានាធិបតី​ស្តីទី​នៅឯ​ការជួបជុំ​របស់​គ​ណ​បក្សប្រឆាំង​។​

លោក Guaido កំពុង​ព្យាយាម​បង្ខំ​ឲ្យ​មេដឹកនាំ​សង្គមនិយម​ចុះ​ចេញពី​អំណាច​ដូច្នេះ​គាត់​អាចបង្កើត​រដ្ឋាភិបាល​អ​ន្ត​រកា​ល​និង​រៀបចំ​ការបោះឆ្នោត​ប្រធានាធិបតី​ថ្មី​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu