វិធិចិញ្ចឹមកំពឹស និងខ្ចៅ ជាលក្ខណៈគ្រួសារ អាចរកចំណូលបានបន្ថែមខ្លះទៀតសម្រាប់បង្កើនជីវភាពគ្រួសារយើងបាន សូមអាន ហើយអនុវត្តន៍តាម។
យើងមិនត្រូវការទីកន្លែងធំទូលាយ ក៏យើងអាចចិញ្ចឹមបាន ងាយស្រួលធ្វើជាលក្ខណៈគ្រួសារ ដើម្បីបង្កើនប្រាក់ចំណូលផងដែរ។
ការរៀបចំកន្លែងចិញ្ចឹម គឺយើងត្រូវរៀបចំលូ ដែលមានមុខកាត់១ម៉ែត្រ យកលូចាស់ៗ ដែលប្រើរួចសាបជាតិស៊ីម៉ងត៍ ប្រសិនបើលូថ្មីត្រូវត្រាំទឹកចោលរយៈពេល១០ថ្ងៃសិន រួចចាក់បិទបាតរបស់វាកុំឲ្យជ្រាប់ទឹកចេញ យើងអាចធ្វើនៅកន្លែងដែលមានម្លប់ខ្លះ មិនត្រូវថ្ងៃខ្លាំងពេក ដោយយើងដាក់ទឹកបញ្ចូលកម្ពស់៤តឹក និងដាក់ដាំចក ក៏កំប្លោក និងស្លឹកដូងមួយចំនួន ដើម្បីជាជម្រក និងបង្កើតអុកស៊ីហ្សែន និងជួយបង្កើតចំណី ហើយទុកវាចោលរយៈពេលប្រមាណ១០ថ្ងៃ។ បន្ទាប់មក យើងដាក់មេកំពឹសដែលមានពងស្រាប់ប្រមាណ១០ក្បាល ឬមិនទាន់មានពង ក៏បាន និងឈ្មោលប្រមាណ៥ក្បាល ក្នុងលូមួយ (អាចទិញយកមកពីទីផ្សារ កំពឹសឈ្មោល មានមាឌតូចជាងកំពឹសញី និងមិនមានសំបុកពងនៅពោះវាទេ) ចំណែកខ្ចៅវិញ គឺយើងដាក់ខ្ចៅចូលប្រមាណមួយកំប៉ុង។
វិធីឲ្យចំណី គឺយើងត្រូវស្ងោរពងទាចំនួន២គ្រាប់ យកតែស្នូលក្រហម បំបែកវាជាដុំៗ ហើយយកទៅក្នុងលូជា៣កន្លែង ឲ្យចំណីចំនួន២ ទៅ៣ដង ក្នុងមួយថ្ងៃ។ យើងអាចប្រើចំណីបន្ថែមខ្លះៗ ដូចជាកាកសំណល់ត្រីសាច់ផ្សេងៗក៏បានដែរ។
បច្ចេកទេសដែលអាចជួយឲ្យកំពឹសឆាប់ពង គឺយើងត្រូវដាក់ឧបករណ៍បាញ់ខ្យល់ទឹកក្នុងលូនោះ វិលចុះឡើង រយៈពេលប្រមាណ១០ ទៅ២០នាទី ក្នុង១ថ្ងៃ ព្រោះកំពឹសវាចូលចិត្តទឹកដែលមានលំហូរដែលធ្វើឲ្យវាឆាប់កកើតពងបានច្រើន។
យើងត្រូវប្ដូរទឹករាល់២អាទិត្យម្តង ដើម្បីឲ្យកំពឹសឆាប់ធំធាត់ យើងត្រូវលាយទឹក EM ១ស្លាបព្រាបាយ ស្ករងូ១ ស្លាបព្រាបាយ លាយជាមួយទឹក១លីត្រ រក្សានៅកន្លែងម្លប់ចំនួន១អាទិត្យ រួចចាក់កន្លះលីត្រចូលក្នុងលូ ដែលវាអាចជួយសម្លាប់មេរោគ ហើយធ្វើឲ្យកំពឹស និងខ្ចៅឆាប់ធំធាត់លឿន។
កំពឹស ត្រូវការរយៈពេលប្រមាណ ១ខែជាង ទៅ២ខែ សម្រាប់ការធំពេញវ័យ ហើយវាត្រូវការរយៈពេលប្រមាណ៤ខែ ទើបអាចប្រមូលផលបាន ឯខ្ចៅត្រូវការពេលប្រមាណ៥ខែ អាចប្រមូលផលបាន៕
Source: Kampuchea Thmey Daily
0 Comments