សម្តេចប៉ាប Francis បានទៅដល់ប្រទេសអារ៉ាប់រួមកាលពីថ្ងៃអាទិត្យសម្រាប់ដំណើរទស្សនកិច្ចជាលើកដំបូងមិនធ្លាប់មានដោយសម្តេចប៉ាបមួយរូបទៅកាន់ឧបទ្វីបអារ៉ាប់ ដែលជាកន្លែងកំណើតរបស់សាសនាឥស្លាម។
សម្តេចប៉ាបបានធ្វើដំណើរទៅកាន់ទីក្រុងអាប៊ូដាប៊ីសម្រាប់ដំណើររយៈពេល៤៨ម៉ោងដែលក្នុងអំឡុងពេលនេះ លោកនឹងជួបជាមួយគ្រូគង្វាលមូស្លីមឈានមុខនិងរៀបចំពិធីទេសនាមួយសម្រាប់អ្នកកាន់សាសនាកាតូលិកប្រហែល១៣៥,០០០នាក់។
លោកត្រូវបានស្វាគមន៍ដោយព្រះមហាក្សត្រអាប៊ូដាប៊ីគឺព្រះអង្គ Sheikh Mohammed bin Zayed និងត្រូវបានឱបក្រសោបយ៉ាងកក់ក្តៅដោយលោក Sheikh Ahmed al-Tayeb ដែលជាបព្វជិតជាន់ខ្ពស់នៃវិហារឥស្លាម Al-Azhar របស់ទីក្រុងគែរ។
បព្វជិតរូបនេះនឹងចូលរួមក្នុងសន្និសិទអន្តរជំនឿមួយនៅថ្ងៃចន្ទជាមួយលោក Sheikh Ahmed ។
យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានឲ្យដឹងថា ប៉ុន្មានម៉ោងមុនពេលលោកត្រលប់មកកាន់ទីក្រុងរ៉ូមវិញនៅថ្ងៃអង្គារ លោកនឹងធ្វើពិធីទេសនានៅពហុកីឡាដ្ឋានមួយក្នុងទីក្រុងអាប៊ូដាប៊ីដែលនឹងក្លាយជាកន្លែងប្រមូលផ្តុំធំបំផុតមិនធ្លាប់មាននៅក្នុងប្រទេសអារ៉ាប់រួម។
ដំណើរទស្សនកិច្ចរបស់លោកបានកើតឡើងខណៈប្រទេសអារ៉ាប់រួមកំពុងជាប់នៅក្នុងយុទ្ធនាការយោធាដ៏យូរអង្វែងមួយនៅប្រទេសយេមែនហើយបានជាប់ពាក់ព័ន្ធក្នុងជម្លោះការទូតជាមួយកាតាដែលជាប្រទេសជិតខាង។
មុនពេលធ្វើដំណើរទៅកាន់ប្រទេសឈូងសមុទ្រមួយនេះ បព្វជិតរូបនេះបានជំរុញដល់ភាគីជម្លោះនៅប្រទេសយេមែនឲ្យគោរពកិច្ចព្រមព្រៀងឈប់បាញ់មួយដែលនៅទីនោះប្រទេសអារ៉ាប់រួមបានគាំទ្ររដ្ឋាភិបាលប្រឆាំងនឹងក្រុម Huthi។
រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Mike Pompeo បានសាទរចំពោះការមកដល់របស់សម្តេចប៉ាបនៅក្នុងប្រទេសអារ៉ាប់រួមថាជា “ពេលវេលាប្រវត្តិសាស្ត្រសម្រាប់សេរីភាពសាសនា”។
គួរបញ្ជាក់ថា អ្នកធ្វើចំណាកស្រុកកាតូលិកជិតមួយលាននាក់បានរស់នៅក្នុងប្រទេសអារ៉ាប់រួមដែលភាគច្រើនមកពីប្រទេសហ្វីលីពីននិងឥណ្ឌា។ មានមនុស្សប្រហែល១៣៥,០០០នាក់បានទទួលសំបុត្រដ៏មានតម្លៃសម្រាប់ពិធីទេសនាថ្ងៃអង្គារនៅឯកីឡដ្ឋាន Zayed Sports City៕ AFP
Source: Kampuchea Thmey Daily
0 Comments