Ad Code

លាភ រដ្ឋា និង តា​ញ់ មករា រកបាន​៣​ពិន្ទុ​បន្ថែម​ដូចគ្នា ក្នុង​ជម្រុះ​ខ្សែក្រវាត់​Carabao​ ជុំ​ទី​២



ប្រដាល់ ៖ ​ការប្រកួត​ជម្រុះ​ដណ្តើម​ខ្សែក្រវាត់​ជើងឯក​Carabao រដូវ​កាល​ទី​៨ ទម្ងន់​៥៧​គីឡូក្រាម នៅ​សង្វៀន​ទូរទស្សន៍​SEA TV កាលពី​រសៀល​ថ្ងៃទី​០២ ខែ​កុម្ភៈ ឆ្នាំ​២០១៩ ដែលជា​ការប្រកួត ជុំ​ទី​២ របស់​អ្នក​ប្រដាល់​កម្ពុជា លាភ រដ្ឋា ក្លិប​ដី​ឡូ​រិ៍​មាន​រិ​ទ្ធ ខេត្តបន្ទាយមានជ័យ និង តា​ញ់​មករា សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ​នោះ ពួកគេ​ទាំងពីរ​រកបាន​៣​ពិន្ទុ​បន្ថែម​ដូចគ្នា។​
​ ​
លាភ រដ្ឋា គេ​បាន​ប្រើពេល​៤​ទឹក ទើប​ផ្ដួល​អ្នក​ប្រដាល់​ថៃ Banda Sak ឲ្យ​បោះបង់ចោល​ការប្រកួត​ក្នុង​ទឹក​ទី​៤។ Banda Sak ត្រូវ​រដ្ឋា ទាត់​ឲ្យ​ខូច​ជើង​ដួល​ក្រោក​លែងរួច ហើយ​នៅក្នុង​ទឹក​ទី​៣ ​មុន​ខូច​ជើង​នេះ អ្នក​ប្រដាល់​ថៃ​រូបនេះ ត្រូវ​រដ្ឋា ​ដាល់​ចំ​មុខ​ដួល​ដាច់​ផ្ងារ​ក្រោយ ត្រូវ​អាជ្ញាកណ្ដាល​រាប់​ដល់​៨ ម្តង​រួចមកហើយ។

ជាមួយនឹង​ជ័យជម្នះ​នេះ បានធ្វើឲ្យ លាភ រដ្ឋា ក្នុង​ពីរ​ប្រកួត​ឈ្នះ​ទាំង​២​ប្រកួត​បាន​៦​ពិន្ទុ ហើយ Banda Sak ពីរ​ប្រកួត​ដូចគ្នា​ទទួលបាន​២​ពិន្ទុ ដោយសារ​វាយ​ចាញ់​ទាំង​២​ប្រកួត។​

ចំពោះ តា​ញ់ មករា គេ​បាន​ផ្ដួល​អ្នក​ប្រដាល់​ថៃ​Phrakay Phat ក្នុង​ទឹក​ទី​១​ប៉ុណ្ណោះ។ តា​ញ់​ មករា បាន​ទាត់​ឲ្យ Phrakay Phat ខូច​ជើង​ដែរ ដែល​ធ្វើ​ឲ្យ​អ្នក​ប្រដាល់​ថៃ​រូបនេះ បោះបង់​ការប្រកួត​ត្រឹម​តែមួយ​ទឹក​នោះ។

ជាមួយនឹង​ជ័យជម្នះ​នេះ ទាំង​ តា​ញ់ មករា និង លាភ រដ្ឋា គឺ​ពួកគេ​ទាំងពីរ​រកបាន​៣​ពិន្ទុ​បន្ថែម​ដូចគ្នា សម្រាប់​ការប្រកួត​ជម្រុះ​ខ្សែក្រវាត់​ជើងឯក​Carabao រដូវ​កាល​ទី​៨ ទម្ងន់​៥៧​គីឡូក្រាម​ លើក​ទី​២​របស់​ខ្លួន។​ ចំណែក Banda Sak និង Phrakay Phat ទទួលបាន​២​ពិន្ទុ​ម្នាក់។​

ដោយឡែក ការប្រកួត​រវាង​អ្នក​ប្រដាល់​រួម​ជាតិ​វិញ ពុទ្ធ ភា​រិន្ទ អ្នក​ប្រដាល់​ក្លិប​ពុទ្ធ​សេរី​វង្ស​កីឡា ប្រកួត​ចាញ់​ រឿន សុខលី អ្នក​ប្រដាល់​ក្លិប​ការិយាល័យ​ទី​៥​កងទ័ពជើងគោក ដោយ​ពិន្ទុ ហើយ​ ឡុង បេន​លឿន អ្នក​ប្រដាល់​ក្លិប​សាល​វ័​ន្ត​កីឡា វាយ​ឈ្នះ នួន រ៉ា​ថេប អ្នក​ប្រដាល់​ក្លិប​តា​ឯក​ដំបង​ដែក​មាន​រិ​ទ្ធ​ដោយ​ពិន្ទុ។

•​រឿង សា​រ័ត្ន វាយ​ឈ្នះ​ថៃ ​ក្នុង​ទឹក​ទី​៤ ខណៈ ​សួង ​សុវណ្ណ​ថា ចាញ់​ធា នុ​រាជ ​ក្នុង​ទឹក​៤​ដែរ​
​រឿង សា​រ័ត្ន អ្នក​ប្រដាល់​ជើងចាស់​ក្លិប​កងពលតូច​ទ័ព​ឆ័​ត្រ​យោង​៩១១ បាន​ផ្ដួល​អ្នក​ប្រដាល់​ថៃ​Soeur Puon អោយ​ចុះចាញ់​ក្នុង​ទឹក​ទី​៤ ក្នុង​ការជួប​ប្រកួត​គ្នា​ជា​លក្ខណៈ​មិត្តភាព​អន្តរជាតិ កាលពី​ព្រឹក​ថ្ងៃទី​០៣​ ខែ​កុម្ភៈ ឆ្នាំ​២០១៩ លើស​ង្វៀន​Boostrong Fighter On Fire នៅ SEATV។

សា​រ័ត្ន បាន​ប្រើ​ស្នៀត​កែង​វាយ​ចំ​សៀតផ្កា​របស់​Soeur Puon ធ្វើ​ឲ្យ​អ្នក​ប្រដាល់​ថៃ​រូបនេះ ដួល​ក្រោក​លែងរួច ហើយ​បោះបង់ចោល​ការប្រកួត ក្រោយពី​អាជ្ញាកណ្ដាល​រាប់​ដល់​១០​ហើយ​នោះ។​

ចំពោះ សួង សុវណ្ណ​ថា អ្នក​ប្រដាល់​ក្លិប​បូរី​រាជសីហ៍​មាន​រិ​ទ្ធ បាន​វាយ​ចាញ់​អ្នក​ប្រដាល់​ជើងចាស់ ​ធា នុ​រាជ ក្លិប​មកុដ​រាជសីហ៍​ក្នុង​ទឹក​ទី​៤ បន្ទាប់ពី ​ធា នុ​រាជ ទាត់​បក​ក្រោយ​មួយ​ជើង​ចំក​ញ្ចឹ​ង ក​នោះ។

ចំណែក ការប្រកួត​រវាង​អ្នក​ប្រដាល់​ឡូញ វ៉ាន់ឌី ក្លិប​វិបុល​ដា​រិ​ទ្ធ​ពោធិ៍​សែន​ជ័យ​វិញ​នោះ គឺ​គេ​វាយ​ចាញ់​លីន វិ​រៈ អ្នក​ប្រដាល់​ក្លិប​បូរី​រាជសីហ៍​មាន​រិ​ទ្ធ​ដោយ​ពិន្ទុ ខណៈ​ដែល​ឫទ្ធិ សាស្ត្រា​វុ​ធ ក្លិប​អាណាចក្រ​គុន​ខ្មែរ ឈ្នះ ឡុង លាង​សៅ ក្លិប​សាល​វ័​ន្ត​កីឡា​ដោយ​ពិន្ទុ​ដែរ។

•លន បញ្ញា និង ធឿន ធី ចាញ់​ថៃ ក្នុង​ជម្រុះ​ខ្សែក្រវាត់​Wurkz ជុំ​ទី​២​ដូចគ្នា
​អ្នក​ប្រដាល់​កម្ពុជា​២​រូប គឺ​លន​បញ្ញា និង ធឿន ធី បាន​វាយ​ចាញ់​អ្នក​ប្រដាល់​ថៃ​ដូចគ្នា ក្នុងការ​ប្រកួត​ជម្រុះ​ជុំ​ទី​២ នៃ​ព្រឹត្តិការណ៍​ដណ្ដើម​ខ្សែក្រវាត់​Wurkz រដូវ​កាល​ទី​៣ ទម្ងន់​៦០​គីឡូក្រាម លើស​ង្វៀន​SEA-TV កាលពី​ល្ងាច​ថ្ងៃទី​០៣​ ខែ​កុម្ភៈ ឆ្នាំ​២០១៩​។

លន បញ្ញា អ្នក​ប្រដាល់​សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ បាន​វាយ​ចាញ់​អ្នក​ប្រដាល់​ថៃ Super Man ដោយ​ពិន្ទុ​ដាច់​តែម្តង គឺ​៥​សូន្យ ដោយ​ចៅក្រម​ទាំង​៥​រូប​បានផ្តល់​ពិន្ទុ​ឲ្យ​ថៃ​ឈ្នះ​ទាំង​ប្រាំ​រូប។​

ចំណែក ធឿន ធី គេ​ចាញ់ Chhai Yo ក្នុង​ទឹក​ទី​៣ ដោយ​ត្រូវ​ថៃ​វាយ​កែង​បែក​លើ​ចិញ្ចើម​ស្តាំ​រយះ​ធំ​ចេញ​ឈាម​ច្រើនពេក​ រំខាន​ដល់​ការប្រកួត ទើប​គ្រូពេទ្យ​ប្រចាំ​សង្វៀន​ប្រដាល់ បញ្ឈប់​លែង​ឲ្យ​ប្រកួត​ក្នុង​ទឹក​ទី​៣​នោះ។

នេះ​ជាការ​ប្រកួត​ជម្រុះ​លើក​ទី​២ របស់​ពួកគេ​ទាំង​៤ ក្នុងការ​ប្រកួត​ជម្រុះ​ដណ្ដើម​ខ្សែក្រវាត់ Wurkz រដូវ​កាល​ទី​៣ ​ទម្ងន់​៦០​គីឡូក្រាម។ ឆ្លងកាត់​លទ្ធផល​នេះ លន បញ្ញា ក្នុង​ពីរ​ប្រកួត​ទទួលបាន​៤​ពិន្ទុ គឺ​ឈ្នះ​១​ចាញ់​១​ប្រកួត ឯ Super Man បាន​៦​ពិន្ទុ​ដោយ​ឈ្នះ​ទាំងពីរ​ប្រកួត ហើយ ​ធឿន ធី គេ​បាន​២​ពិន្ទុ ដោយសារ​គេ​ចាញ់​ទាំង​២​ប្រកួត និង​Chhai Yo គេ​បាន​៤​ពិន្ទុ ដោយ​ចាញ់​១​ឈ្នះ​១​ប្រកួត​។​

សូមបញ្ជាក់ថា ព្រឹត្តិការណ៍​ប្រដាល់​ដណ្តើម​ខ្សែក្រវាត់​Wurkz​ រដូវ​កាល​ទី​៣ ទម្ងន់​៦០​គីឡូក្រាម​នេះ មាន​អ្នក​ប្រដាល់​ជើង​ខ្លាំង​កម្ពុជា​៤​រូប និង អ្នក​ប្រដាល់​ជើង​ខ្លាំង​ថៃ​៤​រូប។​ ការប្រកួត គឺ​ពុំមាន​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ទេ។ ដូច្នេះហើយ ទើប​ទាំង​ប្រដាល់​ខ្មែរ ទាំង​អ្នក​ប្រដាល់​ថៃ គឺ​ត្រូវការ​ឈ្នះ​ដូចគ្នា ត្បិត​គេ​ជ្រើសរើស​យកតែ​អ្នក​លេខ​១ និង លេខ​១​ក្នុង​ជុំ នៃ​ពូ​ល​ខ្មែរ​ និង​ពូ​ល​ថៃ តែប៉ុណ្ណោះ។​
​ ​
ចំពោះ​ការប្រកួត​ក្រៅពី​គូ​ខ្សែក្រវាត់​នេះ ឆាយ មាស អ្នក​ប្រដាល់​ក្លិប​សំរោង​កោង​ខេត្តបាត់ដំបង បាន​វាយ​ស្មើ​ពិន្ទុ​ជាមួយ​លន់ សៀកឡេង អ្នក​ប្រដាល់​ក្លិប​ថ្នល់ទទឹង​គុន​ខ្មែរ ហើយ​អេ​រ៉ា​វ៉ាន់ ចាន់​រាជ អ្នក​ប្រដាល់​ក្លិប​កុសល​កីឡា បាន​ផ្ដួល អេ​លី​ត ពន្លក អ្នក​ប្រដាល់​ក្លិប​ឆ្មា​ស​សែន​សុខ​គុន​ខ្មែរ នៅក្នុង​ទឹក​ទី​១៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu