ភ្នំពេញ ៖ សមាគមអ្នកចិញ្ចឹមជ្រូកកម្ពុជាបានអំពាវនាវដល់ម្ចាស់កសិដ្ឋានចិញ្ចឹមជ្រូកទាំងអស់ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺឆ្លងប៉េស្តជ្រូកអាហ្វ្រិកដើម្បីធានាសុវត្ថិភាពចំពោះមុខរបរចិញ្ចឹមជ្រូកបើទោះ បីជានៅមិនទាន់មានសត្វជ្រូកឆ្លងជំងឺនេះនៅប្រទេសកម្ពុជាក៏ដោយ។
ការជំរុញឲ្យមានការបង្កើនវិធានការការពារសុវត្ថិភាពនៅក្នុងកសិដ្ឋានចិញ្ចឹមជ្រូកនេះបានធ្វើឡើងខណៈដែលជំងឺប៉េស្តជ្រូកអាហ្វ្រិកកំពុងរាតត្បាតនៅតំបន់ភាគខាងជើងនៃប្រទេសវៀតណាម ហើយបានបណ្តាលឲ្យ ជ្រូកងាប់ជាច្រើនក្បាល។
ថ្លែងក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពីជំងឺប៉េស្តជ្រូកអាហ្រិ្វកនិងជំងឺអុតក្តាម ព្រមទាំងពង្រឹងជីវសុវត្ថិភាពកាលពីល្ងាចថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៩ លោកស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជាបានមានប្រសាសន៍ថា បច្ចុប្បន្ននេះប្រទេសកម្ពុជានៅមិនទាន់មានករណីឆ្លងជំងឺប៉េស្តជ្រូកអាហ្វ្រិកនេះនៅឡើយទេ ប៉ុន្តែកម្ពុជានៅតែមានការព្រួយបារម្ភខ្លាំង ព្រោះថា ជំងឺប៉េស្តជ្រូកអាហ្វ្រិកនេះគឺជាជំងឺឆ្លងដ៏កាចសាហាវ ហើយប្រសិនបើជ្រូកកើតជំងឺនេះ ហើយមានអត្រាងាប់រហូតដល់១០០ភាគរយហើយឆ្លងទៅជ្រូកដទៃទៀត ដោយសារតែមិនទាន់មានវ៉ាក់សាំងឬថ្នាំព្យាបាលនៅឡើយទេ។
លោកបានបន្តថា សមាគមអ្នកចិញ្ចឹមសត្វកម្ពុជាបានណែនាំដល់កសិករនិងម្ចាស់កសិដ្ឋានចិញ្ចឹមជ្រូកទាំងអស់ បង្កើនការប្រុងប្រយ័ត្នជំងឺឆ្លងប៉េស្តជ្រូក តាមរូបភាពមានជ្រូកឈឺ ឬ ងាប់មានអាការៈខុសពីធម្មតាត្រូវ រាយការណ៍ជាបន្ទាន់ទៅកាន់ភ្នាក់ងារសុខភាពសត្វដែលនៅកៀកបំផុត ហើយកុំប៉ះពាល់សំបោរ ទឹកមាត់ ទឹកភ្នែក ទឹកនោម លាមកជ្រូកដែលមានជំងឺទាំងនោះ។
លោកបានបន្ថែមថា ក្រៅពីការអប់រំកសិករឲ្យចេះពីវិធានការការពារជំងឺប៉េស្តជ្រូកអាហ្វ្រិកកុំឲ្យឆ្លងចូលក្នុងកសិដ្ឋានរបស់ខ្លួន រាជរដ្ឋាភិបាលក៏បានចាត់វិធានការណ៍ទប់ស្កាត់ ការនាំចូលជ្រូកពីប្រទេសវៀតណាមមកកាន់កម្ពុជា ប៉ុន្តែអនុញ្ញាតិអោយប្រទេសថៃបន្តនាំចូល ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារ។
លោក តាន់ ផាន់ណារ៉ា អគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាព និងផលិតកម្មសត្វបានប្រាប់វេបសាយក្នុងស្រុកកាលពីពេលថ្មីៗនេះថា បន្ទាប់ពីផ្ទុះឡើងនៃជំងឺនេះនៅភាគខាងជើងប្រទេសវៀតណាម អគ្គនាយកដ្ឋានបានសហការជាមួយសមាគមអ្នកចិញ្ចឹមជ្រូក ដើម្បីផ្សព្វផ្សាយពីវិធីការពារក្នុងស្រុក និងឲ្យមន្ត្រីតាមព្រំដែនត្រួតពិនិត្យទៅលើជ្រូកនាំចូលពីប្រទេសនេះផងដែរខណៈបច្ចុប្បន្ន កម្ពុជានាំចូលជ្រូកចន្លោះពី ១៥០០ ដល់ ២០០០ក្បាលពីប្រទេសវៀតណាម។
លោកបន្ថែមថា បច្ចុប្បន្ន ក្រៅពីទាមទារលិខិតបញ្ជាក់សុខភាពសត្វនាំចូលពីប្រទេសវៀតណាមហើយនោះ មន្ត្រីនៅតាមព្រំដែននឹងពិនិត្យទៅលើសត្វដែលនាំចូលនោះបន្ថែមផងដែរដូចជាមើលលើស្ថានភាពជាក់ស្ដែង តើសត្វហ្នឹងដង្ហក់ឬអត់ព្រោះថាធម្មតា ជំងឺហ្នឹងវាក្ដៅធ្វើឲ្យសត្វក្ដៅ ដង្ហក់ និងមានរោគសញ្ញាពណ៌ស្វាយនៅពោះ និងធ្វើតេស្ដឈាមយកមកពិសោធនៅមន្ទីរពិសោធន៍នៃអគ្គនាយកដ្ឋាន។
លោកស្រីលឹម ហ្គេចអេង ជាម្ចាស់កសិដ្ឋានចិញ្ចឹមជ្រូក នៅក្នុងខេត្តបាត់ដំបងបានបញ្ជាក់ថា លោកស្រីនឹងអនុវត្តតាមអនុសាសន៍របស់ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ និងអ្នកជំនាញមកពីក្រៅប្រទេសឲ្យបានខ្ជាប់ខ្ជួន ដើម្បីទប់ស្កាត់កុំឲ្យកើតមានជំងឺនេះ។
ជំងឺប៉េស្តជ្រូកអាហ្វ្រិកមានអាការៈដូចជាជ្រូកមានកម្តៅខ្ពស់ ស្បែកឡើងក្រហមកន្ទួលឈាមមានស្នាម ជាំលើស្លឹកត្រចៀក ពោះ ជើងក្រោយ ពិបាកក្នុងការដកដង្ហើមនិងលាមកលាយឈាម។
លោកវេជ្ជបណ្ឌិតលីសូវ៉ាន់អ្នកនាំពាក្យក្រសួ ងសុខាភិបាលនិងជាប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងបានមានប្រសាសន៍ថាជំងឺនេះមានការឆ្លងខ្លាំងទៅលើសត្វជ្រូកដែលបណ្តាលឲ្យឈឺនិងងាប់ច្រើនក្តី តែមិនបង្កឲ្យមានប៉ះពាល់ដល់សុខភាពមនុស្សឡើយ។
តែទោះយ៉ាងណាក៏ដោយលោកបានអំពាវនាវដល់ បងប្អូនប្រជាពលរដ្ឋមិនត្រូវបរិភោគសាច់ជ្រូកឈឺ ឬ ងាប់ដែលពុំដឹងមូលហេតុឡើយព្រោះអាចចំលងជំងឺឆ្លងផ្សេងៗបាន។
សូមបញ្ជាក់ថា ជំងឺប៉េស្តជ្រូកអាហ្វ្រិកនេះ បានផ្ទុះខ្លាំងកាលពីទសវត្សឆ្នាំ១៩៦០នៅអឺរ៉ុប និងអាមេរិក។ ដោយសារតែមានប្រវត្តិនៃការផ្ទុះ និងការសាយភាយនៅតំបន់ផ្សេងៗគ្នាបែបនេះ ទើបអង្គការស្បៀងអាហារ និងកសិកម្ម យល់ថា ជំងឺនេះអាចរីករាលដាលដល់ប្រទេសជិតខាង ជាពិសេសប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍ និងឧបទ្វីបកូរ៉េ ព្រោះប្រទេសក្នុងតំបន់ទាំងនេះមានតម្រូវការសាច់ជ្រូកខ្ពស់៕
Source: Kampuchea Thmey Daily
0 Comments