ភ្នំពេញ ៖ បុរសម្នាក់ ត្រូវបានប្រជាពលរដ្ឋនាំគ្នាព្រួតវាយទ្រមខ្លួន ក្រោយពេលដែលបុរសម្នាក់នេះធ្វើសកម្មភាពឆបោកយកម៉ូតូគេបានសម្រេចចំនួន៣គ្រឿង ហើយ ក្រោយពេលគេចខ្លួនបាន៤ថ្ងៃក៏ ត្រូវបានម្ចាស់គេរកឃើញ ទើបត្រូវប្រជាពលរដ្ឋនាំគ្នាព្រួតវាយ ទ្រមខ្លួន ទើបប្រគល់ឲ្យប៉ូលិសចាត់ការទៅតាមច្បាប់។
ជនសង្ស័យត្រូវបានសមត្ថកិច្ចចាប់វាយខ្នោះ កាលពីវេលាម៉ោង១យប់រំលងអធ្រាត្រ ឈានចូលថ្ងៃព្រហស្បតិ៍ ទី២៨ ខែមីនា ឆ្នាំ២០១៩ នៅចំណុចក្នុងផ្ទះ "ហេបភីណេត" តាមបណ្តោយផ្លូវ២៥៦ ជិតផ្ទះសំណាក់ហង្សមាស ក្នុងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យខាងលើ មានឈ្មោះ អ៊ីង គៀងសុង ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ កាត់ចិន មុខរបរ បុគ្គលិកក្រុមហ៊ុន ស្នាក់នៅក្នុងក្រុមហ៊ុន បានរត់គេចខ្លួនបាន៤ថ្ងៃ ទើបចាប់បាន។
តាមសម្តីជនរងគ្រោះបានរៀបរាប់ឲ្យដឹងថា នៅម៉ោងកើតហេតុខាងលើ រូបគាត់បានជិះម៉ូតូតាមដងផ្លូវ ក៏ប្រទះឃើញមុខសញ្ញាជនសង្ស័យដើរចូលណេតខាងលើ ក៏ឈប់ម៉ូតូ ហើយរត់ទៅចាប់ជនសង្ស័យបានតែម្តង ពេលនោះប្រជាពលរដ្ឋឃើញដូច្នោះ ក៏ស្វាគមន៍មួយដៃមួយជើងឡើងទ្រមខ្លួន ទើបប្រគល់ឲ្យសមត្ថកិច្ចបានបញ្ជូនខ្លួនទៅប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកល្អក់ទី៣ ដើម្បីសួរនាំ។
ប្រភពដដែលបានបន្តទៀតថា ជនសង្ស័យបានឆបោកយកម៉ូតូអស់៣គ្រឿង ម៉ាក Honda Scoopy ១គ្រឿង Honda PCX ១គ្រឿង និងម៉ូតូ Duke ១គ្រឿងទៀត រួមទាំងកុំព្យូទ័រមួយគ្រឿងទៀត យកទៅលក់លេងល្បែងចាញ់អស់។
បច្ចុប្បន្ន ជនសង្ស័យ ត្រូវសមត្ថកិច្ចធ្វើកំណត់ហេតុ រួចបញ្ជូនខ្លួនបន្តទៅអធិការខណ្ឌទួលគោក ដើម្បីកសាងសំណុំរឿងបញ្ជូនឡើងតុលាការចាត់ការទៅតាមនីតិវិធីច្បាប់៕
Source: Kampuchea Thmey Daily
0 Comments