ភ្នំពេញ៖ នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩ ដែលជាថ្ងៃចុងក្រោយនៃការទទួលពាក្យសុំចុះបញ្ជីគណបក្សនយោបាយ និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៣ គណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (គធ.ខប) ទាំង២៥ រាជធានី ខេត្ត បានទទួលពាក្យសុំចុះបញ្ជីពីគណបក្សចំនួន៧ ហើយក្នុងចំនួនគណបក្សទាំង៧នោះ បានដាក់ពាក្យទាំងនៅថ្នាក់រាជធានី ខេត្ត និងថ្នាក់ក្រុង ស្រុក ខណ្ឌ នេះបើតាមសេចក្តីប្រកាសព័ត៌មានដែលផ្សព្វផ្សាយដោយ គ.ជ.ប។
គណបក្សនយោបាយ ដែលបានដាក់ពាក្យឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្តបន្ថែមទាំងនោះរួមមាន ទី១, គណបក្សប្រជាជនកម្ពុជា ចុះបញ្ជីនៅរាជធានី-ខេត្ត ទាំង២៥ មានបេក្ខជនពេញសិទ្ធិចំនួន៥៥៩ និងបេក្ខជនបម្រុងចំនួន៥៨៥ សរុបចំនួន១១៤៤ ទី២, គណបក្សហ្វ៊ុនស៊ិនប៉ិច ចុះបញ្ជីនៅរាជធានី-ខេត្ត ចំនួន១២ មានបេក្ខជនពេញសិទ្ធិចំនួន២៨៧ និងបេក្ខជនបម្រុងចំនួន២៨៨ សរុប៥៧៥ ទី៣, គណបក្សយុវជនកម្ពុជា ចុះបញ្ជីនៅរាជធានី-ខេត្ត ចំនួន៩ មានបេក្ខជនពេញសិទ្ធិចំនួន២២៣ និងបេក្ខជនបម្រុងចំនួន២២៣ សរុប៤៤៦ ទី៤, ខ្មែរសាធារណរដ្ឋ ចុះបញ្ជីនៅរាជធានី-ខេត្ត ចំនួន១ មានបេក្ខជនពេញសិទ្ធិចំនួន២៧ និងបេក្ខជនបម្រុងចំនួន២៧ សរុប៥៤ ទី៥, គណបក្សឆន្ទៈខ្មែរ ចុះបញ្ជីនៅរាជធានី-ខេត្ត ចំនួន១២ មានបេក្ខជនពេញសិទ្ធិចំនួន៣០៤ និងបេក្ខជនបម្រុងចំនួន៣០៤ សរុប៦០៨ ទី៦, គណបក្សខ្មែររួបរួមជាតិ ចុះបញ្ជីនៅរាជធានី-ខេត្ត ចំនួន១០ មានបេក្ខជនពេញសិទ្ធិចំនួន២២៨ និងបេក្ខជនបម្រុងចំនួន២៣៤ សរុប៤៦២ និងទី៧, គណបក្សសញ្ជាតិកម្ពុជា ចុះបញ្ជីនៅរាជធានី-ខេត្ត ចំនួន២៣ មានបេក្ខជនពេញសិទ្ធិចំនួន៥០៧ និងបេក្ខជនបម្រុងចំនួន៥០៧ សរុប១០១៤។
ចំណែកគណបក្សនយោបាយ ដែលបានដាក់ពាក្យឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក និងក្រុមប្រឹក្សាខណ្ឌ រួមមាន ទី១, គណបក្សប្រជាជនកម្ពុជា ចុះបញ្ជីនៅក្រុង ស្រុក ខណ្ឌ ចំនួន២០៣ មានបេក្ខជនពេញសិទ្ធិចំនួន៣៥៥៥ និងបេក្ខជនបម្រុងចំនួន៣៧៤៩ សរុប៧៣០៤ ទី២, គណបក្សហ្វ៊ុនស៊ិនប៉ិច ចុះបញ្ជីនៅក្រុង ស្រុក ខណ្ឌ ចំនួន៧១ មានបេក្ខជនពេញសិទ្ធិចំនួន១២៧២ និងបេក្ខជនបម្រុងចំនួន១២៦២ សរុប២៥៣៤ ទី៣, គណបក្សខ្មែរសាធារណរដ្ឋ ចុះបញ្ជីនៅក្រុង ស្រុក ខណ្ឌ ចំនួន១ មានបេក្ខជនពេញសិទ្ធិចំនួន១៥ និងបេក្ខជនបម្រុងចំនួន១៦ សរុប៣១ ទី៤, គណបក្សយុវជនកម្ពុជា ចុះបញ្ជីនៅក្រុង ស្រុក ខណ្ឌ ចំនួន២៣ មានបេក្ខជនពេញសិទ្ធិចំនួន៣៩៩ និងបេក្ខជនបម្រុងចំនួន៣៩៩ សរុប៧៩៨ ទី៥, គណបក្សខ្មែររួបរួមជាតិ ចុះបញ្ជីនៅក្រុង ស្រុក ខណ្ឌ ចំនួន៥៣ មានបេក្ខជនពេញសិទ្ធិចំនួន៩៨២ និងបេក្ខជនបម្រុងចំនួន១០០០ សរុប១៩៨២ ទី៦, គណបក្សឆន្ទៈខ្មែរ ចុះបញ្ជីនៅក្រុង ស្រុក ខណ្ឌ ចំនួន៣ មានបេក្ខជនពេញសិទ្ធិចំនួន៤៧ និងបេក្ខជនបម្រុងចំនួន៤៧ សរុប៩៤ និងទី៧, គណបក្សសញ្ជាតិកម្ពុជា ចុះបញ្ជីនៅក្រុង ស្រុក ខណ្ឌ ចំនួន៩៧ មានបេក្ខជនពេញសិទ្ធិចំនួន១៨០៣ និងបេក្ខជនបម្រុងចំនួន១៨១៩ សរុប៣៦២២។
សូមបញ្ជាក់ថា ដំណើរការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតក្រុមប្រឹក្សា ចាប់ផ្ដើមពីថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៩ ដល់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩ ហើយការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតក្រុមប្រឹក្សា ត្រូវធ្វើនៅគណៈកម្មការរាជធានីខេត្តរៀបចំការបោះឆ្នោត (គធ.ខប) ហើយការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៣ នឹងប្រព្រឹត្តទៅនៅថ្ងៃទៅ២៦ ខែឧសភា ឆ្នាំ២០១៩។ ការចុះឈ្មោះអ្នកបោះឆ្នោត បានចាប់ផ្តើមដំណើរ កាលពីថ្ងៃទី០៤ ដល់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩ មានរយៈពេល១៣ថ្ងៃ ដោយមិនរាប់ថ្ងៃអាទិត្យ និងថ្ងៃបុណ្យផ្លូវការ។ អ្នកបោះឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សានេះ គឺជាសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ នៅក្នុងមុខតំណែង ដែលមានសមាជិក សរុបចំនួន១១,៥៧២ នាក់ ទូទាំងប្រទេស។
ទាក់ទងការបោះឆ្នោតក្រុមប្រឹក្សានេះដែរ កាលពីថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៩ ក្រសួងមហាផ្ទៃ បានស្នើឱ្យរដ្ឋបាលរាជធានី-ខេត្ត ជួយសម្របសម្រួល និងបង្កលក្ខណៈងាយស្រួលក្នុងការចេញលិខិតបញ្ជាក់ផ្សេងៗជូនដល់បេក្ខជនឈឈ្មោះបោះឆ្នោតរបស់គណបក្សនយោបាយ សម្រាប់យកទៅប្រើប្រាស់ក្នុងការចុះបញ្ជីគណបក្សនយោបាយ និងបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាផងដែរ៕
Source: Kampuchea Thmey Daily
0 Comments