ភ្នំពេញ ៖ បច្ចុប្បន្ននេះ ជំងឺខ្សោយតម្រងនោម គឺជាបញ្ហាប្រឈមនាំមុខគេក្នុងចំណោមជំងឺមិនឆ្លង នៅលើពិភពលោក ក៏ដូចជានៅប្រទេសក្នុងតំបន់ ដែលមានកម្ពុជាយើងផងដែរ។
លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានថ្លែងក្នុងដូច្នេះនៅក្នុងពិធីបើក អង្គសន្និសីទ “ដំណើរការ ឆ្ពោះទៅកាន់ការផ្សាំសរីរាង្គ” នៅមន្ទីរពេទ្យកាល់ម៉ែត កាលពីព្រឹកថ្ងៃទី១០ខែមេសា ឆ្នាំ២០១៩ នៅមន្ទីរពេទ្យកាល់ម៉ែត។
លោករដ្ឋមន្ត្រីក្រសួងសុខាភិបាល បានមានប្រសាសន៍ទៀតថា អង្គសន្និសីទ “ដំណើរការឆ្ពោះទៅកាន់ការផ្សាំសរីរាង្គ " នៅមន្ទីរពេទ្យកាល់ម៉ែត ដែលនេះជាជំហានថ្មីមួយបន្ថែមទៀត អំពីកិច្ចសហប្រតិបត្តិការរវាងក្រសួងសុខាភិបាល មន្ទីរពេទ្យកាល់ម៉ែត និងសហភាតរៈមកពីទីក្រុងលីយ៉ុង ប្រទេសបារាំង ដែលបានចាប់ដំណើរការប្រព្រឹត្តទៅមានរយៈពេល០២ថ្ងៃ នៅមន្ទីរពេទ្យកាល់ម៉ែតនេះ ព្រោះនាពេលបច្ចុប្បន្ននេះ ជំងឺខ្សោយតម្រងនោម គឺជាបញ្ហាប្រឈមនាំមុខគេក្នុងចំណោមជំងឺមិនឆ្លង នៅលើពិភពលោក ក៏ដូចជានៅប្រទេសក្នុងតំបន់ ដែលមានកម្ពុជាយើងផងដែរ។ ថ្វីបើការជួយសង្គ្រោះអ្នកជំងឺខ្សោយតម្រងនោម កាន់តែមានប្រសិទ្ធភាពតាមរយៈជំនាញផ្សេងៗ និងវិធីសាស្ត្រ ចុងក្រោយ គឺការលាងឈាម ដែលភាគច្រើននៅមន្ទីរពេទ្យជាតិ-ខេត្ត ទាំងរដ្ឋ និងឯកជនមាននៅក្នុងប្រទេសកម្ពុជាក៏ដោយ វិធីសាស្ត្របន្ថែមដែលកំពុងធ្វើនៅប្រទេសជឿនលឿន ដូចជា ប្រទេសបារាំង គឺការផ្សាំសរីរាង្គតម្រងនោម ជាជម្រើសថ្មីមួយទៀតសម្រាប់អ្នកជំងឺយើងក្នុងលទ្ធភាពដែលអាចធ្វើទៅបាន។
លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានបញ្ជាក់ទៀតថា ការផ្សាំសរីរាង្គតម្រងនោមនេះ តម្រូវឲ្យមានការបណ្ដុះបណ្ដាលបច្ចេកទេសវេជ្ជសាស្ត្រជាក់លាក់តាមជំនាញផ្សេងៗ ដូចជា ជំនាញ វះកាត់តម្រងនោម ជំនាញតម្រងនោម ជំនាញមន្ទីរពិសោធន៍ និងសង្គ្រោះបន្ទាន់ជាដើម..។..ល..។
តាមរយៈអង្គសន្និសីទលើកទីមួយនេះ ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា មិត្តបារាំងមកពីលីយ៉ុង (Lyon) នឹងខិតខំ ពង្រឹងសមត្ថភាព នៃការបណ្តុះបណ្តាល ការរៀបចំរចនាសម្ព័ន្ធផ្សាំសរីរាង្គ និងពិនិត្យលើច្បាប់ផ្សេងៗដែលកម្ពុជាមាន ដើម្បីឈានទៅដល់ការសម្រេចបានគម្រោង នៃការផ្សាំសរីរាង្គនេះក្នុងពេលឆាប់ៗខាងមុខ។
ជាមួយគ្នានោះដែរ លោកសាស្ត្រាចារ្យ ឈាង រ៉ា អគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត បានមានប្រសាសន៍ថា សន្និសីទដ៏មានអត្ថប្រយោជន៍នេះ មានការសហការរួមគ្នារៀបចំ ដោយមន្ទីរពេទ្យ កាល់ម៉ែត ជាមួយនឹងក្រុមជំនាញការបារាំង ដែលមានការគាំទ្រពីក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា។
ប្រធានបទសំខាន់ៗជាច្រើន នឹងត្រូវចូលរួមបង្ហាញ និងពិភាក្សា ដើម្បីស្វែងបង្កើត ឲ្យចេញនូវគោលដៅរួមមួយ ដោយសាស្ត្រាចារ្យជំនាញបារាំង និងក្រុមគ្រូពេទ្យពាក់ព័ន្ធ របស់ប្រទេសកម្ពុជា សំដៅធ្វើយ៉ាងណាឲ្យសម្រេចបាននូវការផ្សាំសរីរាង្គ ដែលអាចជួយ ដល់អ្នកជំងឺដែលមានបញ្ហានេះ មានសង្ឃឹមទៅអនាគត។
លោកអគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត បានមានប្រសាសន៍ទៀតថា ការប្រយុទ្ធប្រឆាំងនឹងជំងឺខ្សោយតម្រងនោមបានក្លាយទៅជាបញ្ហាប្រឈមដ៏ធំមួយសម្រាប់រដ្ឋាភិបាល របស់យើងការខិតខំប្រឹងប្រែងរួមសហការ គ្នាឲ្យមានភាពសន្និសីទនេះឡើងគឺជាតម្រូវការចាំបាច់ដើម្បីជួយដោះស្រាយបញ្ហា នៅក្នុងព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាក្នុងតំបន់។
លោកសាស្ត្រាចារ្យបញ្ជាក់ថា ប្រធានបទ “ដំណើរការឆ្ពោះទៅកាន់ការផ្សាំសរីរាង្គ” ដែលបានជ្រើសរើសយកមកដាក់ក្នុងសន្និសីទនេះស្របគ្នាទៅនឹងការយកចិត្តទុកដាក់ នៃការថែទាំសុខភាពនាពេលបច្ចុប្បន្នដែលប្រទេសក្នុងតំបន់កំពុងប្រឈមមុខនឹងការការពារការត្រួតពិនិត្យ និងព្យាបាលដោយផ្តោតលើបច្ចេកទេសកាន់តែជឿនលឿន ឈានមុខក្នុងការព្យាបាលទាំងគ្រូពេទ្យទាំងអ្នកជំងឺសុទ្ធតែទទួលបាននូវគុណតម្លៃប្រកបដោយគុណភាព និងប្រសិទ្ធភាពកម្រិតខ្ពស់។
សន្និសីទនេះ នឹងបង្ហាញនូវប្រធានបទជាច្រើន រួមទាំងបច្ចេកទេសបទពិសោធន៍ថ្មីៗ ព្រមទាំងមានការផ្លាស់ប្ដូរយោបល់គ្នាផុលផុសជាទុនមួយដែលមានតម្លៃធំធេង ជួយដល់ វិស័យសុខាភិបាលនៅកម្ពុជា ពិសេសជាចំណេះដឹងថ្មីៗបន្ថែមទៀតជួយដល់វេជ្ជបណ្ឌិតឯកទេសឲ្យកាន់តែមាន ជំនឿជាក់ ក្នុងការពិនិត្យព្យាបាលជំងឺឲ្យទទួលបានលទ្ធផលកាន់តែប្រសើរឡើងថែមទៀត៕
Source: Kampuchea Thmey Daily
0 Comments