ភ្នំពេញ ៖ តារាសម្តែងប្រុសលក្ខណៈភេទទី៣ និងជាអ្នកជំនាញផាត់មុខលោក រក្សា ឬហៅក្រៅថាចែចូចូ ពេលនេះបានធ្លាក់ខ្លួនឈឺ និងស្លេកស្លាំងខ្លាំង ក្រោយពេលដែលមានជំងឺពីរមុខក្នុងពេលតែមួយពោលគឺជំងឺបេះដូងរីកនិងជំងឺឈាមសស៊ីឈាមក្រហម។ នេះបើតាមការបង្ហើបឲ្យដឹងពីលោក អ៊ឹម ជីវ៉ា។
តារាសម្តែងប្រុសលោក អ៊ឹម ជីវ៉ា បានបង្ហោះភ្ជាប់ជាមួយរូបភាពតារាប្រុសលោក រក្សា បែបនេះថាអាណិតគាត់ណាស់ លោករក្សាឬចែចូចូ គាត់គឺសិល្បករមួយរូបនិងជាអ្នកជំនាញផាត់មុខធ្វើសក់ តែពេលនេះគាត់ធ្លាក់ខ្លួនឈឺ ដោយជំងឺបេះដូងរីកនិងជំងឺឈាមសស៊ីឈាមក្រហម។
ប្រភពបានបន្តទៀតថា ទោះបី រក្សា ធ្លាក់ខ្លួនឈឺគ្មានថវិកាព្យាបាលក៏ប្អូនមិនហ៊ានមាត់កអោយអ្នកណាដឹងឡើយគឺប្អូនសុខចិត្តដេកឈឺនៅផ្ទះជួលមិនហ៊ានប្រាប់គេអោយដឹងឡើយ។ដោយសារតែប្អូនខ្លាចគេថា អ្នកសិល្បៈអោយតែពេលធ្លាក់ខ្លួនឈឺគឺសុំជំនួយ ដូចនេះហើយបានប្អូនសុខចិត្តលំបាកវេទនាខំប្រឹងទៅថតផងតុបតែងមុខអោយគេផងទាំងឈឺ ដើម្បីបានលុយបន្តិចបន្តួចមកព្យាបាលជំងឺ។
លោក អ៊ឹម ជីវ៉ា បាននិយាយថា ខ្ញុំជួបគាត់នៅពេលដែលគាត់មកជួយនៅសង្ក្រាន្តច្បារអំពៅ ហើយខ្ញុំឃើញរូបរាងគាត់ស្គមស្គាំងទឹកមុខស្លេកស្លាំងគឺឃើញសភាពដែលសឹងតែមិនគួរអោយជឿដែលកាលពីមុនប្អូនមានរូបរាងធាត់ទម្ងន់ប្រហែល៨០គីឡូឥឡូវស្រកគីឡូនៅមិនដល់៤០គីឡូផង។ អ្វីដែលជាការសំណូមពររបស់ខ្ញុំសូមអោយបងប្អូនទាំងអស់បងប្អូនណាដែលមានលទ្ធភាពជួយគាត់ផង ជាពិសេសសិល្បករគ្នាឯងជាជំហានមុខ។
បន្ថែមពីលើនេះ តារាប្រុសលោក អ៊ឹម ជីវ៉ា បានលើកឡើងថា ជួយទៅតាមទឹកចិត្ត ជួយទាន់មនុស្សអាចឈរបានដើរបាន ជួយអ្នកណាក៏ដោយកុំជួយពេលមនុស្សជិតស្លាប់ វាជាការហួសពេលហើយ ហើយបើបងប្អូនណាមិនបានជួយសូមមេត្តា កុំរើសអើងមើលងាយជេរប្រមាថអ្វីមនុស្សយើងម្នាក់ៗគ្មានអ្នកណាល្អគ្រប់ដប់ទេ ហើយជំងឺអ្នកណាក៏មានដែរគ្រាន់តែតិចហើយនិងច្រើន កុំសើចយំគេ គ្មានអ្នកណារួចផុតពីសេចក្តីស្លាប់បានឡើយ តែបើនៅមានជីវិតត្រូវសាងល្អអោយបានច្រើន៕
Source: Kampuchea Thmey Daily
0 Comments