ប៉ូលិសក្នុងស្រុកបាននិយាយកាលពីថ្ងៃអង្គារថា មនុស្សជាង៥០នាក់ត្រូវបានគេព្រួយបារម្ភថាស្លាប់បន្ទាប់ពីការបាក់ដីមួយនៅភាគខាងជើងប្រទេសមីយ៉ាន់ម៉ាបានលេបត្របាក់អ្នកជីករ៉ែត្បូងខណៈពេលពួកគេកំពុងដេកលក់។នេះជាគ្រោះថ្នាក់សម្លាប់មនុស្សចុងក្រោយបំផុតនៅក្នុងឧស្សាហកម្មដ៏គ្រោះថ្នាក់មួយ។
មនុស្សរាប់សិបនាក់បានស្លាប់ជារៀងរាល់ឆ្នាំដោយសារការបាក់ដីដែលបណ្តាលមកពីការជីករករ៉ែត្បូង ដែលជាឧស្សាហកម្មមានការគ្រប់គ្រងមិនល្អហើយពោរពេញទៅដោយអំពើពុករលួយ។ ប៉ូលិសក្នុងតំបន់បាននិយាយថា គ្រោះថ្នាក់នៅរដ្ឋ Kachin កាលពីយប់ថ្ងៃចន្ទមួយនេះគឺធំខ្លាំងណាស់ដែលវាបានបង្កើតទៅជា “បឹងភក់” ដ៏ធំមួយដែលកប់កម្មករអណ្តូងរ៉ែក៏ដូចជារថយន្តប្រមាណ៤០គ្រឿងផងដែរ។
មន្ត្រីទទួលបន្ទុកមកពីប៉ុស្តិ៍ប៉ូលិសក្រុង Hpakant បានប្រាប់ AFP ថា “មនុស្សចំនួន៥៤នាក់បានបាត់ខ្លួននៅក្នុងភក់។ គ្មានផ្លូវដែលអ្នកបាត់ខ្លួនអាចនៅរស់នោះទេ”។មកទល់ពេលនេះ មានតែសាកសពចំនួន២ប៉ុណ្ណោះដែលត្រូវបានគេរកឃើញ។ក្រសួងព័ត៌មានបានបញ្ជាក់ពីគ្រោះថ្នាក់នេះនិងចំនួនអ្នកបាត់ខ្លួនហើយបានបន្ថែមថា ទីតាំងនេះត្រូវបានរុករករ៉ែដោយក្រុមហ៊ុន Myanmar Thura Gems និង Shwe Nagar Koe Kaung។
នាយកក្រុមហ៊ុន Myanmar Thura Gems លោក Hla Soe Oo បានប្រាប់ AFP តាមទូរស័ព្ទថា លោកកំពុងធ្វើដំណើរទៅតំបន់នោះហើយមិនមានព័ត៌មានលម្អិតបន្ថែមទៀតទេ។អណ្តូងរ៉ែត្បូងបើកចំហនៅទីប្រជុំជន Hpakant របស់រដ្ឋ Kachin បានប្រែក្លាយតំបន់ដាច់ស្រយាលមួយនេះទៅជាដីដែលមានរាងដូចឋានព្រះចន្ទ។
ការបាក់ដីនៅក្នុងតំបន់នេះគឺជារឿងធម្មតាហើយជនរងគ្រោះជាញឹកញាប់គឺមកពីសហគមន៍ជនជាតិភាគតិចក្រីក្រដែលកំពុងស្វែងរកសំណល់ដែលបន្សល់ទុកដោយក្រុមហ៊ុនធំៗ។ ការបាក់ដីដ៏ធំមួយនៅក្នុងខែវិច្ឆិកាឆ្នាំ២០១៥បានបណ្ដាលឲ្យមនុស្សជាង១០០នាក់ស្លាប់។កាលពីខែកក្កដាឆ្នាំមុន សាកសពនៃជនរងគ្រោះដោយបំណាក់ដីចំនួន២៣នាក់ត្រូវបានគេរកឃើញបន្ទាប់ពីការស្វែងរករយៈពេលច្រើនថ្ងៃ៕ AFP
Source: Kampuchea Thmey Daily
0 Comments