ម្ចាស់ជ័យលាភីពានរង្វាន់ណូបែលសន្តិភាពអ្នកស្រី Nadia Murad និងលោក Denis Mukwege បានអំពាវនាវឲ្យមានយុត្តិធម៌សម្រាប់ជនរងគ្រោះនៃអំពើហិង្សាផ្លូវភេទនៅក្នុងតំបន់ជម្លោះ ខណៈពេលដែលក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានអនុម័តលើសេចក្ដីសម្រេចដ៏ទន់ខ្សោយមួយដែលត្រូវបានជំទាស់ដោយសហរដ្ឋអាមេរិកនិងប្រទេសរុស្ស៊ី។ ការបោះឆ្នោតលើសេចក្ដីសម្រេចដែលព្រាងដោយប្រទេសអាល្លឺម៉ង់ត្រូវបានធ្វើឡើងបន្ទាប់ពីការចរចាដ៏តានតឹងនៅនាទីចុងក្រោយនិងបន្ថែមការផ្លាស់ប្ដូរពាក្យពេចន៍។ ប្រទេសចំនួន១៣បានបោះឆ្នោតគាំទ្រវាខណៈដែលរុស្ស៊ីនិងចិនអនុបវាទ។
ប្រទេសទាំងពីរបាននិយាយថា ពួកគេប្រឆាំងនឹងអំពើហិង្សាផ្លូវភេទនៅក្នុងជម្លោះប៉ុន្តែបានធ្វើការថ្កោលទោសចំពោះ “ការបកស្រាយធូររលុង” នៅក្នុងអត្ថបទនេះហើយបានតស៊ូដើម្បីរៀបចំរចនាសម្ព័ន្ធអង្គការសហប្រជាជាតិថ្មីនិងបដិសេធអាណត្តិដែលត្រូវបានអនុម័តរួចទៅហើយ។ ប្រទេសបារាំងបានរិះគន់សហរដ្ឋអាមេរិកយ៉ាងខ្លាំងចំពោះការគំរាមកំហែងប្រើសិទ្ធិវេតូរបស់ខ្លួនលើសេចក្ដីយោងមួយក្នុងអត្ថបទស្តីពីសិទ្ធិបន្តពូជដែលទីក្រុងវាស៊ីនតោនមើលឃើញថា ជាការលើកទឹកចិត្តនៃការរំលូតកូន។ថ្លែងមុនការបោះឆ្នោត អ្នកស្រី Murad និងលោក Mukwege បានរិះគន់ការបរាជ័យធ្វើរបស់សហគមន៍អន្តរជាតិ។
អ្នកស្រី Murad បាននិយាយនៅឯអង្គការសហប្រជាជាតិអំពីការសម្លាប់រង្គាលលើសហគមន៍ Yazidi របស់នាងដោយក្រុមរដ្ឋឥស្លាមនៅប្រទេសអ៊ីរ៉ាក់និងស៊ីរីថា “មិនមែនមានមនុស្សតែម្នាក់ទេដែលត្រូវបានចោទប្រកាន់ពីការធ្វើជាទាសករផ្លូវភេទ”។សកម្មជនសិទិ្ធមនុស្សអ៊ីរ៉ាក់រូបនេះបានបន្ថែមថា “យើងផ្តល់សុន្ទរកថានៅអង្គការសហប្រជាជាតិប៉ុន្តែមិនបានចាត់វិធានការពិតប្រាកដទេទាក់ទងនឹងការទទួលបានយុត្តិធម៌ហើយគ្មានអ្វីត្រូវបានធ្វើឡើយ”។ចំណែកឯលោក Mukwege ដែលជាវេជ្ជបណ្ឌិតកុងហ្គោទទួលបានពានរង្វាន់ណូបែលសន្តិភាពក្នុងឆ្នាំ ២០១៨បានសួរថា “តើសហគមន៍អន្តរជាតិកំពុងរង់ចាំអ្វីដើម្បីផ្តល់យុត្តិធម៌ដល់ជនរងគ្រោះ?”។ លោកក៏បានអំពាវនាវឲ្យមានការបង្កើតតុលាការជាតិនិងអន្ដរជាតិដើម្បីកាត់ក្តីអ្នកប្រព្រឹត្តអំពើហិង្សាផ្លូវ ភេទនៅក្នុងជម្លោះផងដែរ។
លោកស្រី Amal Clooney មេធាវីសិទ្ធិមនុស្សដែលតំណាងឲ្យ Murad និងជនរងគ្រោះ Yazidi ផ្សេងទៀតបានថ្កោលទោសការឆ្លើយតបជាអន្តរជាតិដ៏ទន់ខ្សោយ។លោកស្រីបានចោទប្រកាន់សហរដ្ឋអាមេរិកនិងប្រទេសរុស្ស៊ីថាប្រឆាំងនឹងប្រព័ន្ធយុត្តិធម៌ដើម្បីឲ្យជនល្មើសនៃឧក្រិដ្ឋកម្មទាំងនេះមកទទួលខុសត្រូវ។ គួរបញ្ជាក់ថា អត្ថបទរបស់អាល្លឺម៉ង់ពីដំបូងឡើយគឺបានស្វែងរកដើម្បីបង្កើតក្រុមការងារផ្លូវការមួយ បង្កើតយន្តការមួយដើម្បីជួយនាំយកអ្នកដែលទទួលខុសត្រូវមកកាត់ទោសនិងការពារជនរងគ្រោះដោយផ្តល់ការទទួលស្គាល់ជាផ្លូវការដល់សិទ្ធិផ្លូវភេទនិងសិទ្ធិបន្តពូជរបស់ពួកគេ។ ប្រទេសចិន រុស្ស៊ីនិងសហរដ្ឋអាមេរិកបានប្រឆាំងនឹងយន្តការនេះខណៈក្រុមការងារត្រូវបានគេបោះបង់ចោលហើយទីក្រុងវ៉ាស៊ីនតោនបានគំរាមវេតូប្រសិនបើអត្ថបទនេះនិយាយពីសិទ្ធិបន្តពូជ៕ AFP
Source: Kampuchea Thmey Daily
0 Comments