Ad Code

ផ្ទុះ​កំប៉ុង​បាញ់ថ្នាំ​ ឆាបឆេះ​ផ្ទះ​កាត់ដេរ​ និង​ស្តុក​ក្រណាត់



ភ្នំពេញ​ ៖​ មាន​ហេតុការណ៍​អគ្គិភ័យ​មួយ​ បាន​កើតឡើង ​ដោយសារ​ផ្ទុះ​កំប៉ុង​បាញ់ថ្នាំ​ផ្ទះ​កាត់ដេរ ​និង​ស្តុក​ក្រណាត់​មួយកន្លែង តែ​សំណាងល្អ​ត្រូវបាន​ប្រជាពរដ្ឋ នាំគ្នា ជួយ​ពន្លត់​ទាន់ ពុំ​បណ្តាលឲ្យ​រង​ការខូចខាត​ធ្ងន់ធ្ងរ​នោះទេ កាលពី​វេលា​ម៉ោង​២​រសៀល​ ថ្ងៃទី​២១ ខែ​មេសា ឆ្នាំ​២០១៩ នៅ​ភូមិ កោះ​អណ្តែត សង្កាត់​ទួល​សង្កែ​ទី​២ ខណ្ឌ​ឫស្សី​កែវ។

ផ្ទះ ដែល​ត្រូវ​ភ្លើង​ឆេះ​នោះ​ធ្វើ​ពី​ឈើ​ប្រក់​ស័ង្កសី ​ជា​ផ្ទះ​កាត់ដេរ និង​ស្តុក​ក្រណាត់ ដែល​មាន​ម្ចាស់​ឈ្មោះ ជិន សុវណ្ណារ៉ា ភេទ​ប្រុស​ អាយុ​៣៩​ឆ្នាំ ជាជាង​កាត់ដេរ។

តាម​សាក្សី​បានឲ្យដឹងថា នៅ​មុនពេល​កើតហេតុ ស្រាប់តែ​ឮ​ស្នូរ​ផ្ទុះ​នៅ​ជាន់​ទី​១ បង្ក​ឲ្យ​ទៅជា​អណ្ដាតភ្លើង ឆេះ​ភ្លាមៗ ប្រជាពលរដ្ឋ ក្បែរ រួម​នឹង​ម្ចាស់ផ្ទះ បាននាំ​គ្នា​ដងទឹក​ជួយ​ពន្លត់ ដោយ​សារ​តែ​មានការ​សាមគ្គី​ និង​ជួយ​គ្នា​ពន្លត់​ទាន់​ ពុំ​បណ្តាលឲ្យ​ខូចខាត​ធ្ងន់ធ្ងរ​នោះទេ។​

បើទោះបី​យ៉ាងណា នៅក្នុង​ហេតុការណ៍​នោះ មាន​រថយន្ត​ពន្លត់​អគ្គិភ័យ​មួយគ្រឿង​របស់​ស្នងការ​ក្រុង​បាន​ទៅ​អន្តរាគមន៍​បាញ់​ពន្លត់​ផង​ដែរ​ ចៀសវាង​ភ្លើង​​​​​​ឆាប​ឆេះ​​រាលដាល​តទៅទៀត។ តាម​ម្ចាស់ បាន​ឲ្យ​ដឹងថា ការកើតមាន​អគ្គិភ័យ​នេះ​បណ្តាលមកពី​ផ្ទុះ​កំប៉ុង​បាញ់ថ្នាំ​ពណ៌ ​ដែល​កូនចៅ​របស់គាត់​ទិញ​មក​បាញ់​ម៉ូតូ ហើយ​ទុក​​​ជាន់​លើ​ក្បែរ​ដំបូល​ អាច​បណ្តាល​ឲ្យ​ក្តៅ​ផ្ទុះ​ក្លាយ​ជា​អគ្គិភ័យ​តែ​ម្តង៕


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu