Ad Code

លោកស្រី May ឈ្នះ​អាណត្តិ​ដើម្បី​បើក​កិច្ចព្រមព្រៀង Brexit ឡើងវិញ



នាយករដ្ឋមន្ត្រី​ចក្រភព​អង់គ្លេស​លោកស្រី Theresa May បានឈ្នះ​ការគាំទ្រ​របស់​សភា​កាលពី​ថ្ងៃ​អង្គារ​ដើម្បី​ចរចា​ឡើងវិញ​នូវ​កិច្ចព្រមព្រៀង Brexit របស់លោក​ស្រី​ដែល​នេះ​ជា​ការ​ប្រែក្រឡាស់​គោលនយោបាយ​ដ៏​សំខាន់​មួយ​ដែល​បង្កើត​ឲ្យ​មាន​ភាព​តានតឹង​ជាមួយនឹង​សហភាព​អឺរ៉ុប​ក្រោយពី​បាន​បដិសេធ​នូវ​ការផ្លាស់ប្តូរ​ណាមួយ​។​

ការសម្រេចចិត្ត​ដ៏​គួរ​ឲ្យ​កត់សម្គាល់​របស់លោក​ស្រី May ក្នុងការ​បោះបង់ចោល​ក​តិ​កា​សញ្ញា​ដែល​លោកស្រី​បាន​ឈានដល់​ជាមួយ​មេដឹកនាំ EU ចំនួន​២៧​រូប​នៅឯ​កិច្ចប្រជុំ​កំពូល​មួយ​កាលពី​ខែ​មុន​បាន​កើតឡើង​ខណៈដែល​ចក្រភព​អង់គ្លេស​កំពុងស្ថិត​នៅលើ​ផ្លូវ​នៃ​ការចាកចេញ​ពី​ប្លុក​នេះ​បន្ទាប់ពី​មាន​ភាពវឹកវរ​នៃ​ភាពចលាចល​ផ្នែក​នយោបាយ​និង​សេដ្ឋកិច្ច​រយៈពេល​៤៦​ឆ្នាំ​។​

ប្រាក់​ផោន​បាន​ធ្លាក់ចុះ​យ៉ាង​ឆាប់រហ័ស​ដោយសារ​ការ​ភ័យខ្លាច​ចំពោះ​សេណា​រី​យ៉ូ​គ្មាន​កិច្ចព្រមព្រៀង​ស្រប​ពេលដែល​សមាជិកសភា​បាន​បោះឆ្នោត​តាមរយៈ​ការធ្វើ​វិសោធនកម្ម​មួយ​ដែល​និយាយថា ពួកគេ​នឹង​គាំទ្រ​កិច្ចព្រមព្រៀង​លែងលះ​នេះ​លុះត្រា​ណា​តែ​លក្ខខណ្ឌ​រក្សា​ព្រំដែន​អៀរ​ឡង់​ឲ្យ​បើកចំហ​ត្រូវបាន​ដកចេញ​។​

អ្នកនាំពាក្យ​របស់​មេដឹកនាំ​សហភាព​អឺរ៉ុប​លោក Donald Tusk បាន​និយាយថា កិច្ចព្រមព្រៀង​នេះ​មិន​បើកចំហ​សម្រាប់​ការចរចា​ឡើងវិញ​ទេ​ខណៈដែល​ប្រធានាធិបតី​បារាំង​លោក Emmanuel Macron បាន​និយាយថា វា​គឺជា​កិច្ចព្រមព្រៀង​ដ៏​ល្អ​បំផុត​ដែល​អាចធ្វើ​ទៅបាន​។​

សមាជិកសភា​ក៏បាន​បោះឆ្នោត​គាំទ្រ​ចំពោះ​វិធាន​ការមិន​ជាប់​កាតព្វកិច្ច​ផងដែរ​ដែល​បាន​បដិសេធ​ចក្រភព​អង់គ្លេស​ពី​ការចាកចេញ​ពី​សហភាព​អឺរ៉ុប​ដោយ​គ្មាន​កិច្ចព្រមព្រៀង​ដកខ្លួន​។​

បច្ចុប្បន្ននេះ លោកស្រី May កំពុង​ប្រឈម​នឹង​បញ្ហា​ប្រឈម​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​មួយ​ដែល​បញ្ចុះបញ្ចូល​ទីក្រុង​ប្រ៊ូ​ស​សែ​ល​ឲ្យ​បើក​កិច្ចចរចា​ឡើងវិញ​ដែល​នឹង​ចំណាយ​រយៈពេល​១៨​ខែ​ដើម្បី​បញ្ចប់​។​

លោកស្រី​បាន​និយាយថា ការអនុម័ត​របស់​ស​ភា​ក្នុង​ការធ្វើ​វិសោធនកម្ម​ច្បាប់​នេះ​បានផ្តល់​ឲ្យ​លោកស្រី​នូវ “​អាណត្តិ​” ដើម្បី​ស្វែងរក​ការផ្លាស់ប្តូរ​ស្របច្បាប់​ចំពោះ​កិច្ចព្រមព្រៀង​ដកខ្លួន​៕ AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu