ភ្នំពេញ ៖ មានតារាសម្ដែង និងតារាចម្រៀងជើងថ្មីរបស់ខ្មែរយើងជាច្រើនដួង ដែលពួកគាត់មានរូបសម្បត្តិស្រស់សោភានិងស្រស់សង្ហាមិនចាញ់តារាបរទេស ប៉ុន្តែតារាទាំងនោះហាក់ដូចជាមិនទាន់បានលេចធ្លោក្នុងពិភពសារព័ត៌មាននៅឡើយ ដោយសារពួកគាត់ជាតារាដែលទើបនឹងរះ ហើយម្យ៉ាងទៀតកុនល្ខោនដែលពួកគាត់បានចូលរួមសម្តែងមិនទាន់បានដាក់បញ្ចាំងនៅឡើយ នេះជាមូលហេតុមិនទាន់ត្រូវបានអ្នកណាលើកឡើង។ នេះបើយោងតាមការបញ្ជាក់របស់អ្នកនាង ស៊ិន ឧត្តមផល្លា។
តារាស្រីអ្នកនាង ស៊ិន ឧត្តមផល្លា បានរៀបរាប់ថា មកស្គាល់តារាសម្ដែងនិងតារាបង្ហាញម៉ូដជើងថ្មី ដែលលោកមានឈ្មោះថា ចាន់ វីស្សា តារារូបនេះមានអាយុ២១ឆ្នាំ កម្ពស់ ១.៨៥ម៉ែត្រ ទម្ងន់ ៨២គីឡូក្រាមលោកទើបតែឈានជើងចូលប្រឡូកក្នុងពិភពសិល្បៈនៅក្នុងឆ្នាំ២០១៥ ដោយដំបូងលោក ចាន់ វីស្សា ធ្លាប់បានចូលហាត់ច្រៀងហាត់សម្តែងនិងដើរម៉ូដជាមួយតារាចម្រៀងលោកជាតិ ខេមរា។
ប្រភពដដែលបានបន្តថា បន្ទាប់មកលុះដល់ឆ្នាំ២០១៦ លោក ចាន់ វីស្សាក៏បានស្គាល់លោក កៅ សីហា ដែលជាអ្នកដឹងនាំរឿងក៏ដូចជាដឹកនាំបទចម្រៀងដ៏ល្បីល្បាញរបស់ផលិតកម្មរស្មីហង្សមាស បានផ្តល់ឱកាសអោយលោក ចាន់ វីស្សា សម្តែង MV ដោយបទដំបូងគឺបទ : បទ ( Show me love )ដោយបទនេះបកស្រាយដោយកញ្ញា លាង សុផាឡែន។ បទ ( Hey boy ) បទនេះបកស្រាយដោយកញ្ញា ផន ស្រីខួច។ បទ ខឹងព្រោះស្រលាញ់ បទនេះបកស្រាយដោយលោក ព្រាប សុវតិ្ថ។ បទ ( Hot pink and put your hand up ) បទនេះបកស្រាយដោយកញ្ញា ទេព បូព្រឹក្ស នឹងបទចម្រៀងបែបយុវវ័យជាច្រើនទៀត ។
អ្នកនាង ស៊ិន ឧត្តមផល្លា បានបន្ថែមថា ដោយមើលឃើញពីទេពកោសល្យល្អរបស់លោកនៅក្នុងការសម្ដែងលោក ចាន់ វីស្សា ក៏នឹងត្រូវមានវត្តមានជាតួអង្គដ៏សំខាន់មួយរូបនៅក្នុងរឿង រាជិនីភូមិគ្រឹះ ក្នុងផលិតកម្ម រស្មីហង្សមាសផងដែរ។ សូមបញ្ជាក់ថាលោកចាន់ វីស្សាសព្វថ្ងៃក្រៅពីអាជីពជាតារាសម្ដែង លោកក៏ជាអ្នកលក់សម្លៀកបំពាក់បុរស នៅផ្សារអូឡាំពិកផងដែរ៕
Source: Kampuchea Thmey Daily
0 Comments