សហរដ្ឋអាមេរិកបានចាប់ផ្តើមបញ្ជូនជនអន្តោប្រវេសន៍ដែលបានដាក់ពាក្យសុំសិទ្ធិជ្រកកោនឲ្យត្រឡប់ទៅប្រទេសម៉ិកស៊ិកវិញហើយកាលពីថ្ងៃអង្គារ ដើម្បីរង់ចាំកាលបរិច្ឆេទរបស់តុលាការនៅក្រោមគោលនយោបាយថ្មីដ៏ចម្រូងចម្រាសមួយពីលោកប្រធានាធិបតី Donald Trump។
អាជ្ញាធរម៉ិកស៊ិកបាននិយាយថា លោក Carlos Gomez មកពីប្រទេសហុងឌូរ៉ាសដែលបានទៅដល់ព្រំដែននៅក្នុងក្បួនជនចំណាកស្រុកអាមេរិកកណ្តាលកាលពីឆ្នាំមុនគឺជាមនុស្សទីមួយដែលត្រូវបានបញ្ជូនត្រឡប់មកវិញ។
មន្ត្រីអន្តោប្រវេសន៍ម៉ិកស៊ិកបាននាំលោក Gomez អាយុ៥៥ឆ្នាំឲ្យចូលទៅក្នុងរថយន្តមួយគ្រឿងដែលកំពុងរង់ចាំហើយយកគាត់ទៅជំរំអន្តោប្រវេសន៍មួយនៅទីក្រុង Tijuana ជាប់ព្រំដែនជាមួយទីក្រុង San Diego នៃរដ្ឋ California ។
ស្ថានទូតអាមេរិកនៅទីក្រុង Mexico City បានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍មួយថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនបានចាប់ផ្តើមអនុវត្តគោលនយោបាយថ្មីនេះដែលជាការប៉ុនប៉ងចុងក្រោយរបស់លោក Trump ដើម្បីទប់ស្កាត់ការធ្វើអន្តោប្រវេសន៍ខុសច្បាប់។ ក្រុមអ្នករិះគន់បាននិយាយថា គោលនយោបាយនេះគឺជាការស្អប់ខ្ពើមជនបរទេសហើយអាចធ្វើឲ្យជនភៀសខ្លួនដែលងាយរងគ្រោះមានគ្រោះថ្នាក់។
ស្ថានទូតអាមេរិកបាននិយាយថា “សហរដ្ឋអាមេរិកបានចាប់ផ្តើមអនុវត្តគោលនយោបាយ Migrant Protection Protocols។ សកម្មភាពនេះគឺជាការឆ្លើយតបទៅនឹងវិបត្តិអន្តោប្រវេសន៍ខុសច្បាប់ដែលសហរដ្ឋអាមេរិកកំពុងជួបប្រទះនៅព្រំដែនភាគខាងត្បូងរបស់ខ្លួន”។
ស្ថានទូតបាននិយាយទៀតថា ការសុំសិទ្ធិជ្រកកោននៅសហរដ្ឋអាមេរិកបានកើនឡើង២,០០០ភាគរយក្នុងរយៈពេលប្រាំឆ្នាំចុងក្រោយនេះចាប់តាំងពីជនអន្តោប្រវេសន៍ជាច្រើនដឹងថា ការដាក់ពាក្យសុំសិទ្ធិជ្រកកោនបានផ្តល់ឲ្យពួកគេនូវឱកាសមួយដើម្បីស្នាក់នៅក្នុងសហរដ្ឋអាមេរិកបើទោះបីជាពួកគេមិនមានពាក្យសុំសិទ្ធិជ្រកកោនត្រឹមត្រូវក៏ដោយ។
សហរដ្ឋអាមេរិកនិយាយថា គោលនយោបាយនេះនឹងមិនអនុវត្តចំពោះជនភៀសខ្លួនម៉ិកស៊ិកដែលស្វែងរកសិទ្ធិជ្រកកោននោះទេ។ នៅក្រោមច្បាប់អន្ដរជាតិ អ្នកដាក់ពាក្យសុំសិទ្ធិជ្រកកោនមិនអាចត្រូវបានបញ្ជូនត្រឡប់ទៅប្រទេសដែលពួកគេកំពុងគេចខ្លួនចេញវិញនោះទេ៕ AFP
Source: Kampuchea Thmey Daily
0 Comments