Ad Code

ជនជាតិ​វៀតណាម​១២​នាក់ ត្រូវ​តុលាការ​សម្រេច​ឃុំខ្លួន​បណ្ដោះអាសន្ន ​នៅ​ពន្ធនាគារ​ខេត្ត​ ហើយ ចុះ​អ្នក​ពាក់ព័ន្ធ​គិត​យ៉ាងណា​?



រតនគិរី ៖ ទីបំផុត​ជនជាតិ​វៀតណាម​ទាំង​១២​នាក់ ត្រូវបាន​ឃុំ​ខ្លួន​បណ្ដោះអាសន្ន​តាម​ដីកា​របស់​តុលាការ នៅ​រសៀល​ថ្ងៃទី​២១​ ខែ​មេសា ​ឆ្នាំ​២០១៩​ហើយ ដោយឡែក​ចំពោះ​អ្នក​ដែល ដឹកនាំ​ធានា​និង​អ្នកបើក​ច្រក​ឲ្យ​ពួកគាត់​និង​គ្រឿងចក្រ ឆ្លងដែន​ចូលមក​គគ្រឹកគគ្រេង​ដោយ​ខុសច្បាប់​កំពុង​ដេក​ស្រណុក​សុខ​ស្រួល​នៅឡើយ ចម្លើយ​នេះ​មានតែ​លោក​ចៅក្រម​ នៃ​តុលាការ​ទេ​ដែលជា​អ្នក​..? ។​

មន្ត្រី​អ្នកច្បាប់​បាន​ខ្សឹប​ប្រាប់ថា មេខ្លោង​ដឹកនាំ​ជនបរទេស​ច្រើន​នាក់​មក​ដេក​គុក​ស្រុក​ខ្មែរ​ ពេលនេះ បើ​តាម​ការស៊ើបអង្កេត អាច​ពាក់ព័ន្ធ​នឹង​ពលរដ្ឋ​ខ្មែរ​០២​នាក់ ក្នុង​នោះ​មាន លោក សេក វិ​រៈ តំណាង​ក្រុមហ៊ុន នុ​ភាព សុ​ភី និង ​លោក ហេង រតនៈ ស្នងការ​រង​ទទួលបន្ទុក​កិច្ចការ​ព្រំដែន​គោក​ផង​ដែរ ព្រោះ​រឿង​នេះ ​បើ​ខ្មោច​ក្នុង​មិន​ឲ្យ​ដៃ​ទេ ​ខ្មោច​ក្រៅ​ក៏​មិន​ហ៊ាន​ដែរ។

ប្រភព​ដដែល​នោះ​បាន​បន្ត​ថា គោលបំណង​សំខាន់​ក្នុង​សំណុំ​រឿង​នេះ​ គឺ​នាំ​យក​គ្រឿងចក្រ​០៦​គ្រឿង​ និង​ជនជាតិ​វៀតណាម​១២​នាក់ មក​ឈូស​ឆាយ​ដី​ព្រៃ ឱទ្យាន​ជាតិ វីរៈ​ជ័យ ធ្វើ​ដេប៉ូ​ដាក់​ឈើ​នៅ​តំបន់​អូរ​តា​យ៉ាក និង​ឈូស​ធ្វើ​ផ្លូវ​សម្រាប់​អូស​យក​ឈើ​ល្អៗ​នៅក្នុង ដែន​ឧទ្យាន​ជាតិ​វីរៈ​ជ័យ ឆ្លង​ដែន​ទៅ​លក់​នៅ​ប្រទេស​វៀតណាម​។​

​គួរបញ្ជាក់​ផងដែរ​ថា ក្រុមហ៊ុន​នុ​ភាព សុ​ភី​នេះ ​វិនិយោគ​ជាមួយ​រាជរដ្ឋាភិបាល​មាន​រយៈពេល​ជាង​១០ ឆ្នាំ​មកហើយ តែ​គេ​ពុំដែល​ឃើញ ក្រុមហ៊ុន​មួយ​នេះ​ដាំ​ដុះ​ដំណាំ​កសិឧស្សាហកម្ម​ជា​ដុំកំភួន​សោះ​ឡើយ​?​។ មានតែ​ដំណាំ កៅស៊ូ​កំប៉ិកកំប៉ុក​បាន​ប្រហែល​ជាង​១០​ហិកតា​ប៉ុណ្ណោះ ក្រៅពីនោះ ទុក​ចោល​ឲ្យ​ភ្លើង​ឆាបឆេះ​សន្ធោសន្ធៅ ជា​អន្លើៗ ប៉ុន្តែ​អ្វី​ជា​សំខាន់​នោះ​ គឺ​ការ​កាប់​រំលំ​បំផ្លាញ​ព្រៃឈើ ក្នុង​ឧទ្យាន​វីរៈ​ជ័យ ដឹកជញ្ជូន​យក​ទៅ​លក់​នៅ​ប្រទេស​វៀតណាម​តែប៉ុណ្ណោះ។

​មន្ត្រី​នគរបាល​អន្តោប្រវេសន៍​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ ​បាន​ខ្សឹប​ប្រាប់ថា ចម្លើយ​ពី​ជនជាតិ​វៀត​ណាម​បាន​បញ្ជាក់ថា មូលហេតុ​ដែល​គេ​នាំ​គ្រឿងចក្រ​ចូលមក​នេះ​ គឺ​ដោយមាន​ការធានា​ពី​ លោក សេក វិ​រ​: ព្រោះ​ពួកគាត់ ជា​កម្មករ​ស៊ីប្រាក់ខែ​ក្នុង​មួយ​ខែ​បាន​៧.០០០.០០០​ដុង​(​ប្រាំពី​លាន​ដុង​)​តែ​ប៉ុណ្ណោះ​។ ដោយ​អ្នក​ធានាបាន​អះអាង​ប្រាប់ថា មក​ឈូ​សដី​ក្នុង​ក្រុមហ៊ុន​ដោយ​ពួកគេ​មិនបាន​ដឹង​ថា​ឈូស​ដី​ក្រៅ​ប្រព័ន្ធ​ច្បាប់​អនុញ្ញាត​នោះ​ឡើយ​។​

​ប្រភព​ដដែល​បាន​បន្តថា​ តំណាង​ក្រុមហ៊ុន លោក សេក វិ​រៈ បាន​ទទួល​លុយ​កក់​ពីរ​លើក ចំនួន​៧.០០០​ដុល្លារ​លើកទីមួយ ទទួល​លុយ​កក់​៥.០០០​ដុល្លារ​ ថ្លៃ​នាំចូល (​អា​ប៊ុល​ដេ​៦០) លើក​ទី​ពីរ ទទួល​លុយ​កក់​២.០០០​ដុល្លារ (​ថ្លៃ​ដឹក​ប្រេង​)​។​

ពលរដ្ឋ​ក្នុង​ខេត្ត​រតនគីរី សូម​ថ្លែង​អំណរគុណ​ដល់​លោក​ឧត្ដមសេនីយ៍​ត្រី ថាវ យ៉េន មេបញ្ជាការ​កង​រាជ​អាវុធហត្ថ​ខេត្ត ដឹកនាំ​កម្លាំង​បង្ក្រាប ក្រោម​បទបញ្ជា ដ៏​ក្តៅ​កគុក​របស់​នាយ​ឧត្ដមសេនីយ៍ សៅ សុខា អគ្គ​មេបញ្ជាការ​រង កងយោធពលខេមរភូមិន្ទ និង​ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ជា​ប្រធាន​គណៈកម្មការ​ជាតិ បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​ ដែលការា​ចុះ​បង្ក្រាប​ករណី​នេះ​កាលពី​ល្ងាច​ថ្ងៃទី​១៦​ ខែ​មេសា ​ឆ្នាំ​២០១៩​ កន្លងមក ​និង​ ឈាន​ដល់​បង្ក​សំណុំរឿង​បញ្ជូន​ខ្លួន ជន​ជាតិ​វៀតណាម​ទាំង​១២​នាក់ និង​វត្ថុតាង​ទៅ​តុលាការ​ទៀត​ផង។

​ជុំវិញ​បញ្ហា​ខាង​លើ​នេះ លោក សេក វិ​រៈ និង​លោក ហេង រត​នះ ភ្នាក់ងារ​កាសែត​កម្ពុជា​ថ្មី មិន​អាច​សុំ​ការ​បំភ្លឺ​បានទេ ​នៅ​ល្ងាច​ថ្ងៃទី​២០​មេសា​នេះ ដោយ​ប្រព័ន្ធ​ទូរស័ព្ទ​ចុច​ចូល​ជា​ច្រើនដង ប៉ុន្តែ​លោក​ក៏បាន​ចុច​ផ្ដាច់​ចោល​ទៅវិញ​៕




Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu