Ad Code

មឿ​ន សុខ​ហ៊ុ​ច ឈ្នះ​ឆ្លាម ផេ​ត ដោយ​ពិន្ទុ ខណៈ​សុខ​ សា​វិ​ន​ និង​កូយ​ ឡាយ​ ផ្ដួល​ថៃ ​ឲ្យ​សន្លប់​ដូចគ្នា​



ប្រដាល់ ៖ មឿ​ន សុខ​ហ៊ុ​ច អ្នក​ប្រដាល់​ក្លិប​ពុទ្ធ​សេរី​វង្ស​កីឡា បាន​វាយ​ឈ្នះ​ថៃ​ឆ្លាម​ផេ​ត​ដោយ​ពិន្ទុ ក្នុង​ការជួប​ប្រកួត​គ្នា​កាលពី​ព្រឹក​ថ្ងៃទី​២១ ខែ​មេសា ឆ្នាំ​២០១៩ នៅលើ​សង្វៀន​Boostrong Fighter On Fire របស់ SEATV ។​

អ្នក​ប្រដាល់​ជើង​ខ្លាំង​កម្ពុជា មឿ​ន សុខ​ហ៊ុ​ច បាន​វាយ​អ្នក​ប្រដាល់​ជើង​ខ្លាំង​ថៃ ឆ្លាម ផេ​ត (Chhlam Phat) សឹងតែ​ឆ្លាម ផេ​ត​គ្មាន​ឪ​កាស​តដៃ​បាន ប៉ុន្តែ​យ៉ាងណា​សុខ​ហ៊ុ​ច ក៏​មិនអាច​ផ្ដួល​ថៃ​រូបនោះ​ឲ្យ​ដួល​មុន​ទឹក​៥​បានដែរ​។​ពួកគេ​ពីរ​នាក់​នេះ ជួប​គ្នា​ក្នុង​ប្រភេទ​ទម្ងន់៦៥គីឡូក្រាម។

ឆ្លាម ផេ​ត ជា​លើក​ទី​២​សម្រាប់​គេ​ដែល​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ​នោះ។ កាលពី​មកលើ​ក​ទី​១(​ថ្ងៃទី​៣១​មីនា​២០១៩) ឆ្លាម ផេ​ត​បាន​វាយ​ចាញ់​រឿង សា​រ័ត្ន អ្នក​ប្រដាល់​កម្ពុជា​ក្លិប​កងពលតូច​ទ័ព​ឆ័​ត្រ​យោង​៩១១ ដោយ​ពិន្ទុ ហើយ​មក​លើក​ទី​២​នេះ ចាញ់​មឿ​ន សុខ​ហ៊ុ​ច ដោយ​ពិន្ទុ​ទៀត ។

ចំពោះ​ការប្រកួត​រវាង​ខ្មែរ​និង​ខ្មែរ​វិញ គង់ សំបូរ អ្នក​ប្រដាល់​ក្លិប​អាណាចក្រ​ប្រយុទ្ធ ខេត្តសៀមរាប គេ​បាន​ផ្តួល​ភិន សុទី អ្នក​ប្រដាល់​ក្លិប​កងទ័ពជើងទឹក​ក្នុង​ទឹក​ទី​៣ ហើយ​ប៊​ន ពន្លឹក អ្នក​ប្រដាល់​ក្លិប​នាគរាជ​ចតុមុខ បាន​ផ្តួល សល់ ស្រស់ ក្លិប​សាល​វ័​ន្ត​កីឡា អោយ​សន្លប់​ក្នុង​ទឹក​ទី​៤ ។​

លីន វីរៈ អ្នក​ប្រដាល់​ក្លិប​មជ្ឈមណ្ឌល​កីឡាខ​.​ភ​.​ម បាន​ប្រកួត​ឈ្នះ​ស៊ឹម ប៊ុនឆៃ អ្នក​ប្រដាល់​ក្លិប​ព្រៃទទឹង​ខេត្តបាត់ដំបង ដោយ​ពិន្ទុ បន្ទាប់ពី​វាយ​គ្នា​៥​ទឹក​ពេញ​នោះ។

•​សុខ សា​វិ​ន ផ្តួល ស៊ុប​ភើ ពែ​ក​ទឹក​២ ខណៈ ​កូយ ឡាយ ​ផ្ដួល ​ស្រេ​ន ផា​នុម​ទឹក​៣
​អ្នក​ប្រដាល់​ជើង​ខ្លាំង​ស្រករ​ក្រោយ​របស់​កម្ពុជា​២​រូប បាន​ផ្តួល​អ្នក​ប្រដាល់​ថៃ​មុន​ទឹក​ទី​៥​ដូចគ្នា នៅក្នុង​ការជួប​ប្រកួត​គ្នា​ក្នុង​កម្មវិធី​ប្រដាល់​Wurkz លើស​ង្វៀន​SEATV កាលពី​រសៀល​ថ្ងៃទី​២១ ខែ​មេសា ឆ្នាំ​២០១៩​នេះដែរ។

ក្នុងនោះ អ្នក​ប្រដាល់​សុខ សា​វិ​ន ក្លិប​ឆ្មា​សរ​សុខ​សែន​ជ័យ បាន​ផ្តួល​អ្នក​ប្រដាល់​ថៃ ស៊ុប​ភើ ពែ​ក​(Super Pek) អោយ​សន្លប់​ក្នុង​ទឹក​ទី​២។ ​ពីរ​នាក់​នេះ ប្រកួត​គ្នា​ក្នុង​ទម្ងន់​៦០​គ​.​ក្រ។

ស៊ុប​ភើ ពែ​ក ក្នុងការ​ប្រកួត​ទឹក​ទី​២​នោះ ត្រូវ​សុខ សា​វិ​ន ទាត់​ត្រូវ​ឆ្អឹងជំនី​បណ្តាលឲ្យ​ដួល​លើ​រេញ ហើយ​ត្រូវ​អាជ្ញាកណ្ដាល​រាប់​៨។​ បន្ទាប់ពី​បន្ត​ការប្រកួត​ទៀត ស៊ុប​ភើ ពែ​ក ក៏ត្រូវ​ សា​វិ​ន អុក​ជង្គង់​ចូល​ពោះ​ទឹក ធ្វើឲ្យសន្លប់​លែង​ក្រោក​តែម្ដង។
​ចំពោះ​កូយ ឡាយ អ្នក​ប្រដាល់​ជើង​ខ្លាំង​ស្រករ​ក្រោយ នៃ​ក្លិប​កងពលតូច​ទ័ព​ឆ័​ត្រ​យោង​៩១១​វិញ គេ​បាន​ផ្តួល​អ្នក​ប្រដាល់​ថៃ ស្រេ​ន ផា​នុម​( Sren Phanum ) អោយ​សន្លប់​ក្នុង​ទឹក​ទី​៣ ។​ពីរ​នាក់​នេះ ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៦០​គ​.​ក្រ​ដែរ។

ស្រេ​ន ផា​នុម ត្រូវ​កូយ ឡាយ វាយ​កែង​មុខ​កប៉ាល់​ចូល​ចំ​ខ្ទង់ច្រមុះ បណ្តាលឲ្យ​ដួលសន្លប់​លែង​ងើប ។ អ្នក​ប្រដាល់​ថៃ​រូបនេះ មិន​ធ្លាប់​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ​ទេ​កន្លងមក គឺ​ទើប​មកជា​លើក​ទី​១​ប៉ុណ្ណោះ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu