Ad Code

ចាប់​ខ្លួន​បាន​ហើយ ​ប្រធាន​ក្រុមហ៊ុន​ សេង ហួត ទិញ​លក់​ឡាន​បង់​រំលស់​ បោកប្រាស់​ពលរដ្ឋ​ បាន​លុយ​រាប់លាន​ដុល្លារ នៅ​ខណ្ឌ​ពោធិ៍​សែនជ័យ​



​ភ្នំពេញ​ ៖ លោក​ សេង សុភ​គ៌ ដែលជា​នាយក​ក្រុមហ៊ុន​លក់​ឡាន​បង់​រំលស់​តាមរបៀប​បោកប្រាស់​ប្រជាពលរដ្ឋ ប្រើ​ល្បិច​ឡាន​មួយ​គ្រឿង​បង្វិល​បាន​ពី​៥​ ទៅ​៦​ម្ចាស់​ ទីបំផុត​បែកការ ប្រជាពលរដ្ឋ​នាំ​គ្នា​ចោមរោម​ប្ដឹង​ទៅគ្រប់​ស្ថាប័ន​ និង​ជំនាញ​ពាក់ព័ន្ធ ​​ ​រហូត​ឈាន​ដល់​ការ​ចាប់​ខ្លួន​នៅ​រសៀល​ថ្ងៃទី​២១​ ខែមេសា ​ឆ្នាំ​២០១៩​នេះ ​ ខណៈ​រត់​ចូល​ក្នុង​ហាង​ស៊ុប​មួយ​កន្លែង តាម​ផ្លូវ​២៨៩ សង្កាត់​បឹងកក់​១ ខណ្ឌ​ទួលគោក។

ពលរដ្ឋ​ជនរងគ្រោះ​បាន​ឲ្យ​ដឹងថា ក្រុមហ៊ុន សេង ហួត មាន​លោក​សេង សុភ​គ៌ ជា​អគ្គនាយក ឯ​ក្រុមហ៊ុន​NH Cars មាន​លោក ណំ ហម ជា​ប្រធាន។ ក្រុមហ៊ុន​ទាំងពីរ​នេះ​ បាន​សហការ​គ្នា​បោក​ប្រាស់​ប្រជាពលរដ្ឋ​តាម​រូបភាព​ទិញ​ឡាន​បង់​រំលស់ ដោយ​ឲ្យ​បង់​មុន​ចាប់ពី​៥​ ឬ​៦​ពាន់​ដុល្លារ​ និង​ច្រើនជាង​នេះ​ទៅតាម​ប្រភេទ​ឡាន សេង ពី​ក្រុមហ៊ុន ​សេង ហួត ប៉ុន្តែ​ក្រោយពី​ពលរដ្ឋ​ជា​អតិថិជន​យក​ឡាន​ទៅ​ជិះ​បាន​មួយ​រយៈពេល​ខ្លី ស្រាប់តែ​លេច​មុខ​អ្នក​ផ្សេង ដែល​​​គេ​ដឹង​ថា​ជា​មនុស្ស​របស់​ក្រុមហ៊ុន NH Cars របស់ លោក ណំ ហម បាន​សហការ​ប្រើ​ល្បិច ថា​ត្រូវយក​រថយន្ដ​ដែល​អតិថិជន​កំពុង​ជិះ​នោះ ​ទៅ​បំពាក់ ជី​ភី​អេស GPS ជាដើម ខ្លះ​ទៀត​ចោទ​ត្រង់ៗ​ថា ក្រុមហ៊ុន សេង ហួត​នោះ​ បោក​យក​ឡាន​របស់ គេ (​ណំ ហម​) ឥឡូវ​គេ​តាមរក​ឃើញ​សុំ​ដកយក​វិញ​ជាដើម ធ្វើ​ឲ្យ​ពលរដ្ឋ​ដែលជា​អ្នក​បង់​រំលស់​នោះ​ស្រឡាំងកាំង រក​និយាយ​អី​មិន​ចេញ​សោះ។ ដល់​ពេល ងាក​មករក​ក្រុមហ៊ុន​ដើម គឺ ក្រុមហ៊ុន​ សេង ហួត បែរជា​ លោក​អគ្គនាយក សេង សុ​ភ៌ រត់​គេច​ខ្លួន​បាត់ មិន​ព្រម​ទទួលខុសត្រូវ​ទៀត ចឹ​ង​មានតែ​ប្ដឹង​សមត្ថកិច្ច។

ប្រជាពលរដ្ឋ​និយាយថា ​ក្រុមហ៊ុន​នេះ​ប្រើល្បិច ក្នុង​ឡាន​មួយគ្រឿង យកទៅលក់ អាច​រហូតដល់​ទៅ​៥​ ទៅ​ ៦​នាក់​ឯណោះ បង្វិល​ចុះឡើងៗ​រក​ម្ចាស់​ពិត​មិនឃើញ​ឡើយ ទីបំផុត​ ក៏​បែកធ្លាយ​រឿង​តែម្ដង ។​

សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ក្រុមហ៊ុន សេង ហួត ទិញ លក់ ជួល បង់​រំលស់​រថយន្ត​គ្រប់​ប្រភេទ ដែល​មាន​ទីតាំង​ផ្ទះ​លេខ​៦២៧ ផ្លូវលំ ភូមិ​ជ្រៃ​កោង សង្កាត់​ចោមចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ មាន​អគ្គនាយក​ ឈ្មោះ សេង សុភ​គ៌ ភេទ​ប្រុស កាន់​អត្តសញ្ញាណប័ណ្ណ​លេខ ០១០៩១៨៦០៨ មាន​ទីលំនៅ ផ្ទះ​តាម​ផ្លូវលំ ភូមិ​គោក​ឃ្លាង សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ។ ចំណែក​ក្រុមហ៊ុន ជា​ដៃគូ​រួមគ្នា​ឆបោក​លុយ​ប្រជាពលរដ្ឋ​មួយទៀត ឈ្មោះ NH Cars (​ណំ ហម​) ដែលមាន​ទីតាំង​ស្ថិតនៅ ផ្ទះ​លេខ​៤៣ ផ្លូវ​១៩៧៤ ភូមិ​ពោងពាយ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ។​

ប្រភព​បន្តទៀតថា កន្លងមក​ ជនរងគ្រោះ បាន​ប្តឹងទៅ​អាជ្ញាធរ សមត្ថកិច្ច ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ ខ្លះ​ប្តឹងទៅ​អាវុធហត្ថ ខ្លះ​ប្តឹងទៅ​ក្រសួងមហាផ្ទៃ ហើយ​មាន​អ្នកខ្លះ​ប្តឹង​ស្ថាប័ន​តុលាការ ផ្ទាល់​តែម្តង ខណៈដែល លោក សេង សុភ​គ៌ ពុំមាន​ដំណោះស្រាយ ទោះ​ជួល​មេធាវី មក​ដោះស្រាយ ក៏​នៅតែ​មិន​ចេញ ព្រោះ ​លោក ​សេង សុភ​គ៌ វេច​លុយ​រត់គេចខ្លួន ដោះសា ភូត​កុហក​វិលក្បុង។ ប៉ុន្តែ​នៅ​រសៀល ថ្ងៃទី​២០ ខែមេសា ឆ្នាំ​២០១៩ បែកធ្លាយ ថា​ រថយន្ត​ដែល​អតិថិជន​ទិញ​បង់​រំលស់​ចេញពី ក្រុមហ៊ុន ណំ ហម ដែលមាន​ទីតាំង​នៅក្នុង​ភូមិ​ពោងពាយ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ពេល​សមត្ថកិច្ច​សាកសួរ ពិនិត្យ​ផ្ទៀងផ្ទាត់​ឯកសារ ឡាន​ចេញពី​ក្រុមហ៊ុន សេង ហួត​ទៅវិញ ហើយ​រក​ឃើញ​រថយន្ត​ដល់​ទៅ​៧​គ្រឿង​ មាន​ភាព​មិនប្រក្រតី ដែល​ម្នាក់ៗ​អស់​រាប់ពាន់​ម៉ឺន​ដុល្លារ ហើយ​ជនរង​គ្រោះ​ក៏បាន​ប្តឹ​សមត្ថកិច្ច ដោយសារ ក្រុមហ៊ុន សេង ហួត និង ​ក្រុមហ៊ុន ណំ ហម សហការ​គ្នា​បោក​យក​លុយ​ប្រជាពលរដ្ឋ។​

លុះ​មកដល់​វេលា​ម៉ោង​១​រសៀល ថ្ងៃទី​២១ ខែមេសា ឆ្នាំ​២០១៩ ពលរដ្ឋ​ជា​ជនរងគ្រោះ គ្រាន់តែ​ក្រឡេក​ឃើញ លោក​អគ្គនាយក សេង សុភ​គ៌ បើករថយន្ត​តាមផ្លូវ ដេញតាម​រត់​ចូលទៅក្នុង​ហាង ម៉ា​ស្ទ័​រ ស៊ូ​គី​ស៊ុប ផ្លូវ​២៨៩ សង្កាត់​បឹងកក់​១ ខណ្ឌទួលគោក ឡោមព័ទ្ធ ប្តឹង​ប៉ូលិស​ចុះទៅ​អន្តរាគមន៍ ចាប់​ខ្លួន លោក​អគ្គនាយក មេខ្លោង​បោកប្រាស់​បានតែ​ម្តង រួច​នាំ​ទៅកាន់​ក្រសួងមហាផ្ទៃ​ភ្លាមៗ ដើម្បី​សាកសួរ​ពី​ល្បិច​ឆបោក​យ៉ាង​ល្បី​កក្រើក​ស្រុក​ខ្មែរ រឿង​ទិញ​ឡាន​បង់​រំលស់៕





Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu