Ad Code

លោក​ឧត្ដមសេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត ចូលរួម​ពិធី​បើក​វគ្គ​ហ្វឹកហ្វឺន បំប៉ន​យុទ្ធវិធី​ថ្មើរជើង ថ្នាក់​កង​អនុ​សេនាតូច កងអនុសេនាធំ ប្រចាំឆ្នាំ​២០១៩



ភ្នំពេញ ​៖ លោក​ឧត្ដមសេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង​ នៃ​កងយោធពលខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក កាលពី​ព្រឹក​ថ្ងៃ​សុក្រ ទី​១៩ ខែ​មេសា ឆ្នាំ​២០១៩ បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​បើក​វគ្គ​ហ្វឹកហ្វឺន​បំប៉ន​យុទ្ធវិធី​ថ្មើរជើង ថ្នាក់​កងអនុសេនាតូច កងអនុសេនាធំ ប្រចាំ​ឆ្នាំ​២០១៩ និង​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​អគារ​គិលានដ្ឋាន​០១​ខ្នង និង​សមិទ្ធផល​នានា​នៅ​បញ្ជាការដ្ឋាន​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ស្ពឺ​។

ថ្លែង​នៅក្នុង​ពិធី​នោះ លោក​ឧត្ដមសេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត បាន​នាំមក​នូវ​ការ​ផ្ដាំផ្ញើ​សាកសួរ​សុខ​ទុក្ខ និង​ក្តី​នឹករលឹក​ប្រកបដោយ​មនោសញ្ចេតនា​ជ្រាលជ្រៅ​ពី​សំណាក់ ​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ថ្នាក់ដឹកនាំ​កងយោធពលខេមរភូមិន្ទ ដែល​ជា​និច្ចកាល តែងតែ​យកចិត្តទុកដាក់​អំពី​សុខទុក្ខ​របស់​កងទ័ព អតីតយុទ្ធជន កម្មករ កម្ម​ការ​នី ក៏ដូចជា​ប្រជាពលរដ្ឋ​ទូទាំងប្រទេស​។

លោក​បន្តថា កម្លាំង​អន្តរាគមន៍​របស់​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ស្ពឺ បាន​ចូលរួម​សង្គ្រោះ​ប្រជាពលរដ្ឋ​ជួប​គ្រោះ​មហន្តរាយ​នានា និង​ បាន​ចាត់តាំង​ប្រឡងប្រណាំង​០៥​ខ្លឹមសារ ជាពិសេស​ការ​កសាង​អង្គភាព ការ​ចិញ្ចឹម​សត្វ និង​បង្កបង្កើនផល ដើម្បី​បំពេញ​បន្ថែម​ក្នុង​ការ​ចិញ្ចឹម​ទ័ព បន្ថែម​លើ​របប​ហូប​ចុក​ប្រចាំថ្ងៃ​បានល្អ​ប្រសើរ​ផងដែរ​។​

តាម​លោក​ឧត្ដមសេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត លទ្ធផល​ដែល​ទទួលបាន​ទាំងអស់នេះ គឺ​ពិតជា​បាន​មកពី​ការខិតខំ​ប្រឹងប្រែង និង​ការ​សាមគ្គី​សហការ​ជា​ធ្លុង​មួយ​របស់​នាយទាហាន នាយទាហានរង និង​ពលទាហាន​ទាំងអស់គ្នា ជាពិសេស​ថ្នាក់ដឹកនាំ​អង្គភាព​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ស្ពឺ ដែល​បាន​យកចិត្តទុកដាក់​ដឹកនាំ​បញ្ជា​ប្រកបដោយ​ប្រសិទ្ធភាព តាម​ផែនការ​របស់​យោធភូមិភាគ​ទី​៣ និង​បញ្ជាការដ្ឋាន​កងទ័ពជើងគោក​។

លោក​បញ្ជាក់ថា អ្វីដែល​យើង​ចាំ​មិន​ភ្លេច គឺ​ក្នុងការ​អនុវត្ត​នយោបាយ​ឈ្នះ​-​ឈ្នះ របស់​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី យោធភូមិភាគ​ទី​៣ បាន​ធ្វើជា​ប្រតិបត្តិ​ករ​ដ៏​មាន​ប្រសិទ្ធភាព​លើ ភូមិសាស្ត្រ​ខេត្ត​កំពង់ស្ពឺ ដែល​នេះ​គឺជា​ការរួមចំណែក​មួយ​យ៉ាងសំខាន់​របស់​អាជ្ញាធរ​ដែនដី កងកម្លាំង ប្រដាប់អាវុធ ជាពិសេស​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ស្ពឺ ក្នុង​ការ​ធ្វើ​ឲ្យ​សម្រេច​ជោគជ័យ ​នៃ​ឆ្នួន​ផ្ទុះ នៃ​នយោបាយ​ឈ្នះ​-​ឈ្នះ សម្រេចបាន​នូវ​សន្តិភាព​ពេញលេញ​ជា​ប្រវត្តិសាស្ត្រ និង​ការ​អភិវឌ្ឍ​ជាតិ​សម្រាប់​ប្រជាជន​កម្ពុជា​។​

លោក​ឧត្ដមសេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត លើកឡើង​ដែរ​ថា ការងារ​ហ្វឹកហ្វឺន​របស់​កងយោធពល​ខមរ​ភូមិន្ទ គឺមាន​សារៈសំខាន់​ចាំបាច់​ណាស់ និង​ជា​កាតព្វកិច្ច​របស់​កង​ទ័ព ដើម្បី​ពង្រឹង និង​បង្កើន​សមត្ថភាព បណ្ដុះ​ឆន្ទៈ​មោះមុត ភាព​អង់អាច​ក្លាហាន និង​ភាព​អំណត់​តស៊ូ​ព្យាយាម ដែលជា​លក្ខណៈ​ពិសេស​របស់​កងទ័ព ក្នុង​បុព្វហេតុ​ការពារ​បូរណភាព​ទឹកដី រក្សា​សន្តិភាព និង​ស្ថិរភាព​សង្គម​។

ជាក់ស្ដែង ​វគ្គ​ហ្វឹកហ្វឺន​ដែល​យើង​កំពុង​ប្រារព្ធ​ពិធី​បើក​នាឱកាស​នេះ គឺជា​ការអនុវត្ត​ផែនការ​ស្តីពី​ការងារ​ហ្វឹកហ្វឺន​កងទ័ពជើងគោក ឆ្នាំ​២០១៩ ដោយ​ក្នុង​នោះ ការងារ​ហ្វឹកហ្វឺន​ត្រូវបាន​ចាត់ទុកជា​ការងា​រ​អាទិភាព​ចាំបាច់ ដែល​ត្រូវ​ដំណើរការ​បន្តបន្ទាប់​ជាប្រចាំ​ដូច​ភ្លៀងរលឹម ដើម្បី​ចូលរួមចំណែក​អនុវត្ត​យុទ្ធសាស្ត្រ​ការពារ​ជាតិ និង​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​ឲ្យ​ទទួល​បាន​ជោគជ័យ​។

លោក​បញ្ជាក់ថា វគ្គ​ហ្វឹកហ្វឺន​នេះ ​ពិតជា​បាន​ឆ្លើយតប​តាម​សេចក្តី​ត្រូវការ​ក្នុង​ការ​ពង្រឹង​យន្តការ​គ្រប់គ្រង​ដឹកនាំ​បញ្ជា​ឲ្យ​មាន​ប្រសិទ្ធភាព និង​ធ្វើ​ឲ្យ​​យោធិន​យល់ច្បាស់​អំពី​តួនាទី និង​ភារកិច្ច​របស់​ខ្លួន​ក្នុងការ​បម្រើ​ជាតិ​ដោយស្មោះ​ត្រង់​ដាច់ខាត​ក្រោម​បាវចនា ជាតិ សាសនា ព្រះមហាក្សត្រ និង​ការអនុវត្ត​យ៉ាង​ម៉ឺងម៉ាត់​នូវ​បទបញ្ជា​របស់​រាជរដ្ឋាភិបាល អគ្គបញ្ជាការដ្ឋាន បញ្ជាការដ្ឋាន​កងទ័ព​ជើងគោក និង​យោធភូមិភាគ​ទី​៣ ប្រកបដោយ​ការ​ប្ដេជ្ញា​ចិត្ត និង​ការទទួលខុសត្រូវ​ខ្ពស់​។ ដូច្នេះ​សិក្ខាកាម​ទាំងអស់​ត្រូវ​យកចិត្តទុកដាក់​រៀនសូត្រ ក្រេបជញ្ជក់​យក​ទាំង​ចំណេះដឹង និង​បទ​ពិសោធន៍​ល្អៗ​ពី​យោធា​ចា​រ្យ សម្រាប់​ការអភិវឌ្ឍ​ខ្លួនឯង​ឲ្យ​មាន​សមត្ថភាព​គ្រប់គ្រាន់ ដើម្បី​ទទួល​រ៉ាប់រង​រាល់​ភារកិច្ច​របស់​កងយោធពល​ខេមរភូមិន្ទ និង​ក្លាយខ្លួនជា​យោធិន​ឆ្នើម​របស់​អង្គភាព​។​

ជាមួយនឹង​ការលើកឡើង​ខាងលើនេះ លោក​ឧត្ដមសេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត បាន​សំណូមពរ និង​លើក​ទឹកចិត្ត​ឲ្យ​មាន​ការខិតខំ​ប្រឹងប្រែង​បន្ថែមទៀត ទាំង​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ស្ពឺ ក៏ដូចជា​គ្រប់​បណ្តា​អង្គភាព​ចំណុះ​យោធភូមិភាគ​ទី​៣ ដោយ​ត្រូវ​បន្ត​យកចិត្ត​ទុក្ខ​ដាក់​អនុវត្ត​ផែនការ​ការងារ​ឆ្នាំ​២០១៩ ឲ្យ​បាន​សម្រេច​ជោគជ័យ​ទៅតាម​លទ្ធផល ដែល​រំពឹងទុក ហើយ​មេបញ្ជាការ​គ្រប់​ជាន់ថ្នាក់​ត្រូវ​សង្កត់ធ្ងន់​លើ​ការពង្រឹង​គុណភាព​ហ្វឹកហ្វឺន ដែលជា​ការងារ​ស្នូល​ត្រូវធ្វើ​ជាប្រចាំ ដើម្បី​លើ​កម្ពស់​សមត្ថភាព​ប្រយុទ្ធ ត្រៀមប្រយុទ្ធ​ដល់​យោធិន ក្នុងនោះ​ត្រូវ​ពង្រឹង​ការងារ​គ្រប់គ្រង​ចំនួន​ទ័ព​ពេល​ហ្វឹកហ្វឺន ធានា​សន្តិសុខ សុវត្ថិភាព ទាំង​មនុស្ស និង​សម្ភា​រៈគ្រឿង​បំពាក់​ឲ្យ​បាន​ល្អ​ប្រសើរ សំដៅ​ធានា​ការកសាង​ធនធានមនុស្ស​ក្នុង​ជួរ​កងយោធពលខេមរភូមិន្ទ ឲ្យ​មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការ​បំពេញភារកិច្ច ទាំង​ក្នុងដំណាក់កាល​បច្ចុប្បន្ន ក៏ដូចជា​ទៅ​អនាគត​៕



 




Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu