ភ្នំពេញ ៖ ការប្រកាសបន្តគាំទ្រលើវិធានការ និងផែនការនៃការអភិវឌ្ឍវិស័យទេសចរណ៍ ដើម្បីរួមចំណែកលើកកម្ពស់ប្រកួតប្រជែងនេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំកិច្ចប្រជុំគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (គ.ស.ហ) កាលពីព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ ២០១៩ នៅទីស្ដីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
តាមសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃកិច្ចប្រជុំ បានឲ្យដឹងថា ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ ដែលជាចន្ទល់ទ្រទ្រង់កំណើនសេដ្ឋកិច្ចជាតិ ឲ្យកាន់តែរឹងមាំ និងនិរន្តរភាព ហើយដោយសាផលិតផលទេសចរណ៍កម្ពុជានៅមានកម្រិត បើធៀបនឹងប្រទេសជិតខាងក្នុងតំបន់ កម្ពុជាត្រូវធ្វើពិពិធកម្មផលិតផលទេសចរណ៍ជាចាំបាច់ សំដៅលើកកម្ពស់ភាពប្រកួតប្រជែងនៃវិស័យទេសចរណ៍កម្ពុជា ជាពិសេសទេសចរណ៍ បែបវប្បធម៌ និងធម្មជាតិ ដែលជាផលិតផលឈានមុខរបស់កម្ពុជា។ ជាមួយគ្នានោះ ក្រសួងទេសចរណ៍ បានរៀបចំវិធានការក្នុងការលើកស្ទួយវិស័យទេសចរណ៍កម្ពុជា តាមរយៈការអភិវឌ្ឍផលិតផលទេសចរណ៍, ការលើកកម្ពស់សេវាមួយស្តង់ដារមួយ, បុគ្គលិកម្នាក់ជំនាញមួយ និងទេសចរណ៍វៃឆ្លាត (Smart Tourism) ជាដើម។
សេចក្តីប្រកាសព័ត៌មានបានបញ្ជាក់ថា ការលើកកម្ពស់សេវាមួយស្តង់ដារមួយ គឺជាបទដ្ឋាននៃសេវាទេសចរណ៍ឲ្យស្របតាមស្តង់ដារអាស៊ាន ស្របពេលដែលទស្សនវិស័យនៃបុគ្គលិកម្នាក់ជំនាញមួយ ជាការគិតគូរថ្មីសំដៅរួមចំណែកដល់ការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យទេសចរណ៍នៅកម្ពុជា តាមរយៈការបង្កើនចំនួន និងគុណភាពនៃសាលាបណ្តុះបណ្តាលវិជ្ជាជីវៈទេសចរណ៍។
ជាមួយគ្នានេះ ការអភិវឌ្ឍវិស័យទេសចរណ៍វៃឆ្លាត សំដៅដល់ធ្វើឌីជីថលរូបនីយកម្ម (Digitalization) ក្នុងដំណើរការនៃការគ្រប់គ្រង និងអភិវឌ្ឍវិស័យទេសចរណ៍, ការធ្វើដំណើរ, បដិសណ្ឋារកិច្ច, និងឧស្សាហកម្មម្ហូបអាហារ ក៏ត្រូវបានគាំទ្រដោយអភិក្រម៤ ដែលជាគោលការណ៍គ្រឹះនៃផែនការអភិវឌ្ឍវិស័យទេសចរណ៍ រួមមាន ការពង្រឹងយន្តការស្ថាប័ន, ការផ្សព្វផ្សាយក្នុងប្រទេស និងក្រៅប្រទេស និងការសម្រួលការធ្វើដំណើរ និងដឹកជញ្ជូនទេសចរណ៍។
ជាលទ្ធផល អង្គប្រជុំបានគាំទ្រចំពោះវិធានការ ដែលបានដាក់ចេញដោយក្រសួងទេសចរណ៍ និងបានស្នើឲ្យគ្រប់ក្រសួង-ស្ថាប័ន និងសមត្ថកិច្ចពាក់ព័ន្ធ ចូលរួម និងគាំទ្រ នៅគ្រប់យន្តការទាំងអស់ រួមទាំងយន្តការគណៈកម្មាធិការ និងក្រុមការងារ ដែលមានជាធរមាន ដើម្បីសម្រួលដល់ការប្រតិបត្តិអភិវឌ្ឍវិស័យទេសចរណ៍មានប្រសិទ្ធិភាពខ្ពស់ និងប្រកប ដោយស័ក្តិសិទ្ធិភាព។
តាមស្មារតីនៃអនុក្រឹត្យលេខ ៤០ អនក្រ.បក ស្តីពីតំបន់ទេសចរណ៍ពិសិដ្ឋ ចុះថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៩ កន្លងមក អង្គប្រជុំ គាំទ្រចំពោះគម្រោងអភិវឌ្ឍតំបន់ទេសចរណ៍ពិសិដ្ឋ និងបានលើកទឹកចិត្តឲ្យមានការសិក្សាស៊ីជម្រៅមុននឹងឈានដល់ការអនុវត្តគម្រោងពាក់ព័ន្ធនានា ដោយមានការគិតគូរបង្កើតជាយន្តការ និងនីតិវិធីជាកញ្ចប់ សំដៅសម្រួល និងបង្កើនប្រសិទ្ធភាពនៃដំណើរការអនុវត្តគម្រោងតំបន់ទេសចរណ៍ពិសិដ្ឋ ជាពិសេស គម្រោងទេសចរណ៍ផ្ទះទី ២ សម្រាប់ទេសចរវ័យចំណាស់។ ការអនុវត្ត គួរចាប់ផ្តើមពីកម្រិតសាកល្បងមុននឹងឈានដល់ទ្រង់ទ្រាយធំ។
ក្នុងស្មារតីនេះ ក្រសួង-ស្ថាប័នពាក់ព័ន្ធនឹងបន្តចូលរួមចំណែកផ្តល់កិច្ចសហការ និងការគាំទ្រក្នុងគ្រប់ទិដ្ឋភាព រាប់ទាំងហិរញ្ញវត្ថុ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការអនុវត្តគម្រោងអភិវឌ្ឍតំបន់ទេសចរណ៍ពិសិដ្ឋ ទទួលបានជោគជ័យ។
ចំពោះការផ្តួចផ្តើមក្នុងការអភិវឌ្ឍតំបន់ទេសចរណ៍ក្នុងខេត្តអាទិភាពនានា អង្គប្រជុំបានពិភាក្សា និងឯកភាពជាគោលការណ៍ថា ត្រូវមានការរៀបចំផែនការមេអភិវឌ្ឍន៍ និងផែនការវិនិយោគឲ្យបានគ្រប់ជ្រុងជ្រោយ។ ផែនការមេ នឹងរួមចំណែកបង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រង និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងសកម្មភាពអាជីវកម្មគាំទ្រ ជាពិសេស សហគ្រាស ធុនតូច និងមធ្យម។ គណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា, គណៈកម្មាការអភិឌ្ឍន៍វិស័យទេសចរណ៍ និងក្រុមការងារពាក់ព័ន្ធដ៏ផ្សេងទៀត នឹងបន្តជ្រោមជ្រែង ជំរុញ និងគាំទ្រ លើវិធានការ និងផែនការនៃការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា ឲ្យអស់ពីសក្តានុពល ក្នុងគោលដៅរួមចំណែកលើកកម្ពស់ភាពប្រកួតប្រជែងវិស័យទេសចរណ៍កម្ពុជា។
សូមបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៩ នៅទីស្ដីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (គ.ស.ហ) បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការ គ.ស.ហ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់ និងមន្ត្រីបច្ចេកទេសរបស់ក្រសួង-ស្ថាប័ន ពាក់ព័ន្ធ និងបានពិភាក្សាលើរបៀបវារៈមួយចំនួនដូចជាទី១. វិធានការចាំបាច់ដើម្បីលើកស្ទួយវិស័យទេសចរណ៍ ទី២. ការជំរុញលើកទឹកចិត្តដល់គោលនយោបាយទេសចរណ៍ផ្ទះទី ២ សម្រាប់ទេសចរវ័យចំណាស់ និងទី៣. ការរៀបចំផែនការមេអភិវឌ្ឍខេត្តមណ្ឌលគិរី ឲ្យទៅជាតំបន់ទេសចរណ៍សមាហរណកម្មពិសេស និងការរៀបចំផែនការមេ និងផែនការសកម្មភាពជំរុញអភិវឌ្ឍខេត្តកែប ទៅជាតំបន់ទេសចរណ៍ធម្មជាតិ៕
Source: Kampuchea Thmey Daily
0 Comments