កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅ ក្រុមកីឡាករឈានមុខគេនៅក្របខណ្ឌ Premier League បានគាំទ្រយុទ្ធនាការរបស់សមាគមកីឡាករបាល់ទាត់អាជីព(PFA)ដើម្បីធ្វើពហិការព័ត៌មានសង្គមរយៈពេល២៤ម៉ោង ដើម្បីក្រោកឈរប្រឆាំងនឹងការប្រកាន់ជាតិសាសន៍។
PFA បានជំរុញឲ្យក្រុមកីឡាករអាជីពទាំងអស់នៅអង់គ្លេស និងវែលស៍ បង្ហោះក្រាហ្វិក “#Enough”នៅលើព័ត៌មានសង្គមរបស់ពួកគេ មុនពេលការធ្វើពហិការធ្វើឡើងនៅវេលាម៉ោង៨ ម៉ោងសកល ថ្ងៃសុក្រ។
PFA បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា យុទ្ធនាការនេះ គឺជាការប៉ុនប៉ងមួយដើម្បីបង្កើនសំពាធមកលើក្រុមហ៊ុនព័ត៌មានសង្គម និងអង្គភាពគ្រប់គ្រងកីឡា ឲ្យចាត់វិធានការខ្លាំងជាងមុន ពេលដែលឆ្លើយតបនឹងការបំពាន់ជាតិសាសន៍។
ខ្សែការពាររបស់ក្លិប Spursស្ថិតនៅក្នុងក្រុមជម្រើសជាតិអង់គ្លេស កីឡាករ Danny Rose បាននិយាយថា លោកមិនចង់ឲ្យកីឡាករអនាគតណាម្នាក់ឆ្លងកាត់នូវអ្វីដែលលោកបានឆ្លងកាត់នៅក្នុងអាជីពបាល់ទាត់របស់លោកនោះទេ។
ខណៈនោះដែរ កីឡាករ Chris Smalling ដែលជាខ្សែការពាររបស់ក្លិប Man Utdបានគាំទ្រយុទ្ធនាការមួយនេះ ផងដែរ រយៈពេលប៉ុន្មានថ្ងៃប៉ុណ្ណោះ ក្រោយមិត្តរួមក្រុម Ashley Young របស់គាត់ បានរងការបំពានដោយជាតិសាសន៍តាម Twitter បន្ទាប់ពីការហាលអាវក្រុមរបស់គាត់ក្រោមថ្វីជើរបស់ក្រុម Barcelona។
កីឡាករ Smalling បាននិយាយថា ពេញមួយអាជីពរបស់លោក លោកបានឆ្លងកាត់អស់ហើយចំពោះការបំពានជាតិសាសន៍អំឡុងការប្រកួត ដោយសារតែលោកស្បែកខ្មៅ ប៉ុន្តែដល់ពេលមានការបំពានតាម Twitter, Instagramនិង Facebook គឺលោកមិនអាចទទួលយកបាននោះទេ៕
Source: Kampuchea Thmey Daily
0 Comments