ភ្នំពេញ ៖ បេក្ខជន-បេក្ខនារីសម្រស់ឯកវាយនភណ្ឌឆ្នាំ២០១៩ចំនួន២០រូបនឹងចូលរួមប្រកួតវគ្គផ្ដាច់ព្រ័ត្រនៅថ្ងៃពុធ ទី០១ ខែឧសភា ឆ្នាំ២០១៩ ចាប់ពីម៉ោង៤រសៀលតទៅ នៅស្ថានីយទូរទស្សន៍បាយ័នស្ទឹងមានជ័យ។
ប៉ុន្តែមុននឹងចូលរួមប្រកួតបេក្ខជននិងបេក្ខនារីចំនួន២០រូបនោះ ទទួលបានការវគ្គបណ្ដុះបណ្ដាលស្ដីពីច្បាប់ការងារនិងចំណេះដឹងទូទៅជាមុនសិនផងដែរ ដោយមានការចូលរួមពីលោកងុយ រិទ្ធ អនុរដ្ឋលេខាធិការ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាអនុប្រធានអនុគណៈកម្មការរដ្ឋបាល ពិធីការ សណ្ដាប់ធ្នាប់ និងទំនាក់ទំនងសាធារណៈនៃគណៈកម្មការរៀបចំកម្មវិធីសម្រស់ឯកវាយនភណ្ឌឆ្នាំ២០១៩។
យោងតាមផេកហ្វេប៊ុកផ្លូវការរបស់ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានឲ្យដឹងថា នេះគឺជាលើកទី៥ហើយ ដែលក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ សហការជាមួយសមាគមរោងចក្រកាត់ដេរនៅកម្ពុជា សហភាពសហព័ន្ធយុវជនកម្ពុជា អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍បាយ័ន និងអង្គការសហជីពបានរៀបចំការប្រកួតវគ្គផ្ដាច់ព្រ័ត្រកម្មវិធីសម្រស់ឯកវាយនភណ្ឌឆ្នាំ២០១៩។
ការរៀបចំព្រឹត្តិការណ៍នេះ គឺធ្វើឡើងស្របទៅតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងគោលបំណងអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៣ ទិវាពលកម្មអន្តរជាតិ ១ ឧសភា និងបង្កើតបរិយាកាសសប្បាយរីករាយដល់បងប្អូនកម្មករនិយោជិតដែលកំពុងបម្រើការនៅក្នុងវិស័យឧស្សាហកម្ម ផ្នែកវាយនភណ្ឌកាត់ដេរ និងផលិតស្បែកជើង និងវិស័យសេដ្ឋកិច្ចផ្សេងៗទៀត។
កម្មករកម្មការនីដែលអាចចូលរួមការប្រកួតក្នុងកម្មវិធីនេះបានត្រូវមានលក្ខណៈសម្បត្តិដូចជា ជាកម្មករ-កម្មការិនីកំពុងធ្វើការងារយ៉ាងតិច៣ខែក្នុងវិស័យឧស្សាហកម្មផ្នែកវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើង និងវិស័យសេដ្ឋកិច្ចផ្សេងៗទៀត មានកម្ពស់ចាប់ពី ១.៧០ម សម្រាប់បេក្ខជន និង ១.៦០ម សម្រាប់បេក្ខនារី និងមានអាយុចាប់ពី ១៨ឆ្នាំ ដល់៣៥ឆ្នាំ។
គួរបញ្ជាក់ថា បេក្ខជន-បេក្ខនារីសម្រស់ឯកវាយនភណ្ឌ ឆ្នាំ២០១៨កន្លងទៅរួមមានសម្រាប់បេក្ខជនជ័យលាភីលេខ១ បានទៅលើបេក្ខជន ឌិន សិត ពាក់ស្លាកលេខ៨ មកពីមណ្ឌលភ្នំពេញ។
ជ័យលាភីលេខ២ បានទៅលើបេក្ខជន គង់ វិតាក់ ពាក់ស្លាកលេខ១២ មកពីមណ្ឌលភ្នំពេញ។ជ័យលាភីលេខ៣ បានទៅលើបេក្ខជន ទូត ទិត្យា ពាក់ស្លាកលេខ១៤ មកពីមណ្ឌលព្រះសីហនុ។
សម្រាប់បេក្ខនារី ជ័យលាភីលេខ១ បានទៅលើបេក្ខនារី ញឿន ស៊ូវិកញ្ញា ពាក់ស្លាកលេខ៣ មកពីមណ្ឌលភ្នំពេញ។ ជ័យលាភីលេខ២ បានទៅលើបេក្ខនារី ប៊ិន អ៊័ន ពាក់ស្លាកលេខ៧ មកពីមណ្ឌលព្រះសីហនុ។ ជ័យលាភីលេខ៣ បានទៅលើបេក្ខនារី ហុក ណាគ្រី ពាក់ស្លាកលេខ១២ មកពីមណ្ឌលបន្ទាយមានជ័យ។
ចំពោះរង្វាន់សម្រាប់បេក្ខជន-បក្ខនារី ដែលចូលរួមក្នុងការប្រឡងវិញ រួមមាន ជ័យលាភីលេខ១ ទទួលបានថវិកាចំនួន ៥,០០០,០០០រៀល និងម៉ូតូ Honda Scoopy Iចំនួន ១គ្រឿង។ ជ័យលាភីលេខ២ ទទួលបានចំនួន ៤,០០០,០០០រៀល និងម៉ូតូ Honda dream ចំនួន ១គ្រឿង។ជ័យលាភីលេខ៣ ទទួលបានចំនួន ៣,០០០,០០០រៀល និងម៉ូតូ Honda wave ចំនួន ១គ្រឿង។ជ័យលាភីកិត្តិយសទទួលបានថវិកាចំនួន ២,០០០,០០០រៀល និងអ្នកមិនទទួលបានជ័យលាភី ក៏ទទួលបានថវិកាចំនួន ១,០០០,០០០រៀល ពីក្រសួងការងារផងដែរ។
លោកបណ្ឌិត អ៊ិត សំហេង បានបញ្ជាក់ថា ការរៀបចំកម្មវិធីសម្រស់ឯកវាយនភណ្ឌ ត្រូវបានបង្កើតឡើងក្រោមគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចំនួន៣លើករួចមកហើយ គឺនៅឆ្នាំ២០១៥ ឆ្នាំ២០១៦ និងឆ្នាំ២០១៧ ដោយទទួលបានជោគជ័យ និងការគាំទ្រយ៉ាងពេញទំហឹងពីសាធារណជន ជាពិសេសពីសំណាក់កម្មករ-កម្មការិនី៕
Source: Kampuchea Thmey Daily
0 Comments