ពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៣ ឆ្នាំ២០១៩ ដែលរៀបចំឡើងដោយគណៈកម្មាការប្រកួតបាល់ទាត់ជាតិកម្ពុជា (CNCC) សេនាធិការរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា(ស.ប.ក) បានចាប់ផ្ដើមពីចុងខែកុម្ភៈ មកម្ល៉េះដោយមានការប្រកួតបែងចែកចេញជា ២វគ្គដូចកាលពីឆ្នាំ២០១៨ដែរគឺវគ្គប្រកួតជម្រុះថ្នាក់ខេត្ត និងវគ្គប្រកួតជម្រុះថ្នាក់ជាតិ។
ការប្រកួតវគ្គថ្នាក់ខេត្តចាប់ផ្ដើមមុនគេដោយចាប់ប្រកួតពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩ ខណៈមានក្រុមទាំងអស់ចំនួន២៣ចូលរួម មកពី២៣ខេត្ត ដែលបែងចែកចេញជា ៦ពូលដែល១ពូលមាន ៤ក្រុម លើកលែងតែពូល F ដែលមានតែ៣ក្រុមធ្វើការប្រកួតចំនួនមួយជើងប៉ុណ្ណោះ រៀងរាល់ថ្ងៃអង្គារនិងថ្ងៃពុធនៃសប្ដាហ៍នីមួយៗ។ ពេលនេះកម្មវិធីប្រកួតបានស្វែងរកឃើញក្រុមឡើងដល់វគ្គ៨ក្រុមចុងក្រោយហើយដោយក្នុងនោះមានក្រុមខេត្តសៀមរាប,ក្រុមខេត្តកែប,ក្រុមខេត្តព្រៃវែង,ក្រុមខេត្តកំពត,ក្រុមខេត្តកំពង់ធំ,ក្រុមខេត្តត្បូងឃ្មុំ ,ក្រុមកោះកុង និងរតនៈគីរី។
យោងតាមការចាប់ឆ្នោតជ្រើសរើសគូប្រកួតនៅវគ្គ៨ក្រុមចុងក្រោយនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩ ថ្មីៗនេះឃើញថានៅថ្ងៃអង្គារ ទី០៧ ខែឧសភា ឆ្នាំ២០១៩ ក្រុមខេត្តត្បូងឃ្មុំ ទទួលក្រុមខេត្តព្រៃវែង នៅវេលាម៉ោង៣រសៀលលើទីលានកីឡដ្ឋានខេត្តត្បូងឃ្មុំ ខណៈក្រុមខេត្តកោះកុង ជួបជាមួយក្រុមខេត្តកំពត នៅលើទីលានកីឡដ្ឋានខេត្តកោះកុង នៅម៉ោងដំណាលគ្នា។ ចំណែកនៅថ្ងៃពុធ ទី០៨ ខែឧសភា ឆ្នាំ២០១៩ វិញក្រុមខេត្តសៀមរាប ប៉ះក្រុមខេត្តកែប នៅវេលាម៉ោង៣រសៀលដែរលើទីលានខេត្តសៀមរាប និងក្រុមខេត្តកំពង់ធំ ទទួលខេត្តរតនៈគិរី នៅម៉ោងដំណាលគ្នាលើទីលានកីឡដ្ឋានខេត្តកំពង់ធំ។
បន្ទាប់មកក្រុមដែលបានឈានដល់វគ្គផ្ដាច់ព្រ័ត្រនៃវគ្គថ្នាក់ខេត្តចំនួន២ក្រុម នឹងទទួលបានកៅអីឡើងមកប្រកួតវគ្គថ្នាក់ជាតិបន្តទៀតជាមួយក្រុមចំនួន១៤ ដែលជាសមាជិកនៃលីគកំពូលកម្ពុជា រដូវកាល២០១៩ ក្នុងវគ្គ១៦ក្រុមចុងក្រោយ ចាប់ពីថ្ងៃទី១៩ ខែមិថុនាប្រកួតចំនួន២ជើង (ក្នុងដី និងក្រៅដី) លើកលែងតែវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ និងវគ្គផ្ដាច់ព្រ័ត្រ ដែលប្រកួតតែ ១ជើងវគ្គផ្ដាច់ព្រ័ត្រនឹង ធ្វើឡើងថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៩៕
Source: Kampuchea Thmey Daily
0 Comments