ភ្នំពេញ ៖ ប្រទេសកម្ពុជានឹងធ្វើជាអនុប្រធាននៃកិច្ចប្រជុំក្រុមប្រឹក្សាទេសាភិបាលលើកទី៥២ របស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៩ នៅទីក្រុងណាឌី ប្រទេសហ្វីជី(Fiji)។ នេះ គឺជាមោទនភាពថ្មីមួយទៀតសម្រាប់ប្រជាជាតិកម្ពុជាទាំងមូល ហើយក៏ជាសក្ខីភាពសបញ្ជាក់ឲ្យឃើញថា កម្ពុជាពិតជាបាន និងកំពុងចូលរួមដោយស្មើភាព និងស្មើសិទ្ធិ នៅក្នុងការគ្រប់គ្រងកិច្ចការតំបន់ និងពិភពលោក និយាយជារួម និងនិយាយដោយឡែក គឺជាការផ្តល់កិត្តិយស និងការទទួលស្គាល់នូវតួនាទីដ៏សំខាន់និងសមត្ថភាពរបស់កម្ពុជា ក្នុងឋានៈជាប្រទេសសមាជិកនៅក្នុងស្ថាប័នហិរញ្ញវត្ថុអន្តរជាតិមួយនេះ។
លោក វង្សី វិស្សុត រដ្ឋលេខាធិការប្រចាំការនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាទេសាភិបាលជំនួសរបស់កម្ពុជាប្រចាំធនាគារអភិវឌ្ឍន៍អាស៊ីនឹងដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមកិច្ចប្រជុំខាងលើនេះ។ នៅក្នុងឱកាសនោះដែរ លោក វង្សី វិស្សុត ក៏នឹងចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីហិរញ្ញវត្ថុ និងទេសាភិបាលធនាគារកណ្តាលអាស៊ានបូក ៣ លើកទី ២២(22nd AFMGM+3) ផងដែរ។ កិច្ចប្រជុំរដ្ឋមន្ត្រីហិរញ្ញវត្ថុ និងទេសាភិបាលធនាគារកណ្តាលអាស៊ានបូក ៣លើកទី ២២ នេះ នឹងធ្វើការពិភាក្សា និងផ្លាស់ប្ដូរទស្សនៈយោបល់លើរបៀបវារៈចំនួន ២ រួមមាន៖ (១)-ស្ថានការណ៍ និងការវិវត្តន៍សេដ្ឋកិច្ចក្នុងតំបន់ និងពិភពលោក សំដៅធានាកំណើនសេដ្ឋកិច្ចតំបន់ប្រកបដោយ បរិយាប័ន្ន និងចីរភាព, និង (២)-ការបន្តពង្រឹងកិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុក្នុងចំណោមប្រទេសអាស៊ានបូក ៣។
អង្គប្រជុំនឹងធ្វើការពិនិត្យ និងផ្តល់ការណែនាំលើការពង្រឹងសមត្ថភាពអង្កេតតាមដានសេដ្ឋកិច្ចតំបន់របស់អង្គភាពស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ានបូក៣(AMRO) ក៏ដូចជាពិភាក្សាលើវឌ្ឍនភាពនៃកិច្ចការពាក់ព័ន្ធការធ្វើឲ្យប្រសើរឡើងនូវដំណើរការ និងការត្រៀមរួចរាល់នៃយន្តការពហុនីយកម្មគំនិតផ្តួចផ្តើមឈៀងម៉ៃ (CMIM) ដែលយន្តការសុវត្ថិភាពហិរញ្ញវត្ថុតំបន់មួយរបស់ប្រទេសជាសមាជិកអាស៊ានបូក៣ សម្រាប់ជួយប្រទេសជាសមាជិកនៅពេលជួបវិបត្តិហិរញ្ញវត្ថុ។ បន្ថែមពីនេះ អង្គប្រជុំក៏នឹងពិនិត្យលើវឌ្ឍនភាពនៃសហប្រតិបត្តិការនៅក្នុងយន្តការគំនិតផ្តួចផ្តើមទីផ្សារសញ្ញាប័ណ្ណអាស៊ានបូក៣ (ABMI)ផងដែរ។
ដោយឡែក ចំពោះកិច្ចប្រជុំប្រចាំឆ្នាំរបស់ ADB លើកទី៥២ នៅក្នុងឆ្នាំ២០១៩នេះ លោក វង្សី វិស្សុតក្នុងនាមជាអនុប្រធានក្រុមប្រឹក្សាទេសាភិបាល ADBនឹងចូលរួមដឹកនាំកិច្ចប្រជុំ ដើម្បីពិនិត្យលើលទ្ធផលការងាររបស់ADB នៅក្នុងឆ្នាំ២០១៨ ក៏ដូចជាកិច្ចការមួយចំនួនទៀត ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃប្រតិបត្តិការរបស់ADB ដើម្បីផ្តល់ការឆ្លើយតបទៅនឹងតម្រូវការអភិវឌ្ឍន៍របស់ប្រទេសជាសមាជិក។ ក្រៅពីនេះ លោក វង្សី វិស្សុត ក៏នឹងធ្វើការពិភាក្សាការងារដាច់ដោយឡែកជាមួយឯកឧត្តម Takehiko Nakao ប្រធាន ADB, លោកជំទាវ Victoria Kwakwa អនុប្រធានធនាគារពិភពលោក(WB) និងមន្ត្រីជាន់ខ្ពស់របស់ធនាគារវិនិយោគអឺរ៉ុប (European Investment Bank- EIB) ផងដែរ៕
Source: Kampuchea Thmey Daily
0 Comments