Ad Code

មេដឹកនាំ កម្ពុជា មី​យ៉ាន់​ម៉ា ឯកភាពគ្នា​ពង្រឹង​និង​ពង្រីក​បន្ថែម​ទំនាក់ទំនង​គ្រប់​វិស័យ​



ភ្នំពេញ​ ៖ ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​និង​លោកស្រី អោ​ង សាន​ស៊ូ​ជី (Aung San Suu Kyi)​ទីប្រឹក្សា​រដ្ឋ​នៃ​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា​បាន​ជួប​ប្រជុំ​ទ្វេភាគី​ជាមួយគ្នា​ប្រមាណ​ជាង​១​ម៉ោង​នៅ​វិមាន​សន្តិភាព​ទីស្តីការ​នាយក រដ្ឋមន្ត្រី ​បន្ទាប់ពី​ទទួល​បដិសណ្ឋាកិច្ច​ផ្លូវការ​ធ្វើឡើង​ដោយ​កងកិត្តិយស​ត្រែទ័ព​។ នៅក្នុង​កិច្ច​ពិភាក្សា​គ្នា​នោះ​ភាគី​ទាំងពីរ​បាន​ផ្តោត​សំខាន់ ទៅលើ​ការ​ពង្រឹង​ទំនាក់ទំនង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ឲ្យ​កាន់តែ​ប្រសើរ​ឡើង​និង​សកម្ម​ជាង​មុន​ទៅលើ​វិស័យ​វប្ប​ធ៌​ម អប់រំ សាសនា​សេដ្ឋ កិច្ច និង វិស័យ​ជា​សក្តានុពល​ដែល​ប្រទេស​ទាំងពីរ​មាន។



បើ​តាម​ប្រសាសន៍​លោក អ៊ាង សុផល្លែត ជំនួយការ​ផ្ទាល់​សម្តេច​តេ​ជោ ហ៊ុន សែន ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​បន្ទាប់​ពី​ជំនួប​នោះ​បាន​បង្ហាញ​ថា នៅក្នុង​ជំនួប​នោះ​លោកស្រី អោ​ង សាន​ស៊ូ​ជី បាន​ជម្រាបជូន​សម្តេច​តេ​ជោ​ថា​ នេះ​គឺជា​លើក​ទី១ ហើយ​ដែល​លោកស្រី​បាន​មក​បំពេញ ទស្សនកិច្ច​នៅ​កម្ពុជា និង ជួប​ចរចា​ជាមួយនឹង​សម្ដេច​តេ​ជោ ហ៊ុន សែន ដោយ​ផ្តោត​ជាពិសេស​ទៅលើ​ការពង្រឹង និង ពង្រីក​ទំនាក់ទំនង​ទ្វេ ភាគី​រវាង​ប្រទេស​ទាំងពីរ ឲ្យ​កាន់តែ​រីកចម្រើន​ខ្លាំង​ឡើង ហើយ​កាន់តែ​សកម្ម​ឡើង​ថែមទៀត។ ក្នុង​ន័យ​នេះ​លោកស្រី​បាន​លើក​ឡើង​ពី​កិច្ច សហប្រតិបត្តិការ​លើ​វិស័យ​វប្បធម៌ វិស័យ​សាសនា វិស័យ​អប់រំ ដូចជា​វិស័យសេដ្ឋកិច្ច ដែល​ប្រទេស​ទាំងពីរ​មាន។



ជា​ការ​ឆ្លើយតប​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​បាន​ស្វាគមន៍​ចំពោះ​ការ​លើក​ឡើង​នូវ​កិច្ច​សហប្រតិបត្តិការ​សំខាន់ៗ​រវាង​ប្រ​ទេស​ទាំងពីរ ដែល​លោកស្រី អោ​ង សាន​ស៊ូ​ជី បាន​លើក​ឡើង។ សម្ដេច​តេ​ជោ ហ៊ុន សែន បាន​សង្កត់ធ្ងន់​ថា ​ទាក់ទង​ទៅ​នឹង​បញ្ហា​វប្បធម៌​នៅ ឆ្នាំ២០២០ ខាងមុខនេះ​គឺជា​ខួប ៦៥​ឆ្នាំ នៃ​ការបង្កើត​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​ទាំងពីរ ដូច្នេះ​យើង​គប្បី​ណា​រៀបចំ​រួមគ្នា​នូវ​សកម្មភាព ឲ្យ​មាន​ភាព​អធិកអធម​ផង​ដែរ និង​ជំរុញ​វិស័យ​ទេសចរណ៍​រវាង​ប្រទេស​ទាំងពីរ​ផង ជាពិសេស​ការ​តភ្ជាប់​ខេត្តសៀមរាប និង​ខេត្ត​បាកាន របស់ មី​យ៉ាន់​ម៉ា ដែល​ជា​ខេត្ត​ពោរពេញ​ទៅ​ដោយ​ប្រាង្គ​ប្រាសាទ​បេតិកភណ្ឌ។



ពាក់ព័ន្ធ​ទៅ​នឹង​បញ្ហា​សាសនា​សម្ដេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែង អំណរគុណ​ដល់​សហភាព​មី​យ៉ាន់​ម៉ា​ដែល​អនុញ្ញាត​ឲ្យ​កម្ពុជា​សាងសង់​ព្រះវិហារ​មួយ​កន្លែង​នៅ​ប្រទេស​មី​យ៉ាន់​ម៉ា ហើយ​បាន​អរគុណ​ផងដែរ ចំពោះ​ការ​បណ្តុះបណ្តាល​សមណ​សង្ឃ​កម្ពុជា​ដែល​រហូតមកដល់​បច្ចុប្បន្ន​នេះ​គឺ​មាន​សមណ​សង្ឃ​ចំនួន ៩៤ អង្គ​ហើយ​ដែល​បាន​បញ្ចប់​ការ សិក្សា​នៅ​មី​យ៉ាន់​ម៉ា ហើយ​នៅ​មាន​ចំនួន​៤​អង្គ​ទៀត​កំពុង​បន្ត​ការសិក្សា​នៅ​ទីនោះ​។



ពាក់ព័ន្ធ​ទៅ​នឹង​វិស័យ​អប់រំ​សម្ដេច​តេ​ជោ ហ៊ុន សែន បាន​ស្នើ​សុំ​ឲ្យ​មានការ​ជំរុញ​អនុវត្ត​នូវ​កិច្ចព្រមព្រៀង​ដែល​បាន​ចុះហត្ថលេខា​ជាមួយគ្នា រវាង​ប្រទេស​ទាំងពីរ​រួចហើយ។ ពី​នោះ​ទៅទៀត​ក៏​សូម​ឲ្យ​មានការ​ផ្លាស់ប្ដូរ​និស្សិត​កម្ពុជា​និង​និស្សិត​មី​យ៉ាន់​ម៉ា​ទៅវិញទៅមក ដែលមាន​ការ​គាំទ្រ​ពី​រដ្ឋាភិបាល​ប្រទេស​ទាំងពីរ។ ក្នុង​ឱកាស​នេះ​សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​ប្រកាស​ផ្តល់​អាហារូបករណ៍​ចំនួន ១០ កន្លែង​ដល់​និស្សិត មី​យ៉ាន់​ម៉ា ក្នុង​ការ​មក​សិក្សា​នៅ​កម្ពុជា​សម្រាប់​ឆ្នាំ ២០១៩-២០២០។



ពាក់ព័ន្ធ​ទៅ​នឹង​វិស័យសេដ្ឋកិច្ច​សម្ដេច​តេ​ជោ ហ៊ុន សែន បាន​ស្នើ​សុំ​ឲ្យ​មានការ​ត្រួតពិនិត្យ​លើ​បញ្ហា​យកពន្ធ​ត្រួត​គ្នា​រវាង​ប្រទេស​ទាំងពីរ និង ពង្រីក​កិច្ច​សហប្រតិបត្តិការ​ថែមទៀត​ទៅ​វិស័យ​ដទៃទៀត​ដែល​ប្រទេស​ទាំងពីរ​មាន​សក្តានុពល។ ជាពិសេស​បង្កើន​ទំហំ​ពាណិជ្ជកម្ម ពី ១០ លាន​ដុល្លារ​ឲ្យ​បាន​កាន់តែ​ធំ​ឡើង​ច្រើនជាង​មុន។ រាល់​កិច្ច​ការដែល​បាន​លើក​ឡើង​ខាង​លើ​នេះ​លោកស្រី និង សម្ដេច​តេ​ជោ​បាន​ឯកភាព​គ្នា ជំរុញ​វិស័យ​សំខាន់ៗ​ទាំងនេះហើយ​ក៏​បានផ្ដល់​ការទុកចិត្ត​ឲ្យ​រដ្ឋមន្ត្រី​នៃ​ប្រទេស​ទាំងពីរ ដើម្បី​ធ្វើ​ការងារ​ជា​បន្តទៀត​។



សូម​ជម្រាប​ជូន​ថា ​នៅ​រយៈពេល​៦​ខែ​ឆ្នាំ ២០១៨ ទំហំ​ពាណិជ្ជកម្ម​កម្ពុជា​-​មី​យ៉ាន់​ម៉ា​មាន ៤.៥៣​លាន​ដុល្លារ ក្នុងនោះ​កម្ពុជា​នាំចេញ​ទៅ​មី​យ៉ាន់​ម៉ា​មាន​ចំនួន​៨៦​ម៉ឺន​ដុល្លារ ​ខណៈ​មី​យ៉ាន់​ម៉ា​នាំ​ចូល​មក​កម្ពុ​ជាមាន​៣.៦៧​លាន​ដុល្លារ​។



គួរ​បញ្ជាក់​ថា លោកស្រី អោ​ង សាន​ស៊ូ​ជី បាន​អញ្ជើញ​មកដល់​ប្រទេស​កម្ពុ​ជា កាល​ពី​ល្ងាច​ថ្ងៃទី ២៩ ខែ មេសា ដើម្បី​បំពេញ​ទស្សនកិច្ច​ជា​លើក ដំបូង​នៅ​កម្ពុជា​បន្ទាប់ពី​លោកស្រី​ត្រូវ​បានតែងតាំង​ជា​ទៅ​ប្រឹក្សា​រដ្ឋ​នៃ​សហភាព​មី​យ៉ាន់​ម៉ា​កាលពី​ឆ្នាំ២០១៦។ នៅ​ម៉ោង​ប្រមាណ​៨និង៥០ នាទី​ព្រឹក​ ថ្ងៃទី​៣០ ខែមេសា ឆ្នាំ​២០១៩​នេះ លោកស្រី​ត្រូវ​បាន​ទទួល​បដិសណ្ឋារកិច្ច​ជា​ផ្លូវការ នៅ​វិមាន​សន្តិភាព​ទីស្តីការ​នាយករដ្ឋមន្ត្រី​ដោយ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​។



យោង​តាម​កម្មវិធី​គ្រោងទុក​នា​ព្រឹក​នេះ​ លោកស្រី អោ​ង សាន​ស៊ូ​ជី និង​អញ្ជើញ​ជួប​សំដែង​ការ​សម​ចំពោះ​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា។ ចូល​ជួប​សំដែង​ការគួរសម​ជាមួយ​សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធាន​ព្រឹទ្ធសភា និង​ចូល​ក្រាប​បង្គំ​គាល់​ព្រះករុណា ព្រះបាទ​សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង ចូល​ក្រាប​បង្គំ​គាល់ សម្តេចព្រះ​មហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជ​មាន​ជាតិខ្មែរ។ បន្ទាប់មក​នៅ​ថ្ងៃទី ១ ខែ ឧសភា លោកស្រី​និង​គណប្រតិភូ​អញ្ជើញ​ទស្សនា​ប្រាសាទ​អង្គរ វត្ត នៅ​ខេត្តសៀមរាប មុន​អញ្ជើញ​ចាក​ចេញពី​កម្ពុជា ធ្វើ​មាតុភូមិនិវត្តន៍។



ទំនាក់ទំនង​ទ្វេភាគី​រវាង​ប្រទេស​ទាំងពីរ សាធារណរដ្ឋ​មី​យ៉ាន់​ម៉ា​ជាមួយ​កម្ពុជា​នៅ​ថ្ងៃ​១២ កក្កដា ឆ្នាំ​១៩៥៥ ហើយ​ត្រូវ​បាន​បាន​ផ្តាច់​ទំនាក់ ទំនង​ការទូត​ម្តង​នៅ​ថ្ងៃទី ១៦ កុម្ភៈ ឆ្នាំ​១៩៧៤ ដោយសារ​សង្គ្រាម​និង​របប​ខ្មែរក្រហម។ នៅ​ថ្ងៃ ៩ កុម្ភៈ ឆ្នាំ​១៩៩៤​ មី​យ៉ាន់​ម៉ា​បាន​ភ្ជាប់​ទំនាក់ទំនង​ការទូត​ជាថ្មី​ជាមួយ​កម្ពុជា។ ​នៅ​ថ្ងៃ​១៦ មីនា ឆ្នាំ​១៩៩៩ មី​យ៉ាន់​ម៉ា​បាន​បើក​ស្ថានទូត​នៅ​ភ្នំពេញ​ឡើងវិញ​។ នៅ​ថ្ងៃ​០៥ កក្កដា ឆ្នាំ​១៩៩៩ កម្ពុជា​បាន​បើក​ស្ថានទូត​នៅ​មី​យ៉ាន់​ម៉ា​ឡើងវិញ​។ កម្ពុជា​-​មី​យ៉ាន់​ម៉ា កំពុង​ពិនិត្យ​លទ្ធភាព​រៀបចំ​កម្មវិធី​រួម​ដើម្បី​អបអរសាទរ​ខួប​លើក​ទី​៦៥ នៃ​ការបង្កើត​ទំនាក់ទំនង​ការទូត​ក្នុង​ឆ្នាំ​២០២០ ខាងមុខនេះ។



នេះ​ជា​លើក​ទី​១​ដែល​លោកស្រី អោ​ង សាន​ស៊ូ​ជី ទីប្រឹក្សា​រដ្ឋ​មី​យ៉ាន់​ម៉ា បាន​អញ្ជើញ​មក​ទស្សនកិច្ច​នៅ​កម្ពុជា​បន្ទាប់ពី​មេដឹកនាំ​ជាន់ខ្ពស់​មួយ​ចំនួន​ទៀត​របស់​មី​យ៉ាន់​ម៉ា​ធ្លាប់​មក​បំពេញ​ទស្សនកិច្ច​រួចហើយ ក្រោយ​មី​យ៉ាន់​ម៉ា​បិទ​ស្ថានទូត​របស់ខ្លួន​នៅ​ចន្លោះ​ឆ្នាំ​១៩៧៤​និង​បើក​ឲ្យ​ដំណើរ​នៅ​ឆ្នាំ​១៩៩៤៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu