លោកConor Nestor គ្រូបង្គោលរបស់ក្លិបព្រះខ័នរាជស្វាយរៀង កំពុងតែដឹកនាំក្រុមដណ្តើមបានជ័យជម្នះ៥លើកជាប់ៗគ្នាហើយនៅរដូវកាលឆ្នាំ២០១៩ (Metfone Cambodian League 2019) ខណៈប្រកួតចុងក្រោយក្រុមមកពីខេត្តស្វាយរៀង មួយនេះបានយកឈ្នះលើក្រុមបាល់ទាត់ម្ចាស់ផ្ទះអគ្គីសនីកម្ពុជា ដោយលទ្ធផល១ទល់០។
ក្រោយបញ្ចប់ការប្រកួតគ្រូបង្វឹកលោក Conor Nestor បានឆ្លើយប្រាប់អ្នកសារព័ត៌មានថា « យើងទទួលបាន៣ពិន្ទុពេលយកឈ្នះ ភ្នំពេញក្រោន ហើយយើងក៏បាន៣ពិន្ទុម្តងទៀតនៅប្រកួតនេះ។ ខ្ញុំពិតជារីករាយមែនទែន។ ទោះបីជាលទ្ធផលជ័យជម្នះ ៥ទល់១ គឺនៅតែ៥ទល់១ ប៉ុន្តែនៅតែជា៣ពិន្ទុ អ្វីយើងចង់បានគឺ៣ពិន្ទុ»។
ស្របគ្នានោះដែរគេសង្កេតឃើញក្លិប ព្រះខ័នរាជស្វាយរៀង បានផ្លាស់ប្តូរសមាសភាពកីឡាករ១១នាក់ដំបូងដោយបានឲ្យកីឡាករ ប្រាក់ មុន្នីឧត្តម និងខ្សែការពារ នេន សុធារដ្ឋ នៅកៅអីបម្រុង។ គ្រូបង្វឹកជនជាតិអៀកឡង់ខាងលើបានបន្ថែមថា «ប្រាក់ មុន្នីឧត្តម ត្រូវការសម្រាកខ្លះ និងនេន សុធារដ្ឋ ត្រូវបានរ៉ាប់រងដោយ ត្រាយ វិចិត្រ ធ្វើការខ្លាំងក្នុងការដណ្តើមបានកៅអី១១នាក់ដំបូង»។
គ្រូបង្វឹកដែលកាន់អាជ្ញាប័ណ្ណគ្រូបង្វឹកកម្រិត UEFA A License រូបនេះបានបង្ហាញពីហេតុផលពីការជ្រើសរើសកីឡាករដាក់ឲ្យចូលប្រកួតថា «ដោយស្មោះត្រង់គឺមិនមែននោះទេ យើងជ្រើសរើសកីឡាករទាំងអស់ដែលអាចយកឈ្នះការប្រកួតបាន។ ដូច្នេះបើកីឡាករវ័យក្មេងរូបណាសាកសមក្នុងការលេង រូបគេនឹងបានលេង មិនមែនពឹងផ្អែកលើហេតុផលដោយសាររូបគាត់ក្មេងពេក និងត្រូវការបទពិសោធន៍បន្ថែមនោះទេ»។
គិតត្រឹមពេលនេះក្រុមព្រះខ័នរាជស្វាយរៀង កំពុងឈរកំពូលតារាងបណ្តោះអាសន្នមាន១៥ពិន្ទុក្នុងដៃច្រើនជាងគេ បើធៀបនឹងសមាជិកទាំង១៤ក្រុម។ ព្រះខ័នរាជស្វាយរៀង បានយកឈ្នះលើក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ ២ទល់០ ហើយឈ្នះម្ចាស់ផ្ទះសូលទីឡូអង្គរ ១ទល់០ បន្តឈ្នះក្រុមគីរីវង់សុខសែនជ័យ ២ទល់០ ឈ្នះភ្នំពេញក្រោន ៥ទល់១ និងចុងក្រោយឈ្នះអគ្គីសនីកម្ពុជា ១ទល់០។ ចំណែកប្រកួតបន្ទាប់វិញក្រុមព្រះខ័នរាជស្វាយរៀង ត្រូវប៉ះក្រុមអង្គរថាយហ្គឺរ នៅវេលាម៉ោង៦ល្ងាចថ្ងៃទី៥១ ខែឧសភា ឆ្នាំ២០១៩ លើទីលានកីឡដ្ឋានខេត្តស្វាយរៀង ក្នុងសប្ដាហ៍ទី៦នៃពានរង្វាន់លីគកំពូលកម្ពុជា៕
Source: Kampuchea Thmey Daily
0 Comments