បាត់ដំបង ៖ យ៉ាងហោចណាស់ក៏មានយុវជនម្នាក់ដែរ ដែលបានស្លាប់ភ្លាមៗនៅនឹងកន្លែង ក្នុងចំណោមពួកគេទាំង ២ នាក់ ខណៈដែលពួកគេបានបោះពួយម៉ូតូនៅលើកំណាត់ផ្លូវកោង ហើយបានជ្រុលទៅបុកនឹងរថយន្តដែលកំពុងធ្វើដំណើរច្រាស់គ្នា។
លោកអធិការរង ឌឿន សម្បត្តិ បានបញ្ជាក់ថា ករណីគ្រោះថ្នាក់ចរាចរណ៍ដែលបង្កឡើងដោយភាគីម៉ូតូនេះ គឺបានកើតឡើង នា ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង៣ នឹង ២០ នាទី រសៀល នៅចំណុចក្រុមទី៨ ភូមិចាមរអា ឃុំព្រៃស្វាយ ស្រុកមោងឫស្សីខេត្តបាត់ដំបង លើកំណាត់ផ្លូវក្រាលកៅស៊ូ ទៅស្រុករុក្ខគីរី។
លោកអធិការរងបានបន្តថា នៅមុនពេលកើតហេតុ គឺមានម៉ូតូ ១ គ្រឿងម៉ាក ហុងដាឌ្រីម ធុនសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៩ ជិះគ្នា ២ នាក់ ដែលបើកបរដោយឈ្មោះ សាន់ រ៉ាទី ភេទប្រុស អាយុ១៥ឆ្នាំ មានទីលំនៅភូមិស្រម៉មាស (ចាស់) ឃុំព្រៃស្វាយ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ព្រមទាំងអ្នករួមដំណើរឈ្មោះ ឡឹប សេន ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅភូមិ ឃុំ ជាមួយគ្នា បានធ្វើដំណើរចេញពីស្រុករុក្ខគិរី ឆ្ពោះទៅកាន់ផ្លូវជាតិលេខ៥។
ប្រភពដែលនៅទីនោះក៏បានបន្ថែមថា លុះមកដល់ផ្លូវកោងដែលជាចំណុចកើតហេតុខាងលើ ក៏បានជ្រុលទៅបុកនឹងរថយន្ត ១ គ្រឿងម៉ាក តូយូតាកាមរី ឆ្លាម ពាក់ស្លាកលេខ ភ្នំពេញ 2G-7266 ដែលបើកបរដោយឈ្មោះ មីន ឆៃយ៉ា ភេទប្រុស អាយុ៤១ឆ្នាំ មានទីលំនៅភូមិព្រៃខ្លូត ឃុំព្រៃត្រឡាច ស្រុករុក្ខគិរី ខេត្តបាត់ដំបង ដែលរថយន្តនេះកំពុងធ្វើដំណើរច្រាស់ទិសគ្នា បណ្តាលឲ្យ ស្លាប់អ្នកបើកបរម៉ូតូ ឯអ្នករួមដំណើរក៏រងរបួសដែរ។
បច្ចុប្បន្នសព ត្រូវបានសមត្ថកិច្ចប្រគល់ទៅឲ្យក្រុមគ្រួសារនាំយកទៅធ្វើបុណ្យហើយចំណែកមធ្យោបាយ ក៏បានបញ្ជូនទៅការិយាល័យជំនាញ ចរាចរណ៍ផ្លូវគោកខេត្តបាត់ដំបងដើម្បីចាត់វិធានការតាមច្បាប់៕
Source: Kampuchea Thmey Daily
0 Comments