ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញសហការជាមួយទីក្រុងប៉ារីសបានបើកសិក្ខាសាលាបច្ចេកទេសស្តីពីប្លង់អភិវឌ្ឍន៏តំបន់ប៉ែកខាងត្បូងរាជធានីភ្នំពេញ និង គម្រោងសិក្សាកែលំអតីរវិថីព្រះស៊ីសុវត្ថិឲ្យបានល្អប្រសើរទៅតាមកំណើនប្រជាជនទីក្រុង បង្កលក្ខណៈឲ្យពួកគាត់រស់នៅតាមបែបស៊ីវិល័យ នៃទីក្រុងវៃឆ្លាត។
សិក្ខាសាលានេះ បានធ្វើឡើងកាលពីព្រឹកថ្ងៃទី៣០មេសានេះ នៅសាលារាជធានីភ្នំពេញ ដោយមានការអញ្ជើញ ចូលរួមពី លោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងលោក ស្រីអេឡូឌី គូយកា តំណាងទីក្រុងប៉ារីស។
សិក្ខាសាលានេះ ធ្វើឡើងក្រោមកិច្ចសហការ ទ្វេភាគីលើវិស័យនគររូបនីយកម្មក្នុងន័យជំរុញការគិតគូរអំពីបញ្ហាលំហសាធារណៈ អនាម័យ.បរិស្ថាននិងសោភណ្ឌភាពទីក្រុងដើម្បីឆ្លើយតបទៅនឹងគោលការណ៍ នគររូបនីយបញ្ញាតិ និងភាពរីកចម្រើនយ៉ាងឆាប់រហ័សរបស់រាជធានីភ្នំពេញ។
លោក ឃួង ស្រេង បានថ្លែងថា ការសិក្សាបច្ចេកទេសនេះ គឺធ្វើឡើងបន្តពីការសិក្សាដែលរដ្ឋបាលរាជធានីភ្នំពេញបានធ្វើឡើងអស់រយៈពេលជាង២ឆ្នាំមកហើយ។ សិក្ខាសាលានេះ ក្នុងគោលបំណងរកធាតុចូល,ការចូលរួមផ្ដល់មតិយោបល់ បទពិសោធន៍ បំពេញបន្ថែមផ្នែកបច្ចេកទេសនិងគោលការណ៍ច្បាប់ដែលត្រូវលើកយកមកពិភាក្សា។
លោកឃួង ស្រេង បន្តថា ការពិភាក្សាបានធ្វើឡើងលើ២ចំណុចគឺ ពិភាក្សាទៅលើការកែលំអដងតីរវិថីព្រះស៊ីសុវត្ថិ ដែលក្នុងផ្នែកនេះយើងនឹងពិនិត្យពិភាក្សាលើទិដ្ឋភាពលំហូរចរាចរណ៍,ការសិក្សារៀបចំឲ្យមានការតភ្ជាប់លំហរបៃតងនៅតាមដងទន្លេសាប។ ពិភាក្សាលើការធ្វើសមាហរណកម្មគំរោងអភិវឌ្ឍន៍នៅតំបន់ភាគខាងត្បូងរាជធានីភ្នំពេញ ដែលក្នុងផ្នែកនេះយើងក៏នឹងពិនិត្យពិភាក្សាទៅលើទិដ្ឋភាពនៃការសិក្សារៀបចំឲ្យមានចរន្តតភ្ជាប់រវាងបណ្តាញផ្លូវ និងហេដ្ឋារចនាសម្ព័ន្ធនៃគំរោងអភិវឌ្ឍន៍នានា ដែលនឹងកើតមាននាពេលអនាគត បន្ស៊ីគ្នាទៅនឹងហេដ្ឋារចនាសម្ព័ន្ធមានស្រាប់ និងសិក្សារៀបចំឲ្យមានការតភ្ជាប់រវាងលំហបៃតង និងបណ្តាញការពារទឹកជំនន់រវាងតំបន់ភាគខាងត្បូង និងតំបន់ជុំវិញ។ ធាតុចូលទាំងឡាយដែលទទួលបានតាមរយៈអង្គសិក្ខាសាលាក្នុងពេលនេះ នឹងត្រូវបានប្រើប្រាស់ជាត្រីវិស័យសម្រាប់តម្រង់ទិស និងបំពេញបន្ថែមចំណុចខ្វះខាតដើម្បីឲ្យការសិក្សាប្លង់អភិវឌ្ឍន៍តំបន់ប៉ែកខាងត្បូងរាជធានីភ្នំពេញ និងគំរោងសិក្សាកែលំអតីរវិថីព្រះស៊ីសុវត្ថិឲ្យកាន់តែមានសុក្រឹត្យភាព គ្រប់ជ្រុងជ្រោយនិងមានសនិទានភាពក្នុងការអនុវត្ត៕
Source: Kampuchea Thmey Daily
0 Comments